ក្រសួងព័ត៌មានចេញការណែនាំ៣ ចំណុចលើវិធានការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៥ មីនា ២០២៤

a5-220

a4-227

a3-231

a7-210

a6-210

MC៖ ក្រសួងព័ត៌មាន បានដាក់ចេញការណែនាំ៣ចំណុច លើវិធានការនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរួមគ្នាគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដើម្បីកុំឱ្យលេចចេញរូបភាពហួសហេតុដែលប៉ះពាល់ដល់តម្លៃនិងសីលធម៌សង្គម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនផលិតនិងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនៅទីស្តីការក្រសួងព័ត៌មាន ដើម្បីកាត់បន្ថយផលប៉ះ ពាល់ដល់សីលធម៌សង្គមនិងសុខុមាលភាពសាធារណៈដែលកើតចេញពីការផ្សព្វផ្សាយជ្រុលហួសហេតុការធ្វើពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា កន្លងទៅនេះដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្រសួងព័ត៌មានបានពង្រឹងឡើងវិញលើវិធានការនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីកុំឱ្យលេចចេញរូបភាពហួសហេតុដែលប៉ះពាល់ដល់តម្លៃនិងសីលធម៌សង្គមដោយបានណែនាំ៖ ១-សូមបញ្ឈប់ការប្រើប្រាស់រូបភាពនៃការហៅមនុស្សឡើងលើឆាកតន្ត្រីនិងសង្វៀនប្រដាល់ដើម្បីពិសាស្រាបៀរហើយផ្សព្វផ្សាយ, ២-ពិធីករពិធីការិនីដែលជាមនុស្សមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយកុំប្រើប្រាស់រូបភាពគាស់កំប៉ុងស្រាបៀរពិសានិងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍និងបណ្តាញទំនាក់ទំនងសង្គម, និង៣-ការផ្សព្វផ្សាយពីពាណិជ្ជកម្មស្រាបៀរចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ, ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ» ដើម្បីធ្វើតុល្យភាពសារនៃការផ្សាយពាណិជ្ជកម្មនិងសារអប់រំ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង គឺជាភាពចាំបាច់ដើម្បីគ្រប់ភាគីចូលរួមក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលិផលគ្រឿងស្រវឹង។ ការរួមគ្នាគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺដើម្បីជួយទៅដល់សង្គម ជួយទៅដល់ក្រុមហ៊ុន ជួយទៅដល់ប្រជាជនកម្ពុជាដែលជាអ្នកប្រើប្រាស់ផលិតផល, កាត់បន្ថយគ្រោះថ្នាក់និងបង្កើននូវសុខដុមនីយកម្មក្នុងសង្គម»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ចំពោះមុខតំណាងក្រុមហ៊ុនស្រាបៀរនិងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងបានស្នើឱ្យអនុវត្តនូវលិខិតបទដ្ឋាន និងច្បាប់ពាក់ព័ន្ធដែលមានជាធរមានឱ្យបានល្អ។

បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រុមការងារបច្ចេកទេសចម្រុះរវាងស្ថាប័នរដ្ឋនិងឯកជននឹងត្រូវបង្កើតឡើងដើម្បីមានភាពងាយស្រួលក្នុងការពិភាក្សានិងដាក់ចុះនូវដំណោះស្រាយនានាសំដៅលើការគ្រប់គ្រងបច្ចេកទេសក្នុងការផលិតស្ពតពាណិជ្ជកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មនានាដែលគោរពបាននូវក្រមសីលធម៌ និងអនុលោមតាមច្បាប់។ តំណាងក្រុមហ៊ុនផលិតនិងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដែលបានចូលរួមប្រជុំ បានបង្ហាញនូវការគាំទ្រចំពោះវិធានការនិងការសម្រេចនានាដែលបានផ្តួចផ្តើមនិងដាក់ចុះអនុវត្តដើម្បីចូលរួមគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង៕

Comments

Related posts