ពិធីចាប់ត្រីរួមគ្នា សម្រាប់បុណ្យឡើងមាឃ របស់បងប្អូនក្នុងភូមិបង្កោង គឺជាការបន្តថែរក្សាប្រពៃណីវប្បធម៌ដូនខ្មែរ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤

a9-171

a-181

a1-205

a2-206

a3-213

a4-209

a5-202

a6-193

a7-192

a8-180

MC.នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋរាប់ពាន់នាក់ រួមទាំងបងប្អូនអ្នករស់នៅក្នុងភូមិបង្កោងផ្ទាល់ និងអ្នកភូមិខាងក្រៅ ព្រមទាំងភ្ញៀវទេសចរផង បានអញ្ជើញទៅទស្សនាពិធី ចាប់ត្រី នៅក្នុងបឹងសហគមន៍។ ដោយពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃនេះ គឺជាប្រពៃណី ទំនៀមទម្លាប់មួយ ដែលបងប្អូនក្នុងភូមិបង្កោង បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ដែលតែងតែរួមគ្នាប្រារព្ធធ្វើនៅក្នុងខែមាឃ ជារៀង រាល់ឆ្នាំ តពីបុរាណកាលមកមិនដែលខកខានឡើយ។

សម្រាប់ឆ្នាំ២០២៤នេះ ក៏មិនខុសប្លែកពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុមសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមគ្នាយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឈនៅក្នុងពីធីឡើងមាឃ។ ដោយឡែក ត្រីដែលប្រជាពលរដ្ឋរកបានដោយខ្លួនឯងពីក្នុងបឹង អាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។ អ្នកមានសិទ្ធិចាប់ត្រីពីក្នុងបឹងសហគមន៍នេះ ដើមឡើយអនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងអាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅពេលបន្ទាប់។
លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា ខណៈពេលចុះទៅកាន់តំបន់នោះថា ត្បិតអីទិន្នផលត្រីហាក់មានការថយចុះជាងឆ្នាំមុនៗបន្តិច ពោលគឺអាចរកចាប់ត្រីបានប្រមាណ២តោនប៉ុណ្ណោះ ដោយសារស្ថានភាពទឹកមិនសូវអំណោយផលល្អ ប៉ុន្តែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអ្នកនៅក្នុងភូមិ និងអ្នករស់នៅក្រៅភូមិហាក់មានការកើនឡើងច្រើន។ លោកថា ពិធីចាប់ត្រីរួមគ្នាពីក្នុងបឹងសហគមន៍នេះ គឺមានសារៈសំខាន់ណាស់ ព្រោះជាទំនៀមទម្លាប់ប្រពៃណីមួយ ដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ បានប្រកាន់ខ្ជាប់ មិនដែលខកខានឡើយ ពោលគឺ នៅមុនពិធីឡើងមាឃនោះ ក៏មានពិធីចាប់ត្រីរួមគ្នា ពីក្នុងបឹងសហគមន៍ ដែលត្រូវបានអភិរក្ស ថែរក្សាដោយគណៈកម្មការក្នុងភូមិ សម្រាប់យកធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លនំបញ្ចុកនៅក្នុងពិធីឡើងមាឃនោះ។
 ថ្ងៃទី១១យើងចាប់ត្រី ថ្ងៃទី១២យើងទៅធ្វើពិធីបុណ្យឡើងមាឃនៅក្នុងភូមិ ថ្ងៃទី១៣យើងឆ្លងបុណ្យកម្មវិធីឡើងមាឃនៅក្នុងភូមិយើង។ ខ្ញុំអត់ដឹងថាសាសនាសំខាន់របៀបម៉េច ព្រោះខ្ញុំដឹងតពីចាស់ៗ ពីឪពុកម្តាយខ្ញុំមក គាត់ធ្លាប់ធ្វើពីមុនមករហូត តំណ.តរៀងមកគឺគាត់ធ្លាប់ធ្វើ។
លោក សូ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា ពិធីបុណ្យមាឃឬឡើងអ្នកតា ត្រូវបានប្រកាន់ខ្ជាប់ជារៀងរាល់ឆ្នាំ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ជាពិសេសបងប្អូនអ្នកស្រុកប្រាសាទបាគង។ លោកថា មិនត្រឹមតែប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោងប៉ុណ្ណោះឡើយ ដែលនៅបន្តថែរក្សាប្រពៃណីវប្បធម៌អរូបីពីដូនតានេះ ដោយកន្លែងខ្លះត្រូវបានអនុវត្តនូវជំនឿនិងបែបបទផ្សេងៗគ្នា។ លោកបន្តថា ព្រឹត្តិការណ៍ចាប់ត្រីរួមគ្នា សម្រាប់ពិធីឡើងមាឃ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលបានបង្ហាញឱ្យឃើញនូវស្មារតីរួបរួមសាមគ្គីរវាងគ្នានិងគ្នា ហើយបានផ្តល់នូវភាពសប្បាយរីករាយសម្រាប់ពលរដ្ឋទាំងនៅក្នុង និងក្រៅតំបន់ រួមទាំងភ្ញៀវទេសចរផង។
លោកបន្ថែមថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតការយកចិត្តទុកទៅលើវិស័យទេសចរណ៍ ជាពិសេសនៅក្នុងខេត្តសៀមរាប អាជ្ញាធរស្រុកបានខិតខំប្រឹងប្រែងគាស់រំលើងនូវប្រពៃណីវប្បធម៌ទាំងរូបី និងអរូបីទាំងនោះ ឱ្យមានភាពរស់រវើកឡើងវិញ ដើម្បីជាចំណែកមួយក្នុងការលើកស្ទួយនូវវិស័យទេសចរណ៍ ក៏ដូចជាថែរក្សានូវប្រពៃណីវប្បធម៌ ដែលដូនតាបានបន្សល់ទុកមក។
 យើងត្រូវតែរៀបចំឱ្យបានល្អជាងនេះ ដោយសារការរៀបចំរបស់យើងជាលក្ខណៈប្រពៃណី ទំនៀមទម្លាប់ហើយពុំសូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅឡើយទេ អ៊ីចឹងទេនៅពេលខាងមុខនេះខ្ញុំបានពិភាក្សាជាមួយសហគមន៍របស់យើង ដើម្បីរៀបចំទីតាំងរបស់យើងឱ្យបានល្អប្រសើរ ដូចជាយើងនឹងពិនិត្យមើលទីតាំងមួយចំនួន ដើម្បីដាំដើមឈើ រៀបចំសម្អាតឱ្យបានស្អាតជុំវិញត្រពាំង អាចថាយើងមានកម្មវិធីលែងត្រីនៅថ្ងៃខាងមុខ ឱ្យបានច្រើនថែមទៀត ហើយបន្តផ្សព្វផ្សាយ ព្រោះនៅជុំវិញនេះ កន្លែងមួយចំនួនដូចដើមឈើធំៗយើងអាចទាក់ទាញទេសចរបានច្រើន។ ហើយមិនត្រឹមតែពិធីចាប់ត្រីតែមួយមុខនោះទេ មិនត្រឹមតែមួយឆ្នាំម្តងប៉ុណ្ណោះទេ ប៉ុន្តែអាចចុងសប្តាហ៍អីផ្សេងៗទៀត យើងអាចរៀបចំដើម្បីឱ្យប្រជាពលរដ្ឋយើង ក៏ដូចជាទេសចរអាចមកកម្សាន្តបានដែរ។

សូមបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យឡើងមាឃឬឡើងអ្នកតារបស់បងប្អូនអ្នកស្រុកអង្គរ ជាផ្នែកមួយនៃបេតិកភណ្ឌអរូបី ក្រៅពីបង្ហាញឱ្យឃើញតម្លៃវប្បធម៌ ការថែរក្សាមរតកវប្បធម៌ ក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាព ភាពសប្បាយរីករាយ និងភាពរស់រវើកនៅតាមសហគមន៍ និងដើម្បីអបអរដល់ទិន្នផលទទួលបាន ក្រោយពីបានប្រមូលផលស្រូវរួចរាល់ហើយ។ ក្នុងនោះសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋជាច្រើនរាប់ពាន់នាក់ ក្នុងទឹកមុខសប្បាយ រីករាយ បានចូលរួមអបអរសាទរនិងទស្សនាពិធីចាប់ត្រីនេះផងដែរ ៕

Comments

Related posts