ខឿនរួតទី៣ ជ្រុងនិរតីនៃប្រាសាទបាយ័ន បានប្រែមកជារឹងមាំស្រស់ស្អាត បន្ទាប់ពីបញ្ចប់ការជួសជុលជាស្ថាពរ

 

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤

IMG_9221

IMG_9229

IMG_9230

IMG_9226

IMG_9223

IMG_9222

IMG_9227

IMG_9225

IMG_9228

 

MC. ក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ ដោយបានធ្វើឱ្យរចនាសម្ព័ន្ធនៅខឿននេះមានភាពរឹងមាំឡើងវិញ។

    កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន បានឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យនៅខឿនជ្រុងនិរតី នៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿនដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល១២ម៉ែត្រ ដោយក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។ កញ្ញាថា ការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣ មកដល់ពេលនេះបានឈានដល់ការសម្រេចជាស្ថាពរហើយ គឺនៅសល់តែការងារតិចតួច ដូចជា ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញនៅតាមមុខតំណថ្មតែប៉ុណ្ណោះ។

   កញ្ញា ម៉េង សុវណ្ណលីលីន បន្តទៀតថា ខឿនជ្រុងខាងត្បូងផ្នែកខាងលិចរបស់រួតទី៣នៃប្រាសាទ បាយ័ន បានរងខូចខាតខ្លាំងដោយសារតែមូលហេតុជាច្រើនដូចជា ឫសឈើបានដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទឹកហូរច្រោះចូលទៅតាមប្រហោងថ្មដោយនាំល្បាយដីខ្សាច់ចេញមកក្រៅបណ្ដាលឱ្យខឿននេះហែកក្រៀកមួយចំនួន។ ម្យ៉ាងទៀត បារាំងធ្លាប់បានជួសជុលដោយប្រើបាយអស៊ីម៉ង់ត៍ទៅបិទបំពេញនៅតាមចន្លោះថ្មកម្រាល។ ប៉ុន្តែ មកដល់បច្ចុប្បន្នបាយអនោះអស់គុណភាព ហើយបានធ្វើឱ្យខឿនរួតទី៣ របស់ប្រាសាទបាយ័ននៅតែប្រឈម នឹងហានិភ័យជាថ្មី។

លើប្រាសាទបាយ័នយើងឃើញមានហានិភ័យច្រើនដែរ ដោយសារបច្ចេកទេសនៃការសាងសង់មានការផ្លាស់ប្តូរច្រើន អ៊ីចឹងយើងឃើញប្លែករហូត ហើយការជួយនេះគ្រាន់តែជួយមួយផ្នែកឱ្យកាត់បន្ថយហានិភ័យ  និងឱ្យរឹងមាំ តែបើទាំងស្រុងដោយពេលដែលទើបសាងសង់ប្រាសាទពីដំបូងគឺមិនអាចទេ។

សូមជម្រាបថា ប្រាសាទបាយ័ន មានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលខ្លោងទ្វារចូល៥ទៀត សរុបទាំងអស់ ៥៤កំពូល ដែលតំណាងឱ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ បច្ចុប្បន្នប្រាសាទបាយ័ន គឺជាទីកន្លែងដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាកម្សាន្ត៕

Comments

Related posts