មន្ត្រីនគរបាលនិងអ្នកសារព័ត៌មានរួមគ្នាដោះស្រាយបញ្ហាប្រឈមរវាងគ្នានិងគ្នានៅក្នុងការផ្តល់និងការទទួលបានព័ត៌មានពិត

 

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ១៩/០២/២០២៤

a18-73

a21-69

a22-61

a29-30

a28-34

a27-37

a26-45

a25-47

a24-53

a23-55

a30-28

a20-67

មន្ត្រីនគរបាលជាតិនិងក្រុមអ្នកសារព័ត៌មាននៅកម្ពុជា បានស្នើសុំកិច្ចសហការរវាងគ្នានិងគ្នានៅក្នុងការជួយសម្របសម្រួលបង្កភាពងាយស្រួល ទៅលើការផ្តល់និងការទទួលបានព័ត៌មានពិតរវាងស្ថាប័នទាំងពីរ។

  មន្ត្រីនគរបាលជាតិនិងអ្នក សារព័ត៌មាននៅកម្ពុជា បានលើកឡើងពីតួនាទីនិងបញ្ហាប្រឈមរៀងៗខ្លួន ទៅលើការបំពេញការងារវិជ្ជាជីវៈ ពាក់ព័ន្ធនឹងកម្រិតនៃការផ្តល់ព័ត៌មានពិតពីមន្ត្រីនគរបាលទៅកាន់ក្រុមអ្នកសារព័ត៌មាន និងការស្វះស្វែងរកប្រភពព័ត៌មានពីក្រុមអ្នកសារព័ត៌មាន ពីមន្ត្រីនគរបាល ដើម្បីទទួលបានព័ត៌មានពិត។
  លោកស្រី វរសេនីយត្រី ណាត ច័ន្ទវត្តី នាយរងការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន បានលើកឡើងថា អាចនឹងមានកន្លែងខ្លះមានការខ្វែងគំនិតគ្នាខ្លះៗ អាចថាករណីខ្លះ នៅពេលដែលអ្នកសារព័ត៌មានចុះទៅសុំការអនុញ្ញាតដល់កន្លែងសមត្ថកិច្ចផ្ទាល់ ហើយអង្គភាពត្រូវមានមនុស្សម្នាក់ដើម្បីធ្វើការងារនេះ ដើម្បីប្រមូលបានព័ត៌មានពិត ដូច្នេះត្រូវចំណាយពេលវេលារង់ចាំ ប៉ុន្តែអ្នកសារព័ត៌មានចង់ផ្សាយរហ័ស ដូច្នេះធ្វើឱ្យមានការផ្តល់ព័ត៌មានខ្វះចន្លោះប្រហោង ហើយនៅពេលដែលមានការផ្សព្វផ្សាយ គឺមិនមែនត្រឹមតែអង្គភាពឬស្ថាប័នគាត់ប៉ុណ្ណោះទេ ប៉ុន្តែវាផ្សាយនៅទូទាំងពិភពលោក ដូច្នេះទាមទារឱ្យមានការយោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក «ក្នុងនាមជាសមត្ថកិច្ច គឺត្រូវការប្រមូលភស្តុតាង ត្រូវការអ្វីដែលពិតជាការពិតមុនការបង្ហាញទៅដល់អ្នកសារព័ត៌មាន ព្រោះអ្នកសារព័ត៌មានគាត់មានតួនាទីក្នុងការផ្សព្វផ្សាយបន្តទៅកាន់ស្ថាបន័ បើយើងផុសទៅគឺថាមួយពិភពលោកគឺបានមើលឃើញទាំងអស់។ ចំពោះចំណុចចុងក្រោយមួយទៀត គឺពេលខ្លះអាចនឹងមានការវាយប្រហារបកមកសមត្ថកិច្ចវិញ។ ករណីថា យើងអត់ឱ្យគាត់យកព័ត៌មានក្នុងករណីនេះអាចមានការខ្វែងគំនិតគឺសារព័ត៌មានគ្មានវិជ្ជាជីវៈ ព្រោះពួកគាត់នៅពេលដែលសមត្ថកិច្ចមិនអនុញ្ញាតឱ្យពួកគាត់ចុះយកព័ត៌មានគឺគាត់និយាយថាសមត្ថកិច្ចទទួលបានសំណូក លាក់បាំងដែលនេះនាំឱ្យខូចដល់ស្ថាប័នសមត្ថកិច្ចក៏ដូចជាស្ថាប័នអ្នកសារព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវ ព្រោះជាក់ស្តែងខ្ញុំឃើញមានបងប្អូនមួយចំនួនកាន់តែទូរសព្ទមួយប៉ុណ្ណោះគាត់តាំងខ្លួនជាអ្នកសារព័ត៌មាន Live ដល់ពេលយើងប្រាប់ទៅគាត់ចេះជាងប៉ូលីសទៀត ដល់ពេលយើងស្ថិតនៅក្នុងឈុតឯកសណ្ឋានបើយើងមានសកម្មភាពប្រទាញប្រទង់គឺនឹងប៉ះពាល់ទៅដល់កិត្តិយសទៅដល់ស្ថាប័នមួយទៀតគឺគាត់ចេះcopyស្ថាប័នមកថែមដើម្បីចង់ឆបោកសមត្ថកិច្ចថែមទៀតដូច្នេះចំណុចនេះគឺជាការប៉ះពាល់ខ្លាំងដល់ស្ថាប័នសមត្ថកិច្ចនិងអ្នកសារព័ត៌មាន»។
   ជាមួយគ្នាផងដែរ ក្រុមអ្នកសារព័ត៌មានក៏បានលើកឡើងពីតួនាទីរបស់ខ្លួន នៅក្នុងបេសកកម្មបំពេញការងារ លើវិស័យសារព័ត៌មានទៅតាមវិជ្ជាជីវៈ។
តំណាងអ្នកសារព័ត៌មានក្នុងក្រុមពិភាក្សា កញ្ញា ស្រី ពេជ្រ មកពីសារព័ត៌មានខេម បូចា បានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មានគឺត្រូវផ្សព្វផ្សាយពីព័ត៌មានពិត ដែលបានកើតឡើងទៅកាន់ប្រជាពលរដ្ឋ ដូច្នេះនៅពេលដែលមានហេតុការណ៍ឬព្រឹត្តិការណ៍អ្វីកើតឡើងអ្នកសារព័ត៌មាន គឺត្រូវផ្តិតយកព័ត៌មានជាក់ស្តែង។ ហើយចំពោះបញ្ហាប្រឈមដែលអ្នកសារព័ត៌មានបានជួបកន្លងមក ពាក់ព័ន្ធនឹងកូដកម្ម ព្យុហយាត្រា និងការសម្តែងមតិរបស់សកម្មជន និងអ្នកនយោបាយមួយចំនួន នៅតាមដងផ្លូវឬទីសាធារណ: នៅពេលមានការផ្តិតយករូបភាព គឺមានការរារាំងមិនឱ្យថត ឬគ្មានការអនុញ្ញាតឱ្យសម្ភាសន៍ប្រភពឡើយ។
 «ខ្ញុំឃើញថានៅពេលដែលចុះផ្ទាល់មន្ត្រីខណ្ឌនៅតាមតំបន់មួយចំនួនគាត់អត់ទាន់យល់ពីតួនាទីរបស់អ្នកសារព័ត៌មានឡើយ តែគាត់ហាមមិនឱ្យចូលគឺអត់បានតែម្តង គឺពិបាកធ្វើការបន្តិចជាមួយនឹងពួកគាត់ បើទោះបីជាយើងបានព្យាយាមប្រើពាក្យសម្តីកាយវិការ ឱនលំទោនអ្វីក៏ដោយដើម្បីយើងទទួលបានព័ត៌មាន នៅមានរឿងជាច្រើនទៀតដែលយើងមានការប្រឈម ប៉ុន្តែមួយទៀតគឺពាក់ព័ន្ធនឹងការសម្ភាសន៍តាមទូរសព្ទ គឺរឿងខ្លះយើងអត់អាចចុះទៅតំបន់បានទេ ហើយយើងត្រូវការទាក់ទងតាមទូរសព្ទ ដូច្នេះមន្ត្រីសមត្ថកិច្ចតាមស្ថាប័នមួយចំនួនគឺអត់ឆ្លើយជាមួយយើងដូច្នេះវាជាផ្នែកមួយធ្វើឱ្យយើងអត់អាចពាំនាំពាក្យសម្តីពីភាគីពីរដ្ឋាភិបាលទៅកាន់ស្ថាប័នប្រភពផ្សេងៗដែលគាត់គួរតែដឹងគួរតែទទួលបានការបកស្រាយផ្សេងៗ ដូច្នេះយើងសុំឱ្យមានការពន្លឿនការយកចិត្តទុកដាក់និងសហការគ្នានៅក្នុងការធ្វើការងារ ដើម្បីធ្វើយ៉ាងណាស្ថាប័ននគរបាលបានឆ្លើយយ៉ាងលឿន យើងក៏អាចទទួលបានការបំភ្លឺរបស់គាត់ទៅកាន់ថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធផ្សេងៗ។ 
តាមរយៈការលើកឡើងនូវបញ្ហាប្រឈមរវាងមន្ត្រីនគរបាលជាតិ និងក្រុមអ្នកសារព័ត៌មាននៅក្នុងកិច្ចពិភាក្សាគ្នា ដែលបានធ្វើឡើងនាពេលកន្លងមកនេះ គឺបានធ្វើឱ្យស្ថាប័នទាំងពីរកាន់តែមានការយល់ដឹងពីបញ្ហាប្រឈមរវាងភាគីម្ខាងទៅម្ខាងទៀត និងតួនាទីនិងកម្រិតនៃការទទួលខុសត្រូវរៀងៗខ្លួន។

Comments

Related posts