អាជ្ញាធរខេត្តមណ្ឌលគីរីប្រកាសស្វ័យអត្តសញ្ញាណ និងវាយតម្លៃកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចថ្មូន

វិទ្យុជាតិកម្ពុជា៖ លោក ស៊ីផុន ហ៊ុងគ្រី

មណ្ឌលគិរី៖ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសស្វ័យអត្តសញ្ញាណ និងវាយតម្លៃកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចថ្មូន ស្ថិតនៅក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងដោយមានការចូលរួមពីលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំង ប្រជាសហគមន៍ និងប្រជាពលរដ្ឋប្រមាណជា១០០នាក់ ដែលប្រព្រឹត្តទៅនៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ចាន់ រតនាមានប្រសាសន៍ថា ដោយផ្អែកតាមគោលនយោបាយជាតិ ស្ដីពី ការអភិវឌ្ឍជនជាតិដើមភាគតិច និងសារាចរណែនាំស្ដីពីនីតិវិធី និងវិធីសាស្រ្តអនុវត្តន៍គោលនយោបាយជាតិ ការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដែលមានគោលបំណង អភិរក្សពហុវប្បធម៌ជាតិ និង ការអភិវឌ្ឍលើកស្ទួយជីវភាពរស់នៅ របស់គ្រួសារជនជាតិដើមភាគតិច ឲ្យចាក់ផុតពីភាពក្រីក្រ ដោយផ្សារភ្ជាប់ទៅ នឹងផែនការអភិវឌ្ឍន៍ជាតិ និងកិច្ចការពារផលប្រយោជន៍ទូទៅ។ លោក បន្ថែមថា ដើម្បីឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច អគ្គនាយកអភិវឌ្ឍន៍ជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយអាជ្ញាធរ ដើម្បីអនុវត្តសកម្មភាពនៃការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចថ្មូន នៅភូមិមេមុំ (ក្រុមថុងប៉ុង) ឃុំរយ៉ ស្រុកកោះញែក ។

 លោក អភិបាលរងខេត្ត បន្តទៀតថា ជនជាតិដើមភាគតិចជាធនធានមនុស្សដ៏សំខាន់បំផុតក្នុងការដឹកនាំការគ្រប់គ្រង ថែរក្សា នូវអត្តសញ្ញាណ វប្បធម៌ ប្រពៃណី ទំលៀបទម្លាប់ល្អ ភាសា ជំនឿ ដីធ្លី និង ធនធានធម្មជាតិដែលជាសមូហភាព របស់សហគមន៍ជនជាតិដើមភាគតិច ម្យ៉ាងទៀត ជនជាតិដើមភាគតិច ក៏ជាផ្នែកមួយ ដោយការចូលរួមចំណែកលើកកម្ពស់ សីលធម៌ វប្បធម៌ សង្គម សេដ្ឋកិច្ច ប្រពៃណីល្អផូរផង់ និងកិច្ចការពារផលប្រយោជន៍ទូទៅផងដែរ។ 

លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថា ជនជាតិដើមភាគតិច តម្រូវឲ្យស្វ័យទទួលស្គាល់ខ្លួនឯង ត្រូវមានការទទួលស្គាល់ដោយសហគមន៍ជិតខាង និងទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាលមូលដ្ឋាន វាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមថ្មូន នៅភូមិមេមុំ(ក្រុមថុងប៉ុង) ជំរុញឲ្យមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាពពីសំណាក់ជនជាតិដើមភាគតិច ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងលើសកម្ពស់ការអនុវត្តក្របខណ្ឌជាតិ និងអន្តរជាតិ៕photo_2024-02-23_23-31-00photo_2024-02-23_23-31-06photo_2024-02-23_23-31-12photo_2024-02-23_23-31-16photo_2024-02-23_23-31-22photo_2024-02-23_23-31-26photo_2024-02-23_23-31-31

photo_2024-02-23_23-31-34

Comments

Related posts