ក្រសួង-ស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ បញ្ហាកុមារក្រិសក្រិន និងកុមារស្គមស្គាំងឱ្យកាន់តែទូលំទូលាយ

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ ២៦ ០២ ២០២៤

IMG_1768-1

IMG_1767-1

MC៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ បញ្ហាកុមារក្រិសក្រិន និងកុមារស្គមស្គាំងឱ្យកាន់តែ ទូលំទូលាយ ដើម្បីធ្វើយ៉ាងណាការពារកុំឱ្យកុមារឈានចូលទៅក្នុងដំណាក់កាលក្រិសក្រិន ជាពិសេស រួមចំណែកជួយទៅដល់កុមារស្គមស្គាំង ឱ្យវិលត្រឡប់មកមានសុខភាពល្អវិញ ។ 
  ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានមាន ប្រសាសន៍ថា យោងតាមទិន្នន័យអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ ដែល ក្រសួងផែនការនិងក្រសួងសុខាភិបាលបានធ្វើការស្រាវជ្រាវ បានបង្ហាញថា ទំហំនៃកុមារ ដែលមាន ការក្រិសក្រិនគឺមានការថយចុះ បើធៀបនឹងឆ្នាំ២០១៤ មានចំនួនរហូតដល់៣២ភាគរយ ប៉ុន្តែបច្ចុប្បន្ននេះ ចុះមកត្រឹម២២ភាគរយប៉ុណ្ណោះ ។  ទោះបីតួលេខនេះមានអត្រាថយចុះក៏ពិតមែន តែបើប្រៀបធៀបនៅ តាមបណ្ដាប្រទេសផ្សេងៗគឺកម្ពុជានៅតែមានអត្រាខ្ពស់ចំពោះបញ្ហាក្រិសក្រិននេះ ។ ក្នុងនោះ អត្រាប្រេវ៉ាឡង់ នៃភាពស្គមស្គាំងដែលត្រូវបានគេស្គាល់ថា ជាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ នៅតែមាន អត្រា១០ភាគរយដដែល ។
ឯកឧត្តមវេជ្ជបណ្ឌិត បានបន្តថា ទាំងនេះគឺជាចំណុចដ៏សំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ រួមគ្នាជាមួយអង្គការដៃគូមួយចំនួនទាំងជាតិនិង អន្តរជាតិកម្ពុជា សហការយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបញ្ហាកុមារក្រិសក្រិន និងកុមារស្គមស្គាំង មានអត្រាថយចុះជាបន្តបន្ទាប់ ។
« យើងមានបញ្ហា២ដែលធំ បញ្ហាទីមួយគឺក្មេងក្រិសក្រិន គឺចង់និយាយថា កុមារអាយុច្រើន តែកម្ពស់ទាប ចឹងពាក្យថាក្រិសក្រិននេះមានផលប៉ះពាល់ច្រើនណាស់ ទៅដល់ការអភិវឌ្ឍខួរក្បាល របស់គាត់ នៅពេលដែលកុមារធំដឹងក្ដីគឺក្មេងដែលមានបញ្ហានេះ ការរៀនសូត្រមិនដូចក្មេងដែលមាន សុខភាពល្អ ការចងចាំខ្សោយ ការអភិវឌ្ឍខួរក្បាលរបស់ក្មេងក៏មានភាពយឺតយ៉ាវ ហើយនៅពេលដែល ចេញធ្វើការក៏ផលិតភាពការងាររបស់ក្មេងនោះ មិនដូចក្មេងដែលមានសុខភាពល្អដែរ ។ឯកឧត្តមវេជ្ជបណ្ឌិតបន្ថែមថា ចំពោះបញ្ហាកុមារស្គមស្គាំង ទោះបីជាផលប៉ះពាល់ធ្ងន់ធ្ងរមានតិចជាង កុមារ ដែលក្រិសក្រិនក៏ពិតមែន ក៏ប៉ុន្តែក៏ជាសញ្ញាមួយ ដែលទាមទាររួមគ្នាដោះស្រាយបញ្ហាផងដែរ  ។ ពោលនៅ ពេលដែលមានក្មេងដែលស្គមស្គាំងនោះ គឺអាចជួយឱ្យក្មេងនោះមានសុខភាពល្អ។  
 យោងតាមសៀវភៅផែនការប្រតិបត្តិឆ្នាំ២០២៣-២០២៨ របស់ក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យ កសិកម្មនិងជនបទបានបញ្ជាក់ថា ខេត្តមួយចំនួនរួមមាន៖ ខេត្តរតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង និង ពោធិ៍សាត់ គឺបានបង្ហាញពីអត្រាភាគរយខ្ពស់នៃកុមារកង្វះអាហារូបត្ថម្ភ ខណៈដែលលទ្ធភាពប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ មានកម្រិតទាប រួមទាំងសេវាអាហារូបត្ថម្ភ និងសេវា សុខភាពផ្សេងៗទៀតក៏នៅមានកម្រិតទាបផងដែរ។
    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពនិងគោលដៅរបស់ខ្លួន រួមទាំងការកាត់បន្ថយនូវបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ និងការលើក កម្ពស់អាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា ដោយបង្កើតឱ្យមានកិច្ចអន្តរាគមន៍ជាពហុវិស័យ សំដៅកែលម្អ អាហារូបត្ថម្ភ បង្កើនលទ្ធភាពទទួលបានសេវាសុខភាពប្រកបដោយគុណភាព រួមមានការបង្កើនតំបន់ គ្របដណ្ដប់ដោយការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជាមូលដ្ឋានការត្រួតពិនិត្យការលូត លាស់របស់កុមារ និងការគ្រប់គ្រងកង្វះអាហារូបត្ថម្ភ ស្រួចស្រាល់ ៕

Comments

Related posts