ថ្នាក់ដឹកនាំ ព្រះសង្ឃនិងពុទ្ធបរិស័ទខេត្តស្ទឹងត្រែងប្រារព្ធបុណ្យមាឃបូជា

    វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង

IMG_1425

IMG_1426

IMG_1428

IMG_1431-1

IMG_1424

IMG_1430

IMG_1434-1

     បុណ្យមាឃបូជា  ជាបុណ្យមួយ សម្រាប់ពុទ្ធសាសនាក្នុងថ្ងៃពេញបូណ៌មីខែមាឃ  ហើយថ្នាក់ដឹកនាំ ព្រះសង្ឃ បាននាំគ្នាប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ  នៅតាមទីអារាមនីមួយៗយ៉ាងអធឹកអធម ក្នុងការទ្រទ្រង់ផ្នែកព្រះពុទ្ធសាសនា ឱ្យកាន់តែថ្កុំថ្កើងឡើងនិងបានបង្ហាញឱ្យយុវជនស្វែងយល់និងប្រតិបត្តិបន្តវេន ។
       ក្នុងពិធីដង្ហែក្បួន បុណ្យមាឃបូជា នៅវត្តខត្តិយារាម ហៅវត្តកណ្តាល នៅក្រុងសង្កាត់ស ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥កើត ខែមាឃ ត្រូវនឹងថ្ងៃទី២៣កុម្ភៈឆ្នាំ២០២៤   ព្រះតេជគុណ ព្រះវិសុទ្ធិមុនី សុខាសុចាន់ ព្រះមេគណខេត្តមានសង្ឃដីការថា៖ប្រជាពលរដ្ឋខ្មែរយើង បានយល់ដឹង  និងនាំគ្នាមកចូលរួមប្រារព្ធបុណ្យមាឃបូជា ដែលជាពិធីបុណ្យសាសនាដ៏សំខាន់ ក្នុងចំណោមបុណ្យសាសនាផ្សេងៗទៀត ព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរំឭកដល់អភិលក្ខិតកាលទាំងបី មាន (ទ្រង់ធ្វើចតុរង្គសន្និបាត-សម្តែងឱវាទបាតិមោក្ខនិងទ្រង់ដាក់អាយុសង្ខារ)។
    ព្រះតេជគុណព្រះមេគណ មានសង្ឃដីកាទៀតថា៖ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែមាឃពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែមាឃ    ហើយភាពអធិកអធម នេះបានបង្ហាញដល់យុវវ័យជំនាន់ក្រោយ  ជាអ្នកបន្តវេនបាននាំគ្នាអភិរក្ស  និងប្រតិបត្តិតាមប្រពៃណីសាសនាដែលជាសាសនា របស់រដ្ឋ។
      លោកស្រី វីសាកាន រស់នៅភូមិថ្មលាត  សង្កាត់ ក្រុងស្ទឹងត្រែង បានចាត់ទុកថា៖ប្រពៃណីដ៍ផូរផង់នេះ  ប្រជាពលរដ្ឋយើងរួមគ្នាប្រារព្ធឡើង រក្សាបាននូវគុណតម្លៃ និងបានសម្តែងការដឹងគុណចំពោះព្រះសម្មាសម្ពុទ្ធ និងបានជំរុញឱ្យកូនចៅយើង ស្វែងយល់បាននូវអត្ថន័យបុណ្យកាន់តែច្បាស់ សម្រាប់បន្តរួមគ្នាលើកស្ទួយវិស័យសាសនាឱ្យកាន់តែរីកចម្រើនឡើង  ។
     លោកមៀចអ៊ាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត  បានគាំទ្រការយល់ដឹងនេះ ព្រោះក្បួនដង្ហែបានបញ្ជាក់ពីទឹកចិត្តជ្រះថ្លា  និងធ្វើឱ្យពិធីបុណ្យដំណើរការទៅ មានភាពអធឹកអធម ធ្វើឱ្យយុវជនគ្រប់រូប  ចងចាំសកម្មភាពនេះមិនអាចបំភ្លេចបានឡើយ។
      សូមបញ្ជាក់ថា៖បុណ្យមាឃបូជា ត្រូវបាន ថ្នាក់ដឹកនាំ  ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ  យើងបាននាំគ្នាប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥កើត ខែមាឃជារៀងរាល់ឆ្នាំ និងជាបណ្ដាំដល់កូនចៅជំនាន់ក្រោយ  ត្រូវនាំគ្នាអភិរក្សទៅអនាគត  ៕

Comments

Related posts