ឡាវ និងថៃ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខតាមព្រំដែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0867

IMG_0866

អន្តរជាតិ៖ កងកម្លាំងសន្តិសុខឡាវ និងថៃ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមព្រំដែន ក្នុងគោលបំណងដើម្បីកាត់បន្ថយសកម្មភាពឧក្រិដ្ឋកម្មនៅតាមព្រំដែនរួមគ្នារវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទូរទស្សន៍កងទ័ពឡាវបានរាយការណ៍ថា កិច្ចប្រជុំនៃអនុគណៈកម្មាធិការសហប្រតិបត្តិការលើការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនឡាវ-ថៃ បានប្រព្រឹត្តទៅនៅខេត្ត ហ្លួងប្រាបាង ភាគខាងជើងប្រទេសឡាវចាប់ពីថ្ងៃ ទី ១៣ ដល់ ថ្ងៃទី ១៦ ខែកុម្ភៈ។ របាយការណ៍បានបញ្ជាក់ថា កងកម្លាំងសន្តិសុខឡាវ និងថៃមានសេចក្តីសោមនស្សរីករាយដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមកដែលអនុញ្ញាតឱ្យភាគីទាំងពីរអាចដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពនៅតំបន់ព្រំដែន។ ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ចែករំលែកព័ត៌មាន និងចាត់វិធានការចាំបាច់ស្របតាមច្បាប់នៃប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងការអនុវត្តច្បាប់នៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន៕

Comments

Related posts