ប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិល បានបញ្ចប់ការជួសជុលជាស្ថាពរ ហើយអ្នកជំនាញកំពុងបន្តកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ជាបន្តទៀត

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

IMG_8772

IMG_8775

IMG_8777

IMG_8779

IMG_8780

IMG_8783

IMG_8782

IMG_8778

MC. បន្ទាប់ពីបានចំណាយពេលវេលាជួសជុលអស់រយៈពេលជាច្រើនខែមក នាចុងឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់រួចរាល់ការជួសជុលប្រាសាទតាព្រហ្មកិល ឱ្យងើបឈរបង្ហាញរូបរាងជាថ្មីឡើងវិញ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់ក្រោយ។
អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!
  លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានឱ្យដឹងថា នៅក្នុងដំណើរការជួសជុលប្រាសាទតាព្រហ្មកិល បានចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយ គឺការសិក្សាស្រាវជ្រាវ គូរប្លង់ និងកំណាយស្រាវជ្រាវ។ ដំណាក់កាលទីពីរ បានចាប់ផ្តើមតាំងពីអំឡុងខែមីនា មកដល់ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ បានបញ្ចប់ការងារជួសជុល ធ្វើឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទបានរឹងមាំជាងពេលមុន ដែលធ្លាប់តែទ្រេត បាក់ធ្លាក់ និងទល់ទ្រជាញឹកញាប់។ 
ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល បានបញ្ជាក់ថា ប្រាសាទនេះបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច ដូច្នេះចំពោះការងារជួសជុលគឺពង្រឹងរចនាសម្ព័ន្ធនៃជ្រុងដែលបាក់ធ្លាក់ឱ្យរឹងមាំឡើងវិញ ដោយមានជំនួសនូវថ្មថ្មីខ្លះៗ។
លោកម៉ៅ សុខនី បន្ថែមថា មកដល់ពេលនេះ ក្រុមការងារកំពុងរៀបចំជាវង់ទស្សនាសម្រាប់ភ្ញៀវ នឹងសម្អាតប្រព័ន្ធលូទឹក ដើម្បីឱ្យហូរចូលទៅក្នុងស្រះផ្នែកខាងជើង និងរៀបចំទីធ្លាប្រាសាទឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីងាយស្រួលភ្ញៀវដើរទស្សនា។
ដោយសារប្រាសាទតាព្រហ្មកិលនេះ គឺជាមន្ទីរពេទ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងមើលទៅរូបចម្លាក់មួយចំនួនមានភ័ស្តុតាងច្រើននៅទីនេះ អ៊ីចឹងធ្វើឱ្យប្រាសាទហ្នឹងមានភាពទាក់ទាញភ្ញៀវច្រើន ហើយរចនាសម្ព័ន្ធក៏វារឹងមាំជាងពីមុន ពីមុនវាទ្រេតផង ទ្រុឌទ្រោមច្រើន យើងទល់ទ្រពីរបីឆ្នាំទល់ទ្រម្តងៗ អ៊ីចឹងយើងធ្វើនេះ យើងលែងទល់ទ្រទៀតហើយ យើងគ្រាន់តែថែទាំដូចជាបោចស្មៅ និងដកកូនឈើតែប៉ុណ្ណឹង។ 
សម្រាប់ផែនការបន្ទាប់ ក្រុមអ្នកជំនាញកំពុងសិក្សាទៅលើគម្រោងជួសជុលពង្រឹងខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មកិល ជួសជុលពង្រឹងខឿនបណ្ណាល័យ ផ្នែកខាងត្បួង នៃជ្រុងអាគ្នេយ៍ និងរៀបចំស្រះទឹកនៅជ្រុងឦសានឱ្យមានរូបរាងឡើងវិញ។ បន្ទាប់ពីផែនការជួសជុល និងរៀបចំ តាមផ្នែកនីមួយៗរួចរាល់ហើយ អ្នកជំនាញរំពឹងថា នឹងមានភ្ញៀវទេសចរចូលមកទស្សនាច្រើន។
សូមជម្រាបថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ។ កសាងឡើងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តរាជ។ ប្រាសាទនេះ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើង នៃប្រាសាទអង្គរវត្ត៕

Comments

Related posts