នៅខាងមុខប្រាសាទបាយ័ន នឹងមានស្រះទឹកឡើងវិញដូចកាលពីសម័យបុរាណ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤

a16-69

a9-153

a10-124

a11-129

a12-123

a13-108

a15-79

MC. ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័នដែលគេជឿថា ពីមុន គឺជារចនាសម្ពន្ធរបស់ស្រះទឹកបុរាណ។ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះស្ដុកទឹកឡើងវិញឱ្យដូចកាលពីសម័យបុរាណ។ អ្នកយកព័ត៌មានយើងប្រចាំខេត្ត
   លោក ខៀវ ច័ន្ទ បុរាណវិទូ មាន ប្រសាសន៍ថា កំណាយដែលក្រុមការងារកំពុងធ្វើនោះ គឺជាកំណាយសង្គ្រោះដែលជាគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សិក្សា ដើម្បីចង់ដឹងឱ្យប្រាកដ ថាតើរចនាសម្ពន្ធរបស់ស្រះកាលពីសម័យបុរាណមានទំហំប៉ុណ្ណា? តើមានអ្វីខ្លះនៅតាមច្រាំង និងមាត់ស្រះ? តើអាចម៍ដីដែលលុបស្រះនេះ គឺជាដីដែលហូរច្រោះមកតាមទឹកឬក៏ជាអាចម៍ដីដែលគេចាក់លុបនៅក្រោយពេលដែលអង្គរត្រូវគេបោះបង់ឋានៈជារាជធានី?។
លោក ខៀវ ច័ន្ទ ឱ្យដឹងទៀតថា ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាអំពីទំនាក់ទំនងរវាងស្រះទឹក និងកំពែងបុរាណ ដើម្បីឱ្យប្រាកដថាតើរចនាសម្ពន្ធរបស់ស្រះទឹកសម័យបុរាណនោះ មានទំហំត្រឹមណាឱ្យពិតប្រាកដ?។
សំឡេង៖យើងគិតថាធ្វើកំណាយនៅទីនេះមានបីរណ្តៅធំៗ ទីមួយយើងគិតថាចំពាក់កណ្តាលស្រះ មានទទឹងមួយម៉ែត្រកន្លះ បណ្តោយ២៣ម៉ែត្រ ព្រោះយើងសិក្សាពីទំនាក់ទំនងស្រះ ជាមួយកំពែង ហើយជាមួយដីនៅខាងកើតកំពែង ដែលយើងយល់ថានៅខាងក្រៅកំពែង សម័យកណ្តាលថាវាមានទំនាក់ទំនងយ៉ាងម៉េច ហើយខាងណោះវាជាស្រះឬក៏ជាប្រឡាយដើម្បីដឹង ហើយពីរណ្តៅទៀត យើងជីកមួយទៅខាងជើង មួយទៅខាងត្បូង ដែលយើងសន្និដ្ឋានប្រហែលជា ជ្រុងរបស់ស្រះ មួយនៅជ្រុងអាគ្នេយ៍ មួយទៀតនៅជ្រុងឦសាន ដើម្បីរកពីទំហំពីរចនាសម្ពន្ធស្រះពិតប្រាកដ។
ក្រុមអ្នកបុរាណវិទូរឱ្យដឹងថា នៅពេលណាដែលអ្នកជំនាញបានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះ គឺក្រុមការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅប្រាសាទបុរាណបាយ័នឱ្យដូចសម័យកាលបុរាណឡើងវិញ៕

Comments

Related posts