កំណាយស្រាវជ្រាវខ្លោងទ្វារខាង ត្បូងប្រាសាទតាព្រហ្ម បានរកឃើញថ្ម ជាបន្តបន្ទាប់ និង កំណត់អត្តសញ្ញាណស្ថានភាពគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤

IMG_9845

IMG_9846

IMG_9840

IMG_9842

IMG_9838

IMG_9835

IMG_9833

IMG_9839

 

MC.អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នASI របស់ឥណ្ឌា កំពុងធ្វើកំណាយជួសជុលឡើងវិញខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដើម្បីលើកតម្លៃសំណង់បុរាណឱ្យមានរូបរាងឡើងវិញ។ 

   លោកស្រី នេត ស៊ីមន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា មុនពេលចាប់ផ្តើមការងារជួសជុល ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ( ASI )ក៏បានសិក្សា ប្រមូលព័ត៌មាន មុននឹងឈានទៅដល់ការរុះរើជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម។ លោកស្រីថា នេះគឺជាដំណាក់កាលនៃការជួសជុល ដូច្នេះក្រុមការងារបានរើថ្មនៅផ្ទៃខាងលើទាំងអស់ ដើម្បីចុះបញ្ជីថ្ម ត្រៀមជួសជុលពង្រឹងឡើងវិញ។ 

   លោកស្រីថា ការងារកំណាយស្រាវជ្រាវ មានគោលបំណងសំខាន់ៗដូចជា៖ ១. ស្វែងរកថ្មដែលបានបាត់បង់ ២.សិក្សាអំពីស្ថានភាពគ្រឹះខ្លោងទ្វារ ស្វែងរកមូលហេតុដែលធ្វើឱ្យខ្លោងទ្វារបាក់រលុះទ្រុឌទ្រោម និង៣. ដើម្បីសិក្សាអំពីបច្ចេកទេសនៃការសាងសង់របស់ចាស់បុរាណ ពីរចនាសម្ព័ន្ធគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ។

   លោកស្រី នេត ស៊ីមន បុរាណវិទូបន្តថា ការងារធ្វើកំណាយស្រាវជ្រាវ បានចាប់ផ្តើមតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ មកដល់រយៈពេលជិតពីរខែមកនេះ ក្រុមការងារជីករណ្តៅបានចំនួន៥នៅជុំវិញខឿនរបស់ខ្លោងទ្វារ។ដោយបានជីករណ្តៅខ្លះមានជម្រៅចន្លោះពី៦០ទៅ៧០សង់ទីម៉ែត្រដើម្បីស្វែងរកថ្ម។ លទ្ធផលនៃកំណាយបានរកឃើញថ្មជិត១០០ដុំហើយ។ ប៉ុន្តែអ្នកជំនាញនៅមិនទាន់សន្និដ្ឋានអំពីចំនួនថ្មពិតប្រាកដបាននៅឡើយ ដោយត្រូវរង់ចាំការធ្វើកំណាយឱ្យរួចរាល់សិន ដោយគ្រោងចំណាយពេលប្រហែល៣ខែទើបចប់។មួយវិញទៀតបានកំណត់អត្តសញ្ញាណស្ថានភាពគ្រឹះខាងក្រោមរបស់ខ្លោងទ្វារ ដែលមានសភាពស្រុតខ្លាំង ដោយសារដីធូរ មិនហាប់រឹងមាំ ដូចនៅខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម និងខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី និងបញ្ហាឫសឈើចាក់ចូលទៅកាន់តែជ្រៅទៅក្នុងគ្រឹះខាងក្រោមនៃខ្លោងទ្វារ។

មុននឹងរៀបផ្គុំឡើងវិញ យើងត្រូវព្យាយាមរកថ្មហ្នឹងឱ្យអស់លទ្ធភាព មុនយើងសិក្សាផ្គុំចូលទីតាំងដើមឡើងវិញ អ៊ីចឹងក្រោយពីខាងភាគីឥណ្ឌាគាត់បានសហការជាមួយអាជ្ញាធរជាតិអប្សរា រើថ្មដែលរាយប៉ាយដើម្បីចុះបញ្ជី ជួយជុលពង្រឹងហើយនឹងធ្វើការផ្គុំឡើងវិញ អ៊ីចឹងការងារផ្នែកបុរាណវិទ្យាក៏បានមកសិក្សាស្រាវជ្រាវផ្នែកនៅខាងក្រោមដីនេះ។

អ្នកជំនាញមានក្តីសង្ឈឹមថា ការងារកំណាយទៅថ្ងៃខាងមុខទៀត នឹងអាចរកឃើញថ្មថ្មីបន្ថែមទៀតនៅពេលការងារនេះរួចរាល់ ដើម្បីយកថ្មទាំងនោះមកប្រើប្រាស់គ្រប់ចំនួន ក្នុងការងារជួសជុលពង្រឹងខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះ៕

Comments

Related posts