មហាជនរាប់ពាន់នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស យ៉ាងសប្បាយរីករាយ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤

IMG_1489

IMG_1490

IMG_1491

IMG_1486

IMG_1483

IMG_1487

IMG_1488

IMG_1484

IMG_1485

IMG_1482

MC.  បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលរួមក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស នៅក្នុងក្រុងសៀមរាបយ៉ាងសប្បាយរីករាយ ដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក អ៊ុន សាវ៉ាន់ អ្នកចាត់ចែងទូទៅ របស់គម្រោងតុក្កតាយក្ស បានឱ្យដឹងថា ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្ស ឆ្នាំ២០២៤ បានចាប់ផ្តើមឡើងនៅវេលាម៉ោង៦ និង៣០ នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចាប់ផ្តើមពីរង្វង់មូលវត្តដំណាក់នៃក្រុងសៀមរាប។ លោកថា ឈានចូលមកដល់ឆ្នាំទី១៣នេះ ក្រុមសិល្បករ រួមទាំងក្រុមអ្នកស្ម័គ្រចិត្ត និងកុមារៗប្រមាណជាង៦០០នាក់ផង បានរួបរួមកម្លាំងគ្នា តាំងពីដើមខែកុម្ភៈមក ដើម្បីបង្កើតឱ្យបានជារូបសត្វកម្រមួយប្រភេទ មានអាយុកាលរាប់លានឆ្នាំមកហើយ គឺសត្វដាយណូស័រចំនួន៩ធំៗ មានពួកសត្វដើរជើងពីរ ក្នុងទឹក ដើរជើងបួន និងសត្វដាយណូស័រស្លាបជាដើម  រួមទាំងសត្វតូចៗជាច្រើនប្រភេទទៀត មកដង្ហែជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា ក្នុងគោលបំណងលើកស្ទួយសិល្បៈបែបសូន្យរូប ឱ្យប្រជាពលរដ្ឋកម្ពុជាទំាងអស់ បានឃើញនិងស្គាល់រូបសំណាកបុគ្គលល្បីៗ ឬរូបសត្វកម្រៗជាច្រើន ដើម្បីថែរក្សាការពារ និងអភិរក្សសត្វកម្រៗជិតផុតពូជ ឬកំពុងតែទទួលរងគ្រោះទាំងនោះ។ ជាពិសេសបង្ហាញអំពីការរួបរួមសាមគ្គីគ្នា រវាងកុមារៗជាច្រើនរយនាក់ មកពីសាលារៀនរដ្ឋ ឯកជន ឬអង្គការដៃគូរមួយចំនួន ក្រោមការដឹកនាំរបស់ក្រុមសិល្បករ។
លោកបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំព្រឹត្តិការណ៍ដង្ហែកុក្កតាយក្ស កាន់តែមានភាពទាក់ទាញអង្គការដៃគូ ទេសចរជាតិ អន្តរជាតិមកចូលរួមគាំទ្រកាន់តែច្រើនឡើងៗ។ បន្ទាប់ពីដង្ហែតុក្កតាចេញពីរង្វង់មូលវត្តដំណាក់ និងយកទៅតម្កល់ទុកនៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប រយៈពេលថ្ងៃ ដើម្បីបង្ហាញឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានទស្សនា និងផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍។
 រាល់ឆ្នាំយើងធ្វើឱ្យកម្មវិធីរបស់យើងកាន់តែធំទៅៗ សប្បាយទៅៗ ទាក់ទាញទេសចរ ជាពិសេសនេះជាកម្មវិធីសិល្បៈសហគមន៍ដែលធំជាងគេនៅអាស៊ីអាគ្នេយ៍។ សម្រាប់កុមារក្នុងមួយតុក្កតាៗធ្វើរហូតដល់ទៅ៩០នាក់ អង្គការផ្សេងគ្នាធ្វើរួមគ្នា បង្កើតបានជាតុក្កតាមួយមហស្ចារ្យ ឃើញមានភ្លើងពេលថ្ងៃឡើងព័ណ៌ផ្សេង ពេលយប់ឡើងព័ណ៌ផ្សេង។ដើម្បីជាការលើកទឹកចិត្តដល់ក្រុមសិល្បករ កុមារៗអ្នកស្ម័គ្រចិត្តដែលបានចូលរួមក្នុងគម្រោងខាងលើ លោក អ៊ុន សាវ៉ាន់ អ្នកចាត់ចែងទូទៅនៃគម្រោងតុក្កតាយក្សបានអំពាវនាវដល់មហាជនគ្រប់ទិសទី ជាពិសេសបងប្អូនអ្នកសៀមរាបទាំងអស់សូមបន្តជួយគាំទ្រទាំងកម្លាំងចិត្ត និងថវិកា ដើម្បីឱ្យដំណើរការព្រឹត្តិការណ៍បានដោយរលូននៅក្នុងឆ្នាំបន្ទាប់។
សូមជម្រាបថា តុក្កតាយក្សគឺជារូបត្លុកទីងមោងកំប្លែងបែបសិល្បៈ ដែលអាចមានចលនាបាន ដើម្បីបង្កបរិយាកាសរីករាយ ដល់ការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរ តែក៏ត្រូវបានជ្រើសរើសយ៉ាងផ្ចិតផ្ចង់ និងមានបង្កប់អត្ថន័យខ្លឹមសារតំណាង ឱ្យសិល្បៈ វប្បធម៌ បរិស្ថាន និងភាពច្នៃប្រឌិតនៃការបង្កើតថ្មីផងដែរ៕

Comments

Related posts