លំហាត់ប្រាណនិងការកំណត់របបអាហារបានត្រឹមត្រូវ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាព

 

វិទ្យុជាតិកម្ពុជា  ៖ ស៊ឹង សុផារី ២៦.០២.២០២៤

IMG_1716

IMG_1719

IMG_1718

IMG_1717

មន្រ្តីជំនាញផ្នែកសុខភាពបានឱ្យដឹងថា លំហាត់ប្រាណនិងការកំណត់របបអាហារបានត្រឹមត្រូវ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដែលជួយទ្រទ្រង់លទ្ធផលសុខភាពឱ្យមានចីរភាពរយ:ពេលយូរ ទប់ស្កាត់មិនឱ្យរាងកាយឡើងទម្ងន់ខ្លាំង ។ 

លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការហាត់ប្រាណទៀងទាត់ និងបរិភោគអាហារចម្រុះមុខជាប្រចាំ មានសារៈសំខាន់ណាស់សម្រាប់សុខភាពមនុស្សទាំងអស់គ្នា ប្រសិនបើមនុស្សវ័យជំទង់និងយុវជន ហាត់ប្រាណតែមួយមុខ ដោយមិនគិតគូរដល់របបអាហារដែលមានសុខភាពល្អទេនោះ ក៏មិនអាចគ្រប់គ្រងទម្ងន់ និងការពារសុខភាពបានឡើយ ដូច្នេះរបបអាហារដែលមានសុខភាពល្អ គឺជាអាហារចម្រុះ ដែលជួយការពារនូវបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ទាំងអស់ ។
លោកបានបន្តថា តាមការសិក្សាជាច្រើនបានបង្ហាញថា នៅពេលដែលរាងកាយមនុស្សមានភាពសកម្មជាប្រចាំ រួមជាមួយនឹងការអនុវត្តន៍របបអាហារសុខភាព បានទៀងទាត់ គឺអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង, ជំងឺលើសឈាម, លើសជាតិស្ករនិងខ្លាញ់, ជួយបង្កើនសាច់ដុំរាងកាយ និងធ្វើឱ្យសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត មានភាពប្រសើរឡើង ។ 
 « ក្នុងពេលជាមួយគ្នានេះដែរ ប្រសិនបើយើងហាត់ប្រាណតែមួយមុខ មិនគិតគូរដល់របបអាហារដែលមានសុខភាពល្អ យើងក៏មិនអាចគ្រប់គ្រងទម្ងន់និងការពារសុខភាពរបស់យើងបាននៅឡើយ នេះគឺយោងតាមការសិក្សា របបអាហារដែលមានសុខភាពល្អ គឺជារបបអាហារចម្រុះ មានបន្លែ ផ្លែឈើ ត្រី សាច់ គ្រាប់ធញ្ញជាតិជាដើម ការបរិភោគអាហារដែលមានកម្រិតជាតិស្ករ ខ្លាញ់ និងអំបិលទាប ក៏រួមចំណែកធ្វើឱ្យសុខភាពយើងបានល្អផងដែរ »។
យោងតាមអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ការហាត់ប្រាណបានទៀងទាត់អាចជួយការពារនិងគ្រប់គ្រងជំងឺទឹកនោមផ្អែម, ជំងឺបេះដូង, ជំងឺមហារីក និងជំងឺផ្សេងៗទៀតបានយ៉ាងល្អ ។ ការធ្វើឱ្យរាងកាយរបស់ខ្លួនមានភាពសកម្មភាព ក៏អាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ ព្រមទាំងពង្រឹងស្មារតី, បង្កើនលទ្ធភាពរៀនសូត្រ ប្រសិទ្ធភាពការងារ និងលើកកម្ពស់សុខុមាលភាពទូទៅ ។ ដើម្បីទទួល បានសុខភាព និងសុខុមាលភាពល្អប្រសើរ មនុស្សពេញវ័យគួរហាត់ប្រាណដោយការដើរ, ការស្រោចទឹកដំណាំ, ការលេងកីឡា, ការធ្វើចលនាខ្លួនប្រាណក្នុងពេលកំពុងអង្គុយមើលទូរទស្សន៍និងកម្មវិធីផ្សងៗ ការដើរឡើងជណ្ដើរជាដើម ឱ្យបានយ៉ាងហោចណាស់ពី១៥០ ទៅ៣០០នាទីក្នុងមួយសប្តាហ៍ ហើយសម្រាប់កុមារ និងយុវវ័យគួរធ្វើឱ្យរាងកាយមានសកម្មភាព ឬហាត់ប្រាណយ៉ាងហោចណាស់ បានរយៈពេល៦០នាទីក្នុងមួយថ្ងៃ ៕

Comments

Related posts