លោកសានអូលត្រូវបានជ្រើសរើសឱ្យធ្វើជាមេកន្ទ្រាញដឹកនាំអភិរក្សប្រពៃណីជនជាតិព្នង

វិទ្យុជាតិកម្ពុជា:លោកគឹម ហឿន

ស្ទឹងត្រែង៖ បងប្អូនជនជាតិព្នង រស់នៅភូមិក្បាលរមាសចាស់ ស្រុកសេសាន  ខេត្តស្ទឹងត្រែង បានគាំទ្រ លោកសានអូល អាយុ៧៨ឆ្នាំ  ឱ្យដឹកនាំការអភិរក្សប្រពៃណីជនជាតិព្នង  សម្រាប់ឱ្យកូនចៅប្រតិបត្តិតាម បន្ទាប់ពីលោកតាញ៉យ សារ៉ូ មេកន្ទ្រាញចាស់ បានទទួលមរណភាពទៅ  ។
     ក្នុងពិធីសែនព្រេនសម្តែងការដឹងគុណទឹកដោះម្តាយ របស់បងប្អូនជនជាតិព្នង  ធ្វើឡើងនៅភូមិឃុំក្បាលរមាសចាស់  កាលពីនៅថ្ងៃទី១៧ កុម្ភៈ  លោក សានអូល អាយុ៧៨ឆ្នាំ  ជនជាតិព្នងទទួលកាន់តំណែងជាមេកន្ទ្រាញបានបញ្ជាក់ថា៖  លោកតាញ៉យសារ៉ូ  អាយុ១០៨ឆ្នាំ គាត់បានទទួលមរណភាពទៅកាលពីខែកក្កដាឆ្នាំ២០២៣  បានបន្សល់ទុកនូវដំបូន្មានល្អៗជាច្រើន   សម្រាប់ឱ្យកូនចៅបន្តវេនប្រតិបត្តិ  ដើម្បីថែរក្សាអត្តសញ្ញាណជនជាតិព្នង ឱ្យនៅគង់វង្សយូរអង្វែង ។
      លោកបន្តថា៖ថ្ងៃនេះបងប្អូនជនជាតិបាននាំយកនំចំណីស្រាពាងមកជួបជុំគ្នាធ្វើ ពិធីសែនព្រេន
(រំឭកគុណទឹកដោះម្តាយ) នៅមុនថ្ងៃចូលឆ្នាំ  រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ព្រោះទឹក ដោះ ព្រះមេរុ៍(ស្រូវអង្ករ)បានចិញ្ចឹមជីវិតយើង   កូនចៅយើង ឱ្យរស់ធំធាត់មកដល់សព្វថ្ងៃនេះ (សំឡេង) ខ្ញុំតរាល់ថ្ងៃនេះដឹកនាំកូនចៅសែនប្រពៃណីកុំចោល  កុំបោះបង់រឿងប្រពៃណីរឿងច្បាប់  សែនព្រេនទឹកដោះម្ដាយថ្លៃ ស្រូវអង្ករ និងថ្លៃមែនទែន    អ៊ីចឹងយើងរស់ដោយសារស្រូវ   ដោយសារអង្ករហ្នឹង។      
         លោកស្រី ដាំបាង ជនជាតិព្នងនៅភូមិក្បាលរមាសចាស់នេះដែរ  បានទទួលស្គាល់ថា៖  ជានិច្ចកាល ក្រោយពេលបងប្អូនជនជាតិយើងធ្វើពិធីនេះ ហើយ   ការរស់នៅក្នុងភូមិក៏ទទួលបានសេចក្តីសប្បាយសុខ   ចម្រុងចម្រើនមកដល់កូនចៅ  ។
         លោកស្រីបន្តថា៖ពិធីសែនព្រេននេះចាស់ទុំបានដឹកនាំធ្វើឡើង នៅក្នុងខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីថែរក្សាអត្តសញ្ញាណកុំឱ្យបាត់បង់ 
(សំឡេង)យើងសែនហ្នឹងអត់ឱ្យបាត់ប្រពៃណីទេ   តែទំនៀមទម្លាប់បើយើងអត់បានធ្វើ   វាធ្វើឱ្យយើងឈឺគ្រុន ហើយអត់មានសុខទេ  បើយើងធ្វើទៅវាមានសុខសប្បាយទាំងអស់គ្នា.  ចម្រុងចម្រើន  តកូនតចៅទៅ  ។
          លោក សុវណ្ណពិសេដ្ឋ  អភិបាលស្រុកសេសាន បានគាំទ្រចំពោះបងប្អូនជនជាតិព្នងដែលបានរៀបចំធ្វើពិធីនេះឡើង  ព្រោះជាការទាក់ទងគ្នាល្អទៅវិញទៅមក មានត្រីសាច់ ចំណីអាហារ ស្រាពាង បានយកមកជួបជុំបរិភោគរួមគ្នា  បង្ហាញឱ្យឃើញពីការសាមគ្គីភាព យ៉ាងល្អប្រសើរ។
    លោកបន្តថា៖នេះជាគោលបំណងដែលអាជ្ញាធរ មូលដ្ឋានតែងចង់បាន  និងចង់ឃើញ ប្រជាពលរដ្ឋយើងមានសិទ្ធិរស់នៅគ្រប់យ៉ាង  និងនាំគ្នាអភិវឌ្ឍមូលដ្ឋាន  ឱ្យរីកចម្រើនតរៀងទៅបន្ថែមទៀត ។
     សូមបញ្ជាក់ថា៖នៅក្នុងពិធីនេះលោកអភិបាលស្រុកសេសាន  និងអាជ្ញាធរពាក់ព័ន្ធបានជួយឧបត្ថម្ភថវិកា ចំនួន៥៥ម៉ឺនរៀល   និងសម្ភារៈគ្រឿងបរិភោគ១ចំនួន ដើម្បីលើកទឹកចិត្តដល់បងប្អូនជនជាតិព្នង ឱ្យកាន់តែមានភាពសប្បាយរីករាយ  ស្ថិតនៅក្រោមដំបូលសុខសន្តិភាព និងមានការអភិវឌ្ឍន នាពេលបច្ចុប្បន្ន   ក្រោមការដឹកនាំរបស់សម្តេចមហាធិបតីបវរ ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕photo_2024-02-18_13-49-46photo_2024-02-18_13-49-53photo_2024-02-18_13-49-56photo_2024-02-18_13-50-02

photo_2024-02-18_13-50-09

Comments

Related posts