គិតត្រឹមដើមឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដីខេត្តកំពង់ធំ បានចុះបញ្ជីធ្វើប្លង់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានប្រហែលជា ៦០ភាគរយ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៤ មីនា ២០២៤

IMG_2729

IMG_2728

IMG_2730

IMG_2727

IMG_2726

IMG_2725

IMG_2717

IMG_2718

MC៖ គិតត្រឹមដើមឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដីខេត្តកំពង់ធំ បានចុះបញ្ជីក្បាលដីប្លង់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានប្រហែលជា៦០ភាគរយ នៃចំនួនផ្ទៃដីនៃខេត្តកំពង់ធំទាំងមូល ហើយនឹងបន្ដខិតខំពន្លឿនការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ឱ្យរួចរាល់នៅឆ្នាំ២០២៥ខាងមុខ ដែលធានាបាននូវសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី។
លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជាឱ្យដឹងថា ការចុះបញ្ជីប្លង់កម្មសិទ្ធិនេះ ពិតជាមានសារៈសំខាន់ណាស់ គឺទីមួយចូលរួមកាត់បន្ថយភាពក្រីក្រ មានន័យថានៅពេលដែលប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិ គាត់អាចយកទៅប្រើប្រាស់ក្នុងការទាញយកផលប្រយោជន៍បាន ដោយអាចយកទៅដាក់នៅធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីយកថវិកាធ្វើជាទុនសម្រាប់ដោះស្រាយជីវភាពគ្រួសារ និងទី២កាត់បន្ថយទំនាស់ ។
លោកប្រធានមន្ទីរ បានឱ្យដឹងថា គិតត្រឹមថ្ងៃចុះបញ្ជីដំបូង រហូតមកដល់ដើមឆ្នាំ២០២៤នេះ មន្ទីរប្រមូលបានទិន្នន័យជាង៣៤.៥០០ក្បាលដី (៣៤៥៥៧) ក្នុងនោះចេញបណ្ណបានជាង២៩៩ពាន់ក្បាលដី (២៩៩២៦២) បើគិតជាភាគរយបានប្រហែលជា៦០ភាគរយ នៃចំនួនផ្ទៃដីនៃខេត្តកំពង់ធំទាំងមូល។ លោកបញ្ជាក់ថា តាមការប៉ាន់ប្រមាណក្បាលដីមិនទាន់បានចុះបញ្ជីមានចំនួនជាង ២២.០០០ក្បាលដី លើ៣៧៧ភូមិ ៤៧ឃុំ និង៧ស្រុក  ដែលផែនការនេះ មន្ទីរគ្រោងធ្វើរយៈពេល២ឆ្នាំ គឺពីឆ្នាំ២០២៤ និងឆ្នាំ២០២៥ ឱ្យស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាទិសដៅរបស់ក្រសួងរៀបចំដែនដី ត្រូវ តែចុះបញ្ជីបញ្ចប់នៅទូទាំងប្រទេស។
« ទន្ទឹមនឹងផែនការនេះមន្ទីរបានរៀបចំក្រុមការងារចំនួន៧ក្រុម ដែលបូករួមទាំងអស់គ្នា មានមន្ត្រីមន្ទីរ២៥នាក់ មន្ត្រីការិយាល័យក្នុងស្រុក៣០នាក់ មន្ត្រីកិច្ចសន្យា២នាក់ អ្នកស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម២៦នាក់ ជាមួយអ្នកស្ម័គ្រចិត្តនៅតាមភូមិឃុំទាំងអស់៦៦នាក់។ដូចនេះសរុប ១៤៩នាក់ ដែលទាំង៧ក្រុមនេះ គឺចាប់អនុវត្តន៍ពីខែ    មករា២០២៤ទៅ ដូចនេះគឺជាទិសដៅដែលមន្ទីរបានរៀបចំគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥»។
លោក ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសបងប្អូនដែលមានដីនៅតំបន់២ និងតំបន់៣ សូមចូលរួមសហការទាំងអស់គ្នាដើម្បីជំរុញការវាស់វែងឱ្យបានលឿន។
   លោកស្រី សម សារ៉ន ប្រជាពលរដ្ឋ នៅភូមិកំពង់រទេះ ឃុំកំពង់រទេះ បានប្រាប់វិទ្យុជាតិកម្ពុជាថា ។។។។។ការចុះបញ្ជីដីធី្លមានសារៈសំខាន់ ដើម្បីសម្គាល់ថាវាជារបស់យើង បើសិនជាមិនបានធ្វើទេ វានឹងក្លាយទៅជារបស់អាណាធិបតេយ្យ មិនដឹងជារបស់អ្នកណាឱ្យពិតប្រាកដ។
 «អត់មានពិបាកអ្វីទេហៅយើងទៅធ្វើល្អខ្ញុំអរគុណដល់រាជរដ្ឋាភិបាលដែលជួយធ្វើ ប្លង់ប្រជាជនទាំងអស់គ្នា ដោយមិនបង់ប្រាក់»។
គួរជម្រាបថា មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានដាក់ចំណុចអាទិភាពសំខាន់ៗដល់ក្រុមការងាររួមមាន៖ទី១. ត្រូវមានវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវខ្ពស់។ ២. ត្រូវប្រើពាក្យសម្ដីឱ្យសមរម្យចំពោះបងប្អូនប្រជាពលរដ្ឋ។ ៣. ត្រូវគោរពពេលវេលាឱ្យបានទៀងទាត់ ។ ៤.សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋគ្រប់ប្រភេទពិសេសជាមួយចាស់ព្រឹទ្ធាចារ្យ ដែលជាម្ចាស់ស្រុកដែនដីនៅទីនោះផ្ទាល់។ ទី៥. មិនទាមទាររកអត្ថប្រយោជន៍លើការងារវាស់វែង ការវិនិច្ឆ័យណាមួយដែលធ្វើឱ្យមានផលប៉ះពាល់ដល់ កិត្តិយស កេរ្តិ៍ឈ្មោះរបស់ស្ថាប័នអង្គភាពទាំងមូល។ និងទី៦.ក្នុងករណីមានការតវ៉ាពីបងប្អូនប្រជាពលរដ្ឋដែលខុសពីផែនទីកាត់ឆ្វៀល ក្រុមការងារត្រូវបញ្ជាក់ដល់ពួកគាត់ពីអនុក្រឹត្យដែលរាជរដ្ឋាភិបាលបានប្រកាសចេញជាផ្លូវការ៕

Comments

Related posts