ថ្មជាង៤០០ដុំ គរនៅទីតាំងខាង ត្បូងឆៀងខាងលិចប្រាសាទបាយ័ន ត្រូវបានកំណត់អត្តសញ្ញាណ និងស្គាល់ទីតាំងដើម

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤

a40-10

a41-10

a42-8

a43-7

a44-7

a45-6

    ក្នុងចំណោមថ្មចំនួនប្រមាណ ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទ បាយ័ន។ ប៉ុន្តែចំពោះថ្មជាច្រើនទៀត គេមិនទាន់ដឹងថា មានប្រភពមកពីណានៅឡើយ។
  នេះបើតាមបង្ហាញរបស់ក្រុមអ្នកជំនាញជួសជុលខឿនរួតទី១របស់ប្រាសាទបាយ័ន។
 លោក ញ៉ុក ឡូ ជាអ្នកជំនាញរកថ្មមួយរូប និងជាបុគ្គលិកជួសជុលប្រាសាទរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងដំណើរការរើគំនរថ្មទិសខាងត្បូងប៉ែកខាងលិចរបស់ប្រាសាទបាយ័ននៅជំហានដំបូងនេះ បានរកឃើញថ្ម និងអាចកំណត់អត្តសញ្ញាណជាច្រើនប្រភេទដូចជា ថ្មផ្តែរ ថ្មចិញ្ចើមព្រហ្ម ថ្មទងត្រចៀករបស់ព្រហ្មមុខបួន ថ្មសរសរពេជ្រ ថ្មហោជាង និងដំបូលរបស់ប្រាសាទបាយ័ន។ ដោយឡែក ថ្មមានចម្លាក់ជាទងត្រចៀក ប្របេរ មាត់ទាំងនោះ បានជ្រុះធ្លាក់ពីកំពូលមុខព្រហ្មលេខ២៧ រួមទាំងធ្លាក់ពីថែវទី២ ដែលនៅទល់មុខ និងគំនរថ្មនេះតែម្តង។ អ្នកជំនាញរូបនេះ បញ្ជាក់ទៀតថា ចំពោះដុំថ្មដែលអាចកំណត់អត្តសញ្ញាណបាន គឺត្រូវរៀបទុកមួយផ្នែកសម្រាប់យកមកផ្គុំគ្នាឡើងវិញ។ រីឯថ្មមួយចំនួនទៀត មិនទាន់អាចកំណត់អត្តសញ្ញាណបានត្រូវទុកដាច់ដោយឡែកជាបណ្តោះអាសន្នសិន។
  កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី១ប្រាសាទបាយ័ន ឱ្យដឹងថា មុននឹងឈានដល់ការជួសជុលថ្មកម្រាលដែលស្រុត និងជួសជុលប្រព័ន្ធបង្ហូរនៅទិសខាងត្បូងឆៀងខាងលិចនៅរួតទី១នៃប្រាសាទ បាយ័នឡើងវិញ ជាដំបូងក្រុមការងារត្រូវរើគំនរថ្មដែលនៅខាងក្រោយជញ្ជាំងរោងទងនៃទីតាំងជួសជុលជាចាំបាច់។ ការងារជំហានទី១ គឺត្រូវចុះបញ្ជីថ្មនីមួយៗ និងរើម្តងមួយៗ បែងចែកទៅតាមប្រភេទថ្ម ដើម្បីងាយស្រួលរកតួនាទី និងទីតាំងរបស់វា លើកលែងតែថ្មដំបូលត្រូវយកចេញទៅខាងក្រៅ រៀបគរលើគ្នាឱ្យមានសណ្ដាប់ធ្នាប់ អ្វីដែលយើងចង់បាន គឺរកឃើញផ្នែកខាងលើបំផុតនៃតួប្រាង្គមុខបួន។
តាមដែលយើងមើលទៅ គំនរថ្មនេះភាគច្រើនវាជាប្រភេទថ្មដែលមានមុខព្រហ្ម ហោជាង ដំបូលខ្លះ សសរខ្លះ យើងអត់ទាន់ធ្វើអ្វីទេ យើងនឹងប្រមូលថ្មហ្នឹងយកមកតម្រៀបគ្នានៅទីតាំងដាក់ថ្មបណ្តោះអាសន្ន ធ្វើការផ្គុំសាកល្បង ហើយបើយើងមានលទ្ធភាពមួយទៀតយើងអាចនឹងរើយកថ្មនេះទៅចូលតាំងដើមមុខព្រហ្ម ព្រោះអីយើងឃើញមានបំណែកថ្មខ្លះទាក់ទងនឹងឈូកនៅលើកំពូលព្រហ្ម ហើយយើងក៏អាចសង្ឃឹមដែរ បើយើងអាចរើឃើញព្រះកេសព្រហ្ម ពេលរៀបចូលទីតាំងទៅយើងអាចឃើញរូបរាងទាំងមូលនៃរូបរាងនៃមុខព្រហ្ម នេះគ្រាន់តែយើងគិតបើសិនជាអាចដាក់នៅទីតាំងដើមបាន។
   កញ្ញា ម៉េង សុវណ្ណលីលីន បានបន្ថែមថា ជាផែនការ ក្រុមការងារនឹងព្យាយាមរុករកទីតាំងដើមរបស់គំនរថ្មនីមួយៗ ហើយបើសិនមាន លទ្ធភាពនឹងរៀបចំថ្មដែលរកឃើញទាំងអស់នោះទៅទីតាំងដើមវិញនាពេលអនាគត៕

Comments

Related posts