ចម្រឹងបង្អួចចំនួន២នៅប្រាសាទអង្គរវត្ត ត្រូវបានជួសជុលឱ្យរួចផុតពីហានិភ័យ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

a49

a45

a46

a47

a44

a48

MC. អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួយសង្រ្គោះចម្រឹងបង្អួចចំនួនពីរទីតាំងនៅប្រាសាទអង្គរវត្ត ឱ្យរួចផុតពីហានិភ័យឡើងវិញ ទើបយកទៅដាក់នៅទីតាំងដើមវិញ ដើម្បីលើកសោភ័ណភាព និងលើកតម្លៃសំណង់បុរាណ។
លោក សយ សុភារិន្ទ អ្នកជំនាញអភិរក្សថ្ម របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមអ្នកជំនាញកំពុងជួសជុលចម្រឹងបង្អួចចំនួន២ ដែលប្រឈមនិងហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ ចម្រឹងបង្អួចទាំង២នោះ មួយនៅរួតព្រះពាន់ ផ្នែកខាងក្រៅនាទិសឦសាន បានបាក់ជាពីរកំណាត់ និងមួយទៀត នៅខ្លោងទ្វារចូលខាងមុខប្រាសាទអង្គរ ចំណុចផ្លូវដំរីទិសខាងជើង ដែលបាក់ជាបួនកំណាត់ និងមានស្នាមប្រេះដោយអន្លើៗ ថែមទាំងបែកមួយចំហៀងនៃសាច់ថ្មរបស់ចម្រឹងបង្អួច។
លោកថា ក្រោយពេលពិនិត្យឃើញថា ស្ថានភាពចម្រឹងបង្អួចទាំងនោះ មានសភាពទ្រុឌទ្រោមខ្លាំង និងមិនមានលំនឹង ក្រុមការងារក៏បានចាត់វិធានការសង្គ្រោះបឋម ដោយចងក្រៀកជាមួយនិងឈើទប់លំនឹង ជាបណ្តោះអាសន្នដើម្បីកុំឱ្យធ្លាក់ នៅមុនពេលជួសជុល។ លោកបន្តថា ចម្រឹងបង្អួចទី១ ដែលនៅខ្លោងទ្វារចូល នៅចំណុចផ្លូវដំរីមានគុណភាពល្អ គ្រាន់តែបាក់មួយកំណាត់ផ្នែកគល់ ទាមទារការជួសជុល និងព្យាបាលតាមដំណាក់ ដូចជា៖ សម្អាតស្ងួត សម្អាតសើម ដកជាតិអំបិល តភ្ជាប់ដោយដាក់ស្នូល និងបិតកាវភ្ជាប់សាច់ថ្ម បិតកំបោរបាយអ តាមមុខដំណរ ការពារដើម្បីកុំឱ្យជ្រាបទឹក និងបន្ថែមថ្មថ្មីតាមកន្លែង ដែលបាត់សាច់ថ្ម ដើម្បីជួយទ្រតួចម្រឹងទាំងមូលឡើងវិញ។ រីឯចម្រឹងបង្អួចទី២ ដែលយកមកពីផ្នែកខាងក្រៅជ្រុងឦសាននៃថែវទី២វិញ មានសភាពទ្រុឌទ្រោម និងចុះខ្សោយខ្លាំង ដោយសារតែបាត់ថ្មមួយចំហៀង ធ្វើឱ្យក្រុមការងារព្យាយាមជួសជុលពង្រឹង ព្យាបាលតភ្ជាប់ និងបន្ថែមថ្មថ្មីត្រង់កន្លែង ដែលបាត់ ដើម្បីឱ្យរឹងមាំនិងមានលំនឹងដូចដើមឡើងវិញ។
ចម្រឹងបង្អួចពីរហ្នឹងយើងប្រៀបធៀបទៅស្ថានភាពវាខុសគ្នា ដោយចម្រឹងបង្អួចនេះសាច់វារឹងមាំ វាអត់មានបញ្ហារឿងការពុកផុយអីទេ ប៉ុន្តែវាមានស្នាមប្រេះតិចៗ បញ្ហាមែនទេនគឺនៅគល់នេះ ដែលវាបាក់ព្រោះគល់នេះវាស្តើង មកខាងនេះក្រាស់ អ៊ីចឹងយើងប៉ូវថ្ម អានេះមិនសូវមានបញ្ហាទេ បញ្ហាអានេះ អានេះមើលទៅវាពុកមែនទែនហើយ វានៅសល់មួយចំហៀង អ៊ីចឹងការព្យាយាមការជួសជុលចម្រឹងបង្អួចហ្នឹង ចម្រឹងខ្លះវាទាមទារពេលវេលា ដូចមួយ នេះស្អែកខានស្អែកហើយៗ យកទៅដាក់បាន ប៉ុន្តែមួយនេះយើងត្រូវការពេលវេលា បើទុកឱ្យមានប្រសិទ្ធភាពរយៈពេលពីរអាទិត្យទៅមួយខែ បានវាប្រតិកម្មទៅអាជាតិអេទីលហ្នឹង វាទៅចងភ្ជាប់គ្រាប់ខ្សាច់មួយៗនៅក្នុងថ្មឡើងវិញ។
បើតាមអ្នកជំនាញអភិរក្សថ្មបញ្ជាក់ថា ការខូចខាតចម្រឹងបង្អួចទាំង២ បណ្តាលមកពីអាយុកាលនៃថ្ម អាកាសធាតុ ក្ដៅ សើម ពិសេសសំណើម ដែលធ្វើឱ្យមានទឹកជ្រាបចូលតាមថ្នេរថ្ម ឬស្នាមប្រេះរបស់ថ្ម បណ្ដាលឱ្យថ្មឆាប់ពុកផុយ។ អ្នកជំនាញរូបនេះ សំណូមពរចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាប្រាសាទអង្គរវត្ត សូមចៀសវាង កុំចាប់តោងចម្រឹងបង្អួច ព្រោះចម្រឹងទាំងនោះមិនរឹងមាំទេ ដោយសារចម្រឹងបង្អួចមិនមែនជារចនាសម្ព័ន្ធអាចទ្រទម្ងន់ឡើយ គឺវាគ្រាន់តែជាគ្រឿងលម្អប៉ុណ្ណោះ៕

Comments

Related posts