កម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

a33-21

a27-33

a28-30

a29-26

a30-25

a31-22

a32-19

MC.ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ ប៉ុន្តែពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។
ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោរបន់ស្រន់របស់ប្រាសាទនេះរួចមក។
 
  លោកតា សេង ស៊ន់ អាយុ៦៩ឆ្នាំ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបម្រើការងារជាកម្មករជួសជុលនៅប្រាសាទតាព្រហ្មកិលបានឱ្យដឹងថា ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពីមុនពេលជួសជុល មានការធ្លាក់រលុះថ្ម ប្រាសាទមិនមានលំនឹងព្រមទាំងមានសភាពទ្រុឌទ្រោមខ្លាំង ដោយមានការទល់ទ្រស្ទើរតែគ្រប់កន្លែង។ លោកតា សេង ស៊ន់ បានចូលរួមជួសជុលប្រាសាទតាព្រហ្មកិលនេះ ដោយមានតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀមបានបង្ហាញក្តីរំភើបថា រូបលោកមិនខ្ចិលឡើយ ចំពោះការងារជួសជុលប្រាសាទ។ លោកចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមក ចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសិនបើលោកនៅតែមានសុខភាពល្អ គឺលោកនឹងនៅតែមកចូលរួមធ្វើការងារជួលជុលប្រាសាទបុរាណបន្តទៀត។
ធ្វើបានច្រើនដូចជាដាំថ្ម ចាំងថ្មសម្រួលឱ្យវាត្រឹមត្រូវតាមបែបបទ ឱ្យគេអ្នកលើករៀប ហើយធ្វើបានច្រើនតាំងពីថ្មបាយក្រៀមរហូតដល់ថ្មភក់ ឱ្យតែសុខភាពល្អគឺមិនខ្ជិលមករហូត។
អ្នកភូមិវាល ឃុំគោកចក ក្រុងសៀមរាបលោកតា ឡៃ ឡន អាយុ៦០ឆ្នាំ ជាអ្នកដាប់ឆ្លាក់ថ្មនៅការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិលម្នាក់ទៀត មានប្រសាសន៍ថា លោកពិតជាសប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ។ លោកយល់ថា ការជួសជុលឡើងវិញនេះ នឹងធ្វើឱ្យប្រាសាទរបស់ដូនតាខ្មែរ មានសភាពរឹងបន្តទៀត ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់យូរអង្វែង។ ថ្វីត្បិតតែការងារជួសជុលអភិរក្ស និងថែរក្សាប្រាសាទបុរាណ ឱ្យបានរឹងមាំនៅយូរអង្វែងបន្តទៅទៀត គឺជាតួនាទីនិងកាតព្វកិច្ចរបស់អាជ្ញាធរជាតិអប្សរា ក៏ប៉ុន្តែនៅក្នុងនោះ ក៏ត្រូវការប្រជាពលរដ្ឋជាច្រើនបានចូលរួមនៅក្នុងការងារជាច្រើនផ្នែកដែរ។
លោក សេង ស៊ន់ និងលោក ឡៃ ឡន សំណូមពរដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទាំងឡាយសូមជួយចូលរួមថែរក្សា អភិរក្សប្រាសាទបុរាណរបស់ដូនតាខ្មែរ តាមគ្រប់រូបភាព ចៀសវាងការប្រើសកម្មភាពណាមួយមិនសមរម្យចំពោះប្រាង្គប្រាសាទ នាំឱ្យខូចខាតដល់ថ្មប្រាសាទ និងធ្វើឱ្យបាត់បង់តម្លៃរបស់សម្បត្តិបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាននេះ។
វាទ្រុឌទ្រោមខ្លាំង វាបាក់រលួសធ្លាក់មកក្រោម ហើយយើងត្រូវជួសជុលឡើងវិញ ដើម្បីមរតកសម្រាប់ក្មេងសារក្រោយ។ ខ្ញុំជាពលរដ្ឋម្នាក់ដែលបានចូលរួមជួសជុលប្រាសាទឡើងវិញ ខ្ញុំសប្បាយចិត្តច្រើន ។
សូមជម្រាបថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ។ កសាងឡើងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តរាជ។ ប្រាសាទនេះ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើង នៃប្រាសាទអង្គរវត្ត៕

Comments

Related posts