ដំណើរការឡើងវិញ របស់ក្រុមហ៊ុនសិប្បករអង្គរ បានផ្តល់ឱកាសការងារដល់សិប្បករខ្មែរជាង២០០នាក់

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

IMG_1659

IMG_1674

IMG_1676

IMG_1661

IMG_1662

IMG_1665

IMG_1666

IMG_1670

IMG_1668

IMG_1673

MC.សិប្បករអង្គរឬ(អាទីសង់អង្គរ)មានទីតាំងក្នុងក្រុងសៀមរាប បានបើកដំណើរការអាជីវកម្មលើការផលិតកែច្នៃមានដូចជា៖ តម្បាញសូត្រ ចម្លាក់ថ្ម ឈើ និងខ្មុកម្រ័ក្សរបស់ខ្លួនអស់រយៈ២៥ឆ្នាំមកហើយ ដោយបានចូលរួមចំណែកបណ្តុះបណ្តាល ផ្តល់ឱកាសប្រជាពលរដ្ឋជាពិសេសយុវជន ឱ្យមានការងារធ្វើ និងបានចូលរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាកេរដំណែលវប្បធម៌ និងសិល្បៈ ផ្នែកចម្លាក់ និងតម្បាញសូត្រ ដែលជាមរតកដូនតា និងបានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងសិល្បៈខ្មែរ ទៅលើឆាកអន្តរជាតិ តាមរយៈការទាក់ទាញភ្ញៀវបរទេសមកទស្សនាផងដែរ។
លោក កាយ ឡូត អគ្គនាយកក្រុមហ៊ុនសិប្បករអង្គរ (អាទីសង់អង្គរ)បានឱ្យដឹងថា បន្ទាប់ពីខកខានដំណើរការអស់រយៈពេលជិត៣ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ នាដើមឆ្នាំ២០២០ ក្រុមហ៊ុនសិប្បករអង្គរ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចប្រតិបត្តិករ និងអ្នកបម្រើការនៅក្នុងវិស័យទេសចរណ៍ផ្សេងទៀតដែរ។ លោកថា មកដល់ពេលនេះ ស្ថានភាពនៃវិបត្តិកូវីដ១៩ត្រូវបានបញ្ចប់ ហើយវិស័យទេសចរណ៍កំពុងវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ដែលជាសញ្ញាវិជ្ជមានមួយបង្ហាញថា សិប្បករអង្គរដល់ពេលត្រូវបន្តបេសកម្មរបស់ខ្លួនឡើងវិញ ទើបសិប្បករអង្គរបានបើកដំណើរការឡើងវិញជាផ្លូវការ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ និងទទួលបានការគាំទ្រពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិរហូតមក។ ជាបន្តបន្ទាប់ក្រុមហ៊ុនបានស្ថាបនាហាងសៀមរាបថ្មី ដែលមានលក្ខណៈធំទូលាយ បង្កលក្ខណៈងាយស្រួលសម្រាប់ទទួលស្វាគមន៍ភ្ញៀវចូលមកទស្សនា ដែលបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ។ 
លោកថា សេវាកម្មជាច្រើនដែលក្រុមហ៊ុនសិប្បករបានផលិតកែច្នៃមានដូចជា៖ តម្បាញសូត្រ ចម្លាក់ថ្ម ឈើ និងខ្មុកម្រ័ក្សសម្រាប់លក់និងបង្ហាញជូនទេសចរជាតិ និងអន្តរជាតិបានចូលទស្សនា។ បច្ចុប្បន្នមានសិប្បករចំនួន២៥០នាក់ កំពុងបម្រើការងារនៅក្នុងអាទីសង់អង្គរ និងកំពុងបន្តប្រមូលយកសិប្បករដែលមានស្នាដៃចាស់ៗធ្លាប់បម្រើការងារនៅទីនេះឱ្យត្រឡប់មកវិញ ដើម្បីបំពេញកិច្ចការងាររបស់ខ្លួន។ ទាំងនេះបង្ហាញថា សិប្បករអង្គរមិនត្រឹមតែចូលរួមចំណែកលើកស្ទួយសិល្បៈចម្លាក់ និងតម្បាញសូត្រ ជាកេរដំណែលដូនតាខ្មែរប៉ុណ្ណោះទេ ប៉ុន្តែទីនេះបានផ្តល់ឱកាសមួយសមស្របសម្រាប់ពលរដ្ឋខ្មែរ ឱ្យទទួលបានប្រាក់កម្រៃសមរម្យថែមទៀតផង។
 ដោយសារថាមានទេសចរគាត់ចាប់ផ្តើមមកទស្សនាប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាបនេះជាបណ្តើរៗ ដូច្នេះយើងក៏បានរៀបចំឱ្យមានដំណើរការឡើងវិញនៅគ្រប់ផ្នែកនៅក្នុងក្រុមហ៊ុនយើងបានរៀបចំដំណើរការឡើងវិញនៅរោងជាង ដើម្បីភ្ញៀវទេសចរមកទស្សនាអំពីស្នាដៃវប្បធម៌របស់ខ្មែរយើង ហើយយើងនឹងបន្តធ្វើការងារនេះតទៅមុខទៀត នៅឆ្នាំ២០២៤នេះយើងព្យាយាមដំណើរការឡើងវិញដែលនៅទីតាំងមជ្ឍមណ្ឌលសូត្រនៅពួក ដែលសព្វថ្ងៃនេះយើងមិនទាន់បើកឱ្យភ្ញៀវទស្សនានៅឡើយទេ តែប្រហែលជានៅពាក់កណ្តាលឆ្នាំនេះយើងនឹងបើកដំណើរការឡើងវិញ។
សូមជម្រាបថា សិប្បករអង្គរ ត្រូវបានបង្កើតឡើងកាលពីប្រមាណ២៥ឆ្នាំមុន គឺជាក្រុមហ៊ុនដែលមានលក្ខណៈសង្គមដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានវិវត្តចេញពីគម្រោងអប់រំមួយឈ្មោះថា ការដ្ឋានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តដោយក្រសួងអប់រំយុវជន និងកីឡា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងកម្មវិធីរបស់សហគមន៍អឺរ៉ុប ដែលផ្តោតទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារ និងផ្តល់ការងារដល់សិប្បករដែលបានទទួលការបណ្តុះបណ្តាលនិងហ្វឹកហាត់រួច។
គោលដៅចម្បងរបស់សិប្បករអង្គរ រួមមានដូចជា៖ ១.បង្កើតនិងផ្តល់ការងារដល់យុវជន និងយុវនារីខ្មែរ។ ២. ចូលរួមលើកស្ទួយ និងផ្សព្វផ្សាយកេរដំណែលវប្បធម៌ខ្មែរ តាមរយៈការរចនាច្នៃប្រឌិតផលិតផល និងលក់វត្ថុសិល្បៈផលិតថ្មី និងទី៣. អភិវឌ្ឍន៍ក្រុមហ៊ុនឱ្យក្លាយជាគោលដៅទេសចរណ៍មួយ ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប៕

Comments

Related posts