ឯកឧត្តម ថង សាវុន ស្នើដល់មាតាបិតាកុំឆាប់ឱ្យកូនចៅរៀបការនៅវ័យក្មេងពេក

វិទ្យុជាតិកម្ពុជា៖លោកស៊ីផុន ហ៊ុងគ្រី
មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារថ្នាក់ខេត្ត បានថ្លែងក្នុងពិធីអបអរសាទរទិវាជាតិសុខភាពមាតាព ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត យុវជន និងស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
  ឯកឧត្តម ថង សាវុនមានប្រសាសន៍ថា ``ការរៀបការនៅក្មេងពេក អាចធ្វើឱ្យផលប៉ះពាល់ច្រើនដល់មនុស្សស្រីជំទង់ នឹងមានការលំបាក ក្នុងការទទួលខុសត្រូវចំពោះការមើលថែទាំគ្រួសារ ហើយអាចនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ ``។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានអំពាវនាវដល់មន្រ្តីជំនាញ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ជាពិសេស បុរសនិងស្ត្រីជាមាតាបិតា និងយុវវ័យ ត្រូវបន្តខិតខំអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រី ក្នុងការថែទាំសុខភាពមុនពេលរៀបការ ក្នុងអំឡុងមានផ្ទៃពោះ ពេលសម្រាល ការថែទាំសុខភាព ការបង្ការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ជាមួយនឹងការរស់នៅឱ្យមានអនាម័យល្អ។ សូមឱ្យយុវតី ក្នុងវ័យបន្តពូជ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យជំនាញច្បាស់លាស់។ សូមឱ្យបុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវា ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវផ្សាយ។ សូមឱ្យមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ក្នុងការចុះផ្សព្វផ្សាយ អប់រំសុខភាពដល់សហគមន៍នៅតំបន់ដាច់ស្រយាល ជាពិសេស ការទប់ស្កាត់ការរៀបការ នៅវ័យក្មេងពេក។
  តាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣រួមមាន៖ ការពិនិត្យផ្ទៃពោះមុនសម្រាលសរុប ៤លើក ចំនួន ៩,០៥៥លើក និងមានផ្ទៃពោះបំរុងគ្រោះថ្នាក់ចំនួន ១៥៤នាក់ បានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្ត ១៥នាក់ , ស្ត្រីមានផ្ទៃពោះបានទទួលវ៉ាក់សាំងតេតាណូស , ស្ត្រីសម្រាលកូននៅមូលដ្ឋានសុខាភិបាលចំនួន ២៣៩៨នាក់ ស្ត្រីបានមកធ្វើតែស្តរកមេរោគអេដស៍ចំនួន ២៣៦០នាក់ វិជ្ជមាន ០នាក់ , ការថែទាំស្ត្រីក្រោយសម្រាលចំនួន ៤លើក ១៨៤៤លើក ការផ្ដល់ថ្នាំជាតិដែកលើកទី១ និងទី២ , និងស្ត្រីមកទទួលសេវាពន្យារកំណើតចំនួន ៦១៩៩នាក់។
  នាឱកាសនោះដែរ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានផ្តល់សម្ភារៈ និងថវិកាមួយចំនួន ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចអាយុក្រោម ២ឆ្នាំចំនួន ៤៥នាក់ ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅបានមួយកម្រិតផងដែរ៕IMG_20240223_212011_874IMG_20240223_210451_968IMG_20240223_210443_693IMG_20240223_210503_801

IMG_20240223_210510_050-1

 

Comments

Related posts