អភិបាលរងរាជធានីភ្នំពេញ៖ ក្រោមម្លប់សុខសន្តិភាព ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជាត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់

វិទ្យុជាតិកម្ពុជា

z1-13

z-6

z2-14

z4-13

z3-12

MC  លោកអ៊ឹមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
បានថ្លែងក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយការថែទាំសុខភាពស្តីពី ការពិនិត្យតាមដានសុខភាព និងគ្រប់គ្រងព្យាបាលកោសិកាមិនប្រក្រតី មុនក្លាយជាមហារីកមាត់ស្បូន ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នេះថា  បច្ចុប្បន្ននេះ ក្រោមម្លប់សុខសន្តិភាព ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជាត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ រួមទាំងនៅក្នុងក្របខណ្ឌអភិបាលកិច្ច កិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច-សង្គមពីវិបត្តិកូវីដ-១៩ និងកិច្ចការនៅលើឆាកអន្តរជាតិ។
លោកអភិបាលរងបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត គឺជាគុណតម្លៃ ដើម្បីធានាថាប្រជាពលរដ្ឋ គ្រប់រូបមានសិទ្ធិ និងឱកាសពេញលេញក្នុងការទទួល បានជម្រើស ភាពជាតំណាង និងចូលរួមយ៉ាងសកម្ម លើគ្រប់វិស័យដើម្បីឈានទៅសម្រេចបាននូវកិច្ចការអាទិភាពប្រកបដោយប្រសិទ្ធភាព។
លោកបន្តថា  ការបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័រ ជាពិសេស ការងារបញ្ជ្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃការ អភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជា ប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធ ប្រជាជនគ្រប់រូប និងគ្រប់ក្រុមគ្រួសារ ត្រូវមានភាពចាំបាច់ក្នុងការចូលរួមគាំទ្រ និងអនុវត្តការងារយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កបរិស្ថានអំណោយផល និងឱកាសឱ្យស្ត្រី និងក្មេងស្រី បាន បន្តចូលរួមយ៉ាងពេញលេញ ក្នុងការអនុវត្តសិទ្ធិ ទទួលបាននូវអត្ថប្រយោជន៍ក្នុងសង្គមដែលមានសន្តិភាព និងការអភិវឌ្ឍក្នុងយុគសម័យឌីជីថល ។
ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែង ការយកចិត្តទុកដាក់របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញដែលបានខិតខំបំពេញការងារបានយ៉ាងល្អក្នុងលើកកម្ពស់ឧត្តមប្រយោជន៍របស់ស្រី្ត ឱ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តមបានជំរុញដល់ក្រុមការងារស្ត្រីនៅក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវបង្កើនសមត្ថភាព និងការចូលរួមក្នុងបរិវត្តកម្មឌីជីថល ឱ្យប្រកប ដោយប្រសិទ្ធភាព  ខណៈ ការអប់រំចំណេះដឹងជំនាញ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នេះ ជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យដែលធ្វើឱ្យជីវភាពរស់នៅរបស់ ស្ត្រី និងគ្រួសារមានភាពប្រសើរឡើងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។
សូមបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន ០៥រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងនោះ រាជរដ្ឋាភិបាល បានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកត្តាលីករថ្មីៗដ៏មានសារៈសំខាន់ ដែលមានសក្តានុពល និងកាលានុវត្តភាពក្នុងការជំរុញផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃ ការងាររដ្ឋបាល ដែលផ្តោតលើការផ្តល់សេវាគ្រប់ប្រភេទ មានលក្ខណៈងាយស្រួល និងកាន់តែខិតជិត ប្រជាពលរដ្ឋ។
តាមរបាយការណ៍បង្ហាញថា  បច្ចុប្បន្នក្នុងវិស័យមុខងារសាធារណៈ ស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចបានកើន ឡើងពី២៤% ដល់២៧% និងជាមន្ត្រីរាជការជាស្ត្រីកើនពី៤១% ដល់៤២%។ ស្ត្រី ជាមេឃុំ-ចៅសង្កាត់កើនឡើងពី៤២រូប(២,៦%) ក្នុងឆ្នាំ២០០២ ដល់ ១៧៦រូប(១១%)ក្នុងអាណត្តិ ឆ្នាំ២០២២-២០២៧៕

Comments

Related posts