បច្ចុប្បន្ន ឆ្នេរសមុទ្រខេត្តព្រះសីហនុ បានបង្កើនប្រាក់ចំណូលជូនអាជីវករទ្វេដង ខណៈដែលមានការគិតគូរពីអាជ្ញាធរពាក់ព័ន្ធជាប្រចាំ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២០.០២.២០២៤

IMG_0911

IMG_0914-1

IMG_0910

IMG_0912

ក្រុមអាជីវករបានឱ្យដឹងថា បច្ចុប្បន្ននេះ ឆ្នេរសមុទ្រខេត្តព្រះសីហនុ បានបង្កើនប្រាក់ចំណូលជូនអាជីវករទ្វេដង ខណៈមានការគិតគូរពីអាជ្ញាធរពាក់ព័ន្ធជាប់ជាប្រចាំ ដោយការលក់ដូរមិនមានបង់ថ្លៃសេវាអ្វីទាំងអស់ ដោយគ្រាន់តែឱ្យអាជីវករចូលរួមសម្អាតបរិស្ថានអនាម័យ និងមិនត្រូវវាតទីធ្វើជាកម្មសិទ្ធិរបស់ខ្លួនឡើយ ព្រោះឆ្នេរនេះ គឺជាទីសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
លោកស្រី យ៉ង់ សាម៉េត អាជីវករលក់មឹកអាំងនៅតាមបណ្ដោយឆ្នេរនៃខេត្ដព្រះសីហនុ បានឱ្យដឹងថា ចំពោះការលក់មឹកអាំងនេះ លោកស្រីអាចរកចំណូលបានពី៨ម៉ឺនទៅ១០ម៉ឺនរៀល ក្នុងថ្ងៃធម្មតា ចំណែកឯនៅថ្ងៃឈប់សម្រាក គឺអាចរកចំណូលបានដល់ទៅជាង២០ម៉ឺនរៀលឯណោះ ។ ចំពោះការលក់ដូរនេះ លោកស្រី បានប្រកាន់ខ្ជាប់នូវការរក្សាអនាម័យ ដើម្បីធ្វើយ៉ាងណាផ្ដល់សុវត្ថិភាពទៅដល់អ្នកបរិភោគ ជាពិសេសចំណុចនេះក៏ជាផ្នែកមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ដឆ្នេរនេះកាន់តែច្រើនផងដែរ ។
ជាងនេះទៅទៀត លោកស្រីបានបន្តថា ចំពោះការលក់ដូរនៅតាមឆ្នេរនេះ តែងតែមានការណែនាំបន្ថែមពីអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធការប្រមូល ទុកដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ រៀបចំទុកដាក់លើតុកៅអីឱ្យមានរបៀបរៀបរយ ដើម្បីកុំឱ្យបាត់បង់សោភ័ណភាពឆ្នេរ មានសណ្ដាប់ធ្នាប់ល្អ មានអនាម័យ និងបរិស្ថានស្អាត ព្រោះឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈសម្រាប់ប្រជាពលរដ្ឋ សាធារណជន និងភ្ញៀវទេសចរ មកលេងលម្ហែកម្សាន្ដដោយសេរី ។
« រាល់ដងគឺមានគេមកណែនាំ ដោយឱ្យយើងរក្សាអនាម័យឱ្យស្អាត ហើយតុកៅអី គឺមិនឱ្យដាក់ចោលទេ លុះត្រាណាតែមានភ្ញៀវមកអង្គុយញ៉ាំ ទើបអាចឱ្យដាក់បាន ហើយនៅពេលដែលភ្ញៀវចេញទៅវិញនោះ គឺរៀបទុកដាក់ឱ្យបានត្រឹមត្រូវ ចំពោះការរៀបចំបែបនេះគឺល្អប្រសើរ ហើយសម្រាប់ទុកដាក់តុកៅអីនោះ គឺកុំឱ្យមានភាពរញ៉េរញ៉ៃ ដោយឱ្យអ្នកលក់ទុកដាក់ឱ្យបានត្រឹមត្រូវ » ។ 
លោកស្រី បានបន្តទៀតថា នៅពេលដែលមានអាជ្ញាធរចុះមករៀបចំសណ្តាប់ធ្នាប់ជាប្រចាំបែបនេះ គឺសង្កេតឃើញថា មានភ្ញៀវទេសចរមកលេងកម្សាន្តច្រើនជាងមុន ដែលអាចឱ្យលោកស្រីរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារបានថែមទៀតផង ។ 
សូមបញ្ជាក់ថា រដ្ឋបាលក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ តែងតែជូនដំណឹងដល់សាធារណជនទូទៅ ថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់នៃខេត្តព្រះសីហនុ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ ដោយបងប្អូនប្រជាពលរដ្ឋអាចក្រាលកន្ទេល ដាក់តុ ឬតង់អង្គុយលេងនិងពិសាម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត ។ ការហាមឃាត់មិនឱ្យវាតទី ដាក់តុ ក្រាលកន្ទេល គឺហាមដាច់ខាតចំពោះអ្នកធ្វើអាជីវកម្មដាក់ជួល ដើម្បីធានាបាននូវទីសាធារណៈ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប អាចប្រើប្រាស់និងកម្សាន្តដោយរីករាយ ៕

Comments

Related posts