វិស័យឯកជននិងក្រសួងពាក់ព័ន្ធគ្រោងច្រៀងចម្រៀងតែមួយរួមគ្នា ដើម្បីទាក់ទាញដៃគូវិនិយោពីប្រទេសអូស្ត្រាលី

 

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ២៦/០២/២០២៤ 

IMG_1687

IMG_1686

វិស័យឯកជនកម្ពុជានឹងរួមគ្នាច្រៀងចម្រៀងតែមួយជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅទាក់ទាញដៃគូវិនិយោគពីប្រទេសអូស្ត្រាលីមកបណ្តាក់ទុនវិនិយោគលើទឹកដីកម្ពុជា ក៏ដូចជាជំរុញការនាំចេញទៅកាន់ប្រទេសអូស្ត្រាលីនូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃ។
នៅក្នុងកម្មវិធីតម្រង់ទិសស្តីពីបេសកកម្មកសិ-ធុរកិច្ច និងវិនិយោគទៅកាន់ប្រទេសអូស្ត្រា លី ដែលសហការរៀបចំឡើងដោយសមាគមវិនិយោគិន, នវានុវត្តន៍, និងអភិវឌ្ឍន៍ (IDI) គឺបានឱ្យមានការច្រៀងចម្រៀងរួមគ្នា ដើម្បីបំផុសឱ្យមានការចាប់អារម្មណ៍ពីក្រុមវិនិយោគិន នៅប្រទេសអូស្រ្តាលី។
ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) តំណាងឱ្យកម្ពុជា ដែលបានចូលរួមជាអធិបតីបានលើកឡើង ពីគោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្តល់ធាតុចូលនិងអនុសាសន៍ពាក់ព័ន្ធនឹងដំណើរបេសកកម្មខាងលើជូនគណៈប្រតិភូដែលគ្រោងនឹងអញ្ជើញចូលរួមលើទឹកដីនៃទីក្រុង Melbourne ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI, ធុរជន, និងវិនិយោគិនក្នុងស្រុកទាំងអស់ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំបេសកកម្មធុរកិច្ចខាងលើស្របពេលជាមួយ ការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។
ឯកឧត្តមបានបង្ហាញនូវក្តីជឿជាក់ថា គណៈប្រតិភូដែលចូលរួមក្នុងបេសកកម្មនេះនឹងរួមគ្នាច្រៀងចម្រៀងតែមួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពជាក់ស្តែងនិយមរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សំដៅទាក់ទាញដៃគូវិនិយោគិនពីប្រទេសអូស្ត្រាលីមកបណ្តាក់ទុនវិនិយោគលើទឹកដីកម្ពុជា ក៏ដូចជាជំរុញការនាំចេញទៅកាន់ប្រទេសអូស្ត្រាលីនូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃរបស់កម្ពុជា ជាពិសេសលើវិស័យកសិ-ចំណីអាហារ។ 
គួរបញ្ជាក់ជូនផងដែរថា កម្មវិធីតម្រង់ទិសដែលបានរៀបចំកន្លងមកនេះ គឺមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, សមាគម IDI, និងវិស័យឯកជនសរុបប្រមាណ ៣០រូប៕

Comments

Related posts