ទាហានអ៊ីស្រាអែល ២១ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏សាហាវបំផុតមួយ ចាប់តាំងពីសង្គ្រាមហ្គាហ្សា បានចាប់ផ្តើម

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a7-43

a6-46

អន្តរជាតិ៖ កងទ័ពអ៊ីស្រាអែលបាននិយាយថា ទាហាន ២១ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងការវាយប្រហារយ៉ាងបង្ហូរឈាមបំផុតលើកងកម្លាំងរបស់ខ្លួន ក្នុងអំឡុងសង្គ្រាមរយៈពេលបីខែប្រឆាំងនឹងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Daniel Hagari ប្រធានអ្នកនាំពាក្យយោធាបាននិយាយថា ក្រុមអ្នកបម្រុងកំពុងរៀបចំគ្រឿងផ្ទុះដើម្បីកម្ទេចអគារចំនួនពីរនៅកណ្តាលហ្គាហ្សាកាលពីថ្ងៃចន្ទ នៅពេលនោះពួកសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារដោយគ្រាប់បែកដៃទៅលើរថក្រោះនៅក្បែរនោះ។ ការបំផ្ទុះនេះបាន បង្កឱ្យអគារពីរជាន់រលំសង្កត់លើទាហានដែលនៅខាងក្នុងរថក្រោះនោះ។ ចំនួនអ្នកស្លាប់នេះនឹងបន្ថែមកម្លាំងជំរុញថ្មី ក្នុងការអំពាវនាវឱ្យអ៊ីស្រាអែលផ្អាកការវាយលុករបស់ខ្លួន ឬបញ្ឈប់វាទាំងស្រុង។ ចំនួនដ៏ច្រើននៃអ្នកស្លាប់ និងរបួសរបស់អ៊ីស្រាអែលក៏ធ្លាប់បានដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែលឱ្យបញ្ឈប់ប្រតិបត្តិការយោធាកន្លងមកផងដែរ។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្តេជ្ញាថានឹងបន្តទៅមុខរហូតទាល់តែអ៊ីស្រាអែល វាយកម្ទេចចលនាហាម៉ាសទាំងស្រុង និងទទួលបានការដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់ដែលកំពុងត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា៕

Comments

Related posts