អាជ្ញាធរជាតិអប្សរា កំពុងកំណត់ប្រភព និងបង់លេខថ្ម ដែលរាយ ប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

IMG_1055

IMG_1053

IMG_1058

IMG_1065

IMG_1064

IMG_1067

MC. ថ្មដែលនៅរាយប៉ាយជាប់កំពែងខាងក្រៅ ផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការរុះរើដើម្បីកំណត់ប្រភព និងបង់លេខ ដើម្បីយកថ្មទាំងនោះទៅផ្គុំសាកល្បង ទើបដាក់បញ្ជូលទៅទីតាំងដើមវិញ។
   លោក អន សុភាព បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា តាម រយៈក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទ អង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។ 
លោកបញ្ជាក់ថា តាមការសង្កេត ថ្មមួយចំនួនប្រហែលជារចនាសម្ព័ន្ធរបស់តួប៉មទាំង៣ នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ និងមួយចំនួនអាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក ក្រៅពីនោះ បំណែកមួយចំនួនទៀតអាចជា ដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ លោកថា កាលពីជំនាន់បារាំងធ្លាប់បានយកមករក្សាទុក ក្រុម ការងារបានថតរូបដោយដ្រូនពីលើ ចាប់ផ្ដើមបង់លេខសម្គាល់ទីតាំង និងជាឯកសារស្ថានភាពរបស់ថ្ម។
ជំហានដំបូងយើងត្រូវស្វែងយល់ទាំងអស់គ្នាសិន យើងអត់ទាន់ហ៊ាននិយាយថាថ្មទាំងនេះច្បាស់ជាមកពីខាងណាមួយរយភាគរយទេ គ្រាន់តែថាយើងមើលមួយភ្លែតយើងអាចស្គាល់ថ្មបានមួយចំនួនធំដែរ តាមខ្ញុំគិតមើលមកពីកំពូលទាំងបីដែលយើងមើលពីមុខទៅឃើញវាបាក់ផ្នែកខាងលើៗហ្នឹង កំពូលខ្លោងទ្វារពីខាងលិចហ្នឹង ទាំងអស់មាន៥ជាន់ ៥រួតហើយកំពូលកណ្តាលយើងឃើញសល់ប្រហែល៤រួត បាត់អស់ប្រហែលមួយរួត ហើយខាងពីរនោះបាត់អស់ច្រើនរួត អ៊ីចឹងថ្មនេះឃើញថាមកពីកំពូលមួយចំនួនដែរ ហើយក្រៅពីហ្នឹងគឺថ្មជាដំបូលរោងទង រោងទងតាមកំពែងមានពីរជាន់ មួយពេញលេញមួយទៀតពាក់កណ្តាល គឺមកពីខាងហ្នឹងច្រើនដែរ។
លោក អន សុភាព បានបញ្ជាក់ថា បន្ទាប់ពីចុះលេខឱ្យថ្មរួចរាល់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។ បើទោះបីជាយ៉ាងណាការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំងនិងប្រភពដើម៕

Comments

Related posts