បុណ្យផ្កាប្រាក់សាមគ្គី សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតប៉ាលហាល

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
ព្រះវិហារ៖ នារសៀលថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យផ្ការប្រាក់សាមគ្គី សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
      ពិធីនេះ ក៏មានការចូលរួមពីសំណាក់ព្រះគ្រូព្រះពុទ្ធវិហារមុនី ពុំ ម៉ាត់ ព្រះមេគុណគណ:ធម្ម យុត្តិកនិកាយ ខេត្តព្រះវិហារ និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានជ័យ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព នឹងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀត។
 
ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ព្រះគ្រូព្រះពុទ្ធវិហារមុនី ពុំ ម៉ាត់ ព្រះមេគណគណ:ធម្មយុត្តិកនិកាយ ខេត្តព្រះវិហារ និងជាព្រះចៅអធិការវត្តព្រះពុទ្ធ មានជ័យ ហៅវត្តប៉ាលហាល ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្ត ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទទាំងអស់ ដែល ខិតខំយកអស់ព្រះកាយពល បញ្ញាញាណ និងកម្លាំងកាយចិត្ត ធនធាន ចូលរួមចំណែកក្នុងការកសាងឡើងនូវសមិទ្ធផលនានាជាច្រើននៅក្នុងវត្តគួរជាទីកត់សម្គាល់។សូមថ្លែងនូវអំណរគុណដល់មន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរអង្គភាព អាជ្ញាធរក្រុង សង្កាត់ និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមចំណែកក្នុងការជួយជ្រោមជ្រែង និងទ្រទ្រង់នូវដំណើរការ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតប៉ាលហាលនេះឡើង ដែលបានជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស បំណិនជីវិត ក្រមសីលធម៌ និងកសាងធនធានមនុស្សយ៉ាងច្រើន។

ឯកឧត្តមបន្តថា វិស័យព្រះពុទ្ធសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម ជាពិសេស ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព វិបុលភាព ស្ថិរភាព រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ជៀសផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការ ជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារសហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល និងបានរក្សានូវអត្តសញ្ញាណជាតិយ៉ាងរឹងមាំ។ការជួបជុំក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ គឺប្រារព្ធធ្វើឡើង ក្រោមដំបូលនៃសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប៊ុនប្រសព្វ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្ត មរតកនយោបាយដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

ជាមួយនេះ សូមមន្ទីរធម្មការ និងសាសនា មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធជួយជំរុញ និងគាំទ្រក្នុងការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិវត្តអារាម និងទីសក្ការៈបូជាផ្សេងៗទាំងអស់ នៅទូទាំងខេត្ត ដើម្បីជាការថែរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនារបស់យើងសម្រាប់ អ្នកជំនាន់ក្រោយ និងបន្តចូលរួមគាំទ្រមជ្ឈមណ្ឌលសិក្សាពេញមួយជីវតប៉ាលហាលនេះ ឱ្យដំណើរការកាន់តែ មានភាពរីកចម្រើន និងធានាបាននូវនិរន្តរភាពបន្តទៀត ហើយបង្កើនកិច្ចសហការ ជាមួយអាជ្ញាធរ ក្នុងការអប់រំផ្សព្វផ្សាយ បណ្តុះទស្សនៈមនសិកាជាតិ និងឧត្តមគតិវិជ្ជមានក្នុងការអភិរក្ស ការអភិវឌ្ឍ និងនវានុវត្ត សិល្បៈវប្បធម៌ជាតិ អប់រំអំពីសីលធម៌, គុណធម៌, និងសុជីវធម៌ ដល់សិស្ស និស្សិត និងយុវជន, ទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ៕photo_2024-02-17_19-04-24photo_2024-02-17_19-04-29photo_2024-02-17_19-04-37

photo_2024-02-17_19-05-30

Comments

Related posts