លោក ព្រាន ជ្រូក បង្ហាត់បង្រៀនយុវជនពីជំនាញចារសាស្ត្រាស្លឹករឹត ដោយឥតគិតថ្លៃ ព្រោះខ្លាចបាត់បង់

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

a12-150

a13-136

a16-96

a17-86

a15-108

a14-128

MC.លោក ព្រាន ជ្រូក ជាអតីតអ្នកបួសម្នាក់ រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់ខ្លួនធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅមុខទៀត។
  លោក ព្រាន ជ្រូក អាយុ២៧ ឆ្នាំ បានឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹតក្នុងពេលដែលរូបលោកបានបួសជាព្រះសង្ឃ និងរៀននៅវត្ត «នាមរូប» ស្ថិតក្នុងស្រុកពួក។ បច្ចុប្បន្នលោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹតដល់យុវជន យុវតី នៅក្នុងភូមិដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃរបស់សាស្ត្រា ដែលបុព្វបុរសខ្មែរបានប្រើប្រាស់ ចារជាគម្ពីរ ប្រវត្តិសាស្ត្រ និងក្បួនច្បាប់ផ្សេងៗជាច្រើនជាយូរលង់មកហើយ។ ការខិតខំបង្រៀនជំនាញចារសាស្ត្រាស្លឹករឹតដល់យុវជនខ្មែរជំនាន់ក្រោយឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញចារសាស្ត្រាស្លឹករឹតបានបាត់បង់ទៅៗស្ទើរតែទាំងស្រុងនៅក្នុងសង្គមខ្មែរសម័យថ្មី។
លោក ព្រាន ជ្រូក បញ្ជាក់ថា ជំនាញចារសាស្ត្រាស្លឹករឹត គឺត្រូវមានចិត្តអត់ធ្មត់ ធ្វើអារម្មណ៍យើងឱ្យនឹង ស្រឡាញ់និង ផ្តោតការយកចិត្តទុកដាក់ខ្លាំង។ ដូច្នេះអ្នកដែលចង់សិក្សារៀនសូត្រ ពីជំនាញចារសាស្ត្រាស្លឹករឹតទាល់តែមានចិត្តស្រឡាញ់ ចង់ចេះ ចង់ដឹងច្បាស់លាស់ទើបអាចធ្វើបាន។ បច្ចុប្បន្ននេះមានយុវតីនិងយុវជនចំនួន៥ ទៅ៦នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍និងជំនាញចារសាស្ត្រាស្លឹករឹតនេះនៅក្នុងចំណោមយុវជនជាច្រើន។ នៅក្នុងភូមិត្នោតជ្រុំ ក៏មានអ្នកចេះចារសាស្ត្រាស្លឹករឹត២ទៅ៣នាក់ដែរ ហើយសុទ្ធតែអ្នកធ្លាប់បួសរៀននៅវត្តដូចគ្នា។
សំឡេង៖អ្នកដែលមករៀននេះគឺខ្ញុំបង្រៀនគាត់ ណាមួយវប្បធម៌និងអក្សសាស្រ្តខ្មែរយើងអ្នកចេះមានតិច នៅពេលដែលខ្ញុំរៀនបានចេះហើយ ខ្ញុំចង់ឱ្យជំនាន់ក្រោយចេះដូចខ្ញុំដែរ ពេលដែលគាត់ចេះហើយ គាត់អាចទៅបង្រៀនអ្នកជំនាន់ក្រោយទៀត។
  គួរជម្រាបផងដែរថា សាស្ត្រាស្លឹករឹត ត្រូវបានផលិតចេញពីស្លឹកទ្រាំង ដោយគេយកស្លឹកដែលកាត់ហើយ ទៅហាលថ្ងៃឱ្យស្ងួត រួចយកមកចងរឹតគាបយ៉ាងស្អាតមុន នឹងយកមកចារកត់ត្រាចេញជាគម្ពីរធម៌ អក្សរសាស្ត្រ អក្សរសិល្ប៍ រឿងរ៉ាវ ក្បួនច្បាប់ ឬជារូបយ័ន្តផ្សេង សាស្ត្រាស្លឹករឹត អាចរក្សាទុកដល់រាប់រយឆ្នាំ សម្រាប់មនុស្សជំនាន់ក្រោយធ្វើការសិក្សាឈ្វេងយល់៕

Comments

Related posts