ថ្មដែលរាយប៉ាយរាប់រយដុំ នៅបរិវេណប្រាសាទអ្នកតាវាំង ត្រូវបានសម្អាត និងចុះបញ្ជីថ្ម ដើម្បីរៀបផ្គុំ សាកល្បងឡើងវិញ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤

IMG_2011-1

IMG_2003-1

IMG_1997

IMG_1999

IMG_1998

IMG_2010

IMG_2008-1

MC. ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ មានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុង  ទៅហើយ ដោយសារកត្តាជាច្រើន មានធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។ ដើម្បីកិច្ចការងារអភិរក្សសំណង់បុរាណ អាជ្ញាធរជាតិអប្សរា កំពុងធ្វើសម្រង់ថ្ម ដែលធ្លាក់រាយប៉ាយ នៅជុំវិញនោះ ដើម្បីស្វែងរកថ្ម រួចធ្វើការសម្អាត និងអាចរៀបផ្គុំប្រាសាទឱ្យមានរូបរាងឡើងវិញ។
លោក រស់ វិសុទ្ធ មន្ត្រីអភិរក្សប្រាសាទភ្នំក្រោម នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា រយៈពេលជាងមួយខែកន្លងមកហើយ ដែលក្រុមការងារនៃនាយកដ្ឋានលោក បានចុះមកកាន់ ទីតាំងប្រាសាទអ្នកតាវាំងនេះ ពិនិត្យមើលកិច្ចការងារមួយចំនួន ដើម្បីអភិរក្សប្រាសាទ ដែលរង ការខូចខាតទ្រុឌទ្រោម នៅសល់តែគ្រឹះខាងក្រោម ថ្មធ្លាក់រាយប៉ាយ និងមានការរំលោភបំពាន ពីសំណាក់ពលរដ្ឋរស់នៅក្បែរៗនោះ ដោយបានចាក់ដីលុប និងសាងសង់សំណង់ថ្មីពីលើ។ 
លោកថាក្រៅពីការងារបោសសម្អាត នៅជុំវិញបរិវេណប្រាសាទ ក្រុមការងារកំពុងធ្វើបច្ចុប្បន្នភាព ទៅលើថ្មដែលនៅរាយប៉ាយ ធ្វើការសម្អាតថ្ម បង់លេខថ្ម ទើបចុះបញ្ជី ដើម្បីបានដឹងថា ថ្មមានក្បាច់ ចំនួនប៉ុន្មានដុំ ថ្មជញ្ជាំងចំនួនប៉ុន្មានដុំ ថ្មសសរផ្អោបនិងថ្មសសរពេជ្រចំនួនប៉ុន្មាន និងចំនួនថ្មផ្សេងៗទៀត  ដោយត្រូវធ្វើសម្រង់ថ្មឡើងវិញទាំងអស់។ ប៉ុន្តែជំហានដំបូងត្រូវធ្វើសម្រង់ថ្មណា ដែលមានក្បាច់រចនា ឬ រូបរាងគ្រប់គ្រាន់។ លោកបន្តថា បន្ទាប់ពីការសម្រង់និងចុះបញ្ជីថ្មរួចរាល់ហើយ ទើបចាប់ផ្តើមការ ជួសជុលឬរៀបផ្គុំថ្មសាកល្បងឡើងវិញទៅតាមក្រុមថ្មនីមួយៗ ទើបស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីសិក្សាគម្រោងជួសជុលរៀបផ្គុំប្រាសាទអ្នកតាវាំងនេះឱ្យមានរូបរាងឡើងវិញ។
ខ្ញុំបារម្ភថាថ្ងៃក្រោយទៅវាមានការកើនសំណង់បន្ថែម នៅទីតាំងនេះទៀតទើប យើងគិតថា ត្រូវតែរួសរាន់ក្នុងការរៀបចំការងារនេះ ឱ្យមានការអភិរក្សនៅទីតាំងនេះ ហើយសកម្មភាពការងារ ដូចដែលក្រុមការងារយើងបានឃើញ ហើយខ្ញុំចង់ឱ្យប្រជាពលរដ្ឋនៅក្នុងភូមិនេះ ក៏ដូចជា អាជ្ញាធរ ដែនដីគាត់ដឹងថាទីនេះមិនមានបោះបង់ចោលទេ ទីនេះជាប្រាសាទ ប្រាសាទបុរាណនៅទីណាក៏ដោយ គឺមានតម្លៃដូចនៅតំបន់អង្គរអ៊ីចឹង ក្នុងព្រះរាជក្រឹត្យ០០១ បាននិយាយថាទោះបីថានៅក្នុងតំបន់៣ តំបន់៤ តំបន់៥ក៏ដោយឱ្យតែមានប្រាសាទ ហើយមានការកំណត់តំបន់ការពារ តម្លៃនៃការគ្រប់គ្រងគឺស្មើនឹង តំបន់១ នេះហើយជាព្រះរាជក្រិតដែលយើងអាចយកមកប្រើក្នុងការគ្រប់គ្រងបេតិកភណ្ឌប្រាសាទនៅតំបន់ក្រៅៗបាន។
តាមរយៈឯកសារសាលាបារាំងចុងបូព៌ាបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៩៧២ បារាំងធ្លាប់បានមកធ្វើកំណាយ ស្រាវជ្រាវ នៅលើទីតាំងនេះ ម្តងរួចមកហើយ កាលនោះនៅកំពូលខាងលើប្រាសាទ មានសំណង់ ប្រក់ក្បឿង សម្រាប់គោរពបូជាអ្នកតា។
អាជ្ញាធរជាតិអប្សរាសំណូមពរដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្បែរៗប្រាសាទ ទាំងអស់ សូមចូលរួមថែរក្សាការពារ និងអភិរក្ស មិនថាប្រាសាទនោះ តូចឬធំឡើយ ត្រូវឈ្វេងយល់ និងផ្តល់តម្លៃដល់សំណង់បុរាណទាំងអស់ ដើម្បីបន្តថែរក្សាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក៕

Comments

Related posts