មន្រ្តីនាំពាក្យក្រសួងការងារ៖ ការគ្រប់គ្រងជនបរទេសនៅលើប្រព័ន្ធអនឡាញ

វិទ្យុជាតិកម្ពុជា៖
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System-FWCMS) សម្រាប់ផ្តល់ជូននូវការបំពេញបែបបទ និងនីតិវិធីការអនុញ្ញាតឱ្យជនបរទេសធ្វើការនៅកម្ពុជានៅលើប្រព័ន្ធអនឡាញ។ នេះបើតាមឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣ មីនា ២០២៤ នេះ។ 
 
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថាប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេសតាមប្រព័ន្ធអនឡាញនេះ និយោជក ឬជនបរទេសអាចស្នើសុំសរវា មានដូចជា ទី១. លិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (សម្រាប់និយោជក) ទី២. ការចុះបញ្ជិកាកិច្ចសន្យាការងារជនបរទេស (សម្រាប់និយោជក) និងទី៣. បណ្ណការងារ និងសៀវភៅការងារជនបរទេស (សម្រាប់សាមីជនបរទេស)។ ទម្រង់បំពេញបែបបទ និងនីតិវិធីទាំងនេះត្រូវបានក្រសួងការងារដាក់នៅលើគេហទំព័ររបស់ក្រសួងផ្ទាល់ ដើម្បីសម្រួលដល់និយោជក និងជនបរទេសប្រើប្រាស់គ្រប់ពេលវេលានៅលើប្រព័ន្ធអ៊ីនធើណេត រួមទាំងមានជាភាសារអង់គ្លេសផងដែរ។ 

ឯកឧត្តមបន្តថាប្រព័ន្ធគ្រប់គ្រងជនបរទេសតាមប្រព័ន្ធអនឡាញត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលទៅដល់ជនបរទេសនូវសេវាកម្មទាំងអស់ដែលទាក់ទងនឹង  បណ្ណ និងសៀវភៅការងារ និងសេវាកម្មនៃច្រកចេញចូលតែមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅលើប្រព័ន្ធអ៊ីនធើណេត។

ឯកឧត្តមគូសបញ្ជាក់ថាការដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងពលករបរទេសតាមប្រព័ន្ធអនឡាញ នេះគឺជាការធ្វើទំនើបកម្មសេវាកម្មបែបឌីជីថលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៥ឆ្នាំ ស្តីអំពីការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ក៏ដូចជាស្របតាមយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះផងដែរ៕DSC01965_1image_2024-03-04_13-39-26

Comments

Related posts