ព្រះករុណាព្រះមហាក្សត្រកម្ពុជាអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៩ ២ ២០២៤

IMG_2300

IMG_2301

IMG_2304

IMG_2303

IMG_2302

 

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យ អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ដើម្បីចូលរួមលើកស្ទួយមរតកខ្មែរទូទាំងប្រទេស។

   តាមព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា អបអរសាទរយ៉ាងជ្រាលជ្រៅ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ ទាំងអស់ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំលឹកដល់គុណូបការៈ ចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណ និងអាយុជីវិត ក្នុងការបង្កើតសម្បត្តិវប្បធម៌ដ៏សម្បូរបែបដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានថែរក្សា ការពារទុកឱ្យកូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ជាតិ ទំនៀមទម្លាប់ ប្រពៃណី និងមនសិការស្នេហាជាតិ ចូលរួមលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ និងថែរក្សា ការពារអត្តសញ្ញាណជាតិ មាតុភូមិ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ។

   ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយប្រគេន សូមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។សូម សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ព្រះមេត្តាទទួលនូវវត្តប្រណិប័តន៍ដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត៕

Comments

Related posts