កម្ពុជា-អង់គ្លេស ជំរុញការអភិវឌ្ឍបន្ថែមលើវិស័យសំខាន់ៗជាច្រើនទៀតដែលជាផល ប្រយោជន៍រវាងប្រទេសទាំង២

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៥ ៣ ២០២៤

a2-224

a-199

a1-222

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា  កម្ពុជា-អង់គ្លេស បន្តជំរុញការអភិវឌ្ឍបន្ថែមទៀត លើវិស័យសំខាន់ៗជាច្រើនទៀត ដូចជា វិស័យពាណិជ្ជកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច និងការអប់រំ ដែលជាប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមរួមគ្នា។
 

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងដូច្នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ Anne-Marie Trevelyan រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអង់គ្លេស កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ។ 
ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ការអភិវឌ្ឍបន្ថែមទៀតលើវិស័យសំខាន់ៗមួយចំនួនដូចជាពាណិជ្ជកម្ម ការវិនិយោគ ធនធានមនុស្ស ការអភិវឌ្ឍបៃតង និងថាមពលកកើតឡើងវិញ។
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានរំលឹកឡើងវិញអំពីខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាលពីឆ្នាំមុន ដែលភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតការពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងទាំងពីរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអង់គ្លេសដែលបានផ្តល់ជំនួយ និងការគាំទ្រដល់កម្ពុជា ជាពិសេសការផ្តល់ជូនកម្ពុជានូវគ្រោង ការណ៍ ពាណិជ្ជកម្ម ប្រទេសកំពុងអភិវឌ្ឍន៍  (DCTS) ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួមបញ្ចូលគ្នារវាងការទូតប្រពៃណី និងការទូតសភា។
លោកជំទាវ Anne-Marie Trevelyan បានមើលឃើញពីកាលានុវត្តន៍ភាពសេដ្ឋកិច្ច យ៉ាងទូលំទូលាយក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជា ហើយលោកជំទាវនឹងរាយការណ៍អំពីសក្តានុពលនេះជូនរដ្ឋាភិបាលអង់គ្លេស។ លោក ជំទាវបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រីក សមិទ្ធផលជាច្រើន នៃព្រះរាជាណាចក្រអាស៊ីមួយនេះ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងជាកង្វល់រួម៕

Comments

Related posts