បទយកការណ៍៖ ពិធីបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាបនឹងបង្កើនចំនួនភ្ញៀវទេសចរ មកទស្សនាកម្សាន្ត

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

 

លោកអ្នកនាង និងប្រិយមិត្តជាទីមេត្រី !

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ៖ ក្រសួងរួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង- ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ“ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ“ ដែលនឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៧កើត-៨កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។ 

   ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួម ចំណែកជំរុញកំណើន ភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់ទន្លេមេគង្គ។ នៅក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យទន្លេលើកទី៨នេះ រំពឹងថា នឹងមានទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប។

    សូមលោកអ្នកនាងតាមដានបទយកការណ៍ស្តីពីបញ្ហានេះដូចតទៅ ៖

លោកអ្នកនាង និងប្រិយមិត្ត ជាទីមេត្រី!

   បើទោះបីជាខេត្តសៀមរាបធ្លាប់មានបទពិសោធន៍ ក្នុងការរៀបចំពិធីឬព្រឹត្តិការណ៍ធំៗជាច្រើនលើក ច្រើនសារួចមកហើយក៏ពិតមែន ប៉ុន្តែសម្រាប់ពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងមួយរបស់ខេត្តសៀមរាប។ បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ពិធីនេះរៀបចំនៅទីតាំងចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់នៃក្រុងសៀមរាប  ខណៈដែលអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាបដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនាកម្សាន្ត។

   លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា កាលពីថ្មីៗនេះថា៖ ពិធីបុណ្យទន្លេលើកទី៨ នាពាក់កណ្តាលខែមីនា នឹងត្រូវប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ មកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តសៀមរាប បានចង្អុលបង្ហាញ ដល់អង្គភាព និងរដ្ឋបាលក្រុងស្រុក ដែលពាក់ព័ន្ធបានត្រៀមខ្លួនរួចរាល់ហើយ ជាពិសេសរៀបចំ សោភណភាព សន្តិសុខសណ្តាប់ធ្នាប់ អនាម័យតាមដងផ្លូវ សម្អាតតាមដងស្ទឹង រៀបតុបតែងលម្អទីក្រុងបន្ថែម និងការសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋដែលគ្រោងចូលមកកម្សាន្ត។

សំឡេង១« រហូតមកដល់ពេលនេះរដ្ឋបាលខេត្តបានចូលរួមបង្កើតក្រុម ការងារ ជាមួយអន្តរក្រសួង ក៏ដូចជាសេចក្តីសម្រេចរបស់ក្រសួងទេស ចរណ៍ក្នុងការរៀបចំក្រុមការងារ ក៏យើងបានរៀបចំរួចរាល់ហើយ។ ទី២. ឯកឧត្តមអភិបាលខេត្តបានចង្អុលបង្ហាញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុកដែលពាក់ព័ន្ធ ក្នុងការរៀបចំនូវសោភណភាព សន្តិសុខ សណ្តាប់ធ្នាប់អនាម័យ និងការសម្រួលចរាចរផ្សេងៗដល់បងប្អូនប្រជាពល រដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលគ្រោងមកលេងក្នុងពិធីបុណ្យទន្លេខាងមុខ។ យើងបានប្រជុំណែនាំទៅរដ្ឋបាលក្រុងស្រុកទាំងអស់រួចរាល់ហើយៗពេលនេះគាត់គ្រោងរៀបចំនូវសោភណភាព ការអនាម័យតាមដងផ្លូវ ជាពិសេសផ្លូវជាតិលេខ៦ ដែលជាចរាចរហូរចូលនៃភ្ញៀវទេសចរយើង ក៏ដូចជារដ្ឋបាលក្រុងគាត់រៀបចំអនាម័យ សោភណភាពក្នុងក្រុង ។ពាក់ព័ន្ធនេះក៏មានការសម្អាតដងស្ទឹង ការតុបតែងភ្លើងលម្អបន្ថែមដើម្បីស្វាគមន៍ទេសចរយើង »។

លោកបន្តថា៖ ពិធីបុណ្យទន្លេលើកទី៨នេះ ត្រូវរៀបឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ តាមបណ្តោយដងស្ទឹងសៀមរាបដោយមានសកម្មភាព និងកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជា៖ កម្មវិធីសម្តែងសិល្បៈ ការប្រគុំតន្ត្រី ពិព័រណ៍ផលិតផលពាណិជ្ជកម្មកសិកម្ម ម្ហូបអាហារ ដោយមានស្តង់ចំនួនជាង២៣០ស្តង់ កម្មវិធីជិះទូកកម្សាន្ត និងរួមបញ្ចូលកម្មវិធីជាច្រើនទៀត ដែលកម្មវិធីទាំងនោះភ្ញៀវទេសចរអាចចូលរួមកម្សាន្ត ដោយក្តីសប្បាយរីករាយ។ 

សំឡេង២ « នៅក្នុងកម្មវិធីដែលបានប្រកាសដោយក្រសួងទេស ចរណ៍នេះ គឺមានសកម្មភាពជាច្រើនក្នុងនោះកម្មវិធីកម្សាន្តមានតន្ត្រី កម្មវិធីជិះកង់ និងកម្មវិធីរត់ប្រណាំងជាដើម ។មានមួយចំនួនធំគឺកម្មវិធីកម្សាន្ត កម្មវិធីបាញ់ធ្នូ កម្មវិធីប្រដាល់ គឺមានជាច្រើននិយាយរួមទេសចរដែលមកចូលរួមពិធីបុណ្យទន្លេអាចចូលរួមគ្រប់សកម្មភាពកម្សាន្តសប្បាយ » ។

   លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បញ្ជាក់ទៀតថា៖ ការសម្រេចរបស់រាជរដ្ឋាភិបាលរៀបចំពិធីបុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងប្រតិបត្តករទេសចរទាំងអស់នៅក្នុងខេត្ត ព្រោះពួកគាត់នឹងអាចទទួលបានប្រាក់ចំណូលពីការលក់ផលិតផលរបស់ខ្លួន លើគ្រប់វិស័យ ។ លោកលីវណ្ណៈបង្ហាញការព្យាករ ណ៍របស់ ក្រសួងទេសចរណ៍ ពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលនឹងមកចូលរួមទស្សនាកម្សាន្តនាបុណ្យទន្លេថា៖សំឡេង៣ « ខាងក្រសួងក៏បានរំពឹងថា មានភ្ញៀវទេសចរប្រហែលជិតមួយលាននាក់ នឹងមកទស្សនាខេត្តសៀមរាបយើងអ៊ីចឹងចំណូលនៃភ្ញៀវទេសចរទាំងអស់ហ្នឹង គឹបានចាក់គ្រប់ដល់សរសៃឈាមនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបយើង បូករួមទាំងពលរដ្ឋដែលប្រកបវិស័យកសិកម្ម ក៏ជាអ្នកទទួលផលប្រយោជន៍ដោយប្រយោលពីវិស័យទាំងអស់នេះដែរ។ អ៊ីចឹងកម្មវិធីបុណ្យទន្លេនេះ ពិតជាផ្តល់សារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាបយើង ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមថ្លែងអំណរ គុណប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីនាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ ក្នុងការជួយស្តារវិស័យទេសចរណ៍ក្នុងខេត្តបន្ទាប់ពីកូវីដ

មក រហូតដាក់ចេញឆ្នាំ២០២៤នេះ ជាឆ្នាំទស្សនាខេត្តសៀមរាប »។

លោកនាយករដ្ឋបាលសាលាខេត្តសៀមរាបបញ្ជាក់ថា៖ បើទោះបីជាខេត្តសៀមរាបធ្លាប់មានបទពិសោធ ន៍ក្នុងការរៀបចំកម្មវិធី និងព្រឹត្តិការណ៍ធំៗជាច្រើនរួចមកហើយក្តី ក៏ផ្នែកហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅមិនទាន់បានល្អប្រសើរនៅឡើយ អាចមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវខ្លះៗនៅឡើយ។    ករណីនេះ សូមការយោគយល់អធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានចូលមកកម្សាន្ត ហើយរដ្ឋបាលខេត្ត នឹងព្យាយាមកាត់បន្ថយផលលំបាកទាំងនេះ ដើម្បីសម្រួលដល់ការចូលមកកម្សាន្តរបស់ទេសចរ។មួយវិញទៀតលោកបានសំណូមពរដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរសូមចូលរួមអនុវត្តតាមការ ណែនាំរបស់ជំនាញពាក់ព័ន្ធ។

សំឡេង៤« ទីមួយសម្រាប់ប្រតិបត្តិករនៅក្នុងខេត្តសៀមរាប សូមកុំដំឡើងថ្លៃ សូមព្យាយាមផ្គត់ផ្គង់នូវសេវាដែលមានគុណភាពល្អនិងយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរយើង។ ទីពីរចំពោះភ្ញៀវទេសចរយើង ដែលមកទស្សនាខេត្តសៀម រាប សូមបងប្អូនជួយរក្សាអនាម័យ ក៏ដូចជាស្តាប់តាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងការរំហូរចរាចរណ៍ឬក៏ការណែនាំផ្សេងទៀតពាក់ព័ន្ធនឹងសុវត្ថិភាពជាដើម»។863AA4BD-8552-4952-A651-5C01E8215384

   ជួបជាមួយកញ្ញា ស្រីនីត អាយុ ២០ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា៖ នេះជាលើកទីមួយហើយដែលបានរៀបចំពិធីបុណ្យទន្លេ លើទឹកដីអង្គរនៃខេត្តសៀមរាប ដែលនឹងធ្វើឱ្យទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តមួយនេះកាន់តែច្រើន ហើយចំណែកភ្ញៀវ បរទេសក៏បានស្គាល់កម្ពុជាកាន់តែច្រើន។ កញ្ញាថា៖ ការប្រារព្ធពិធីបុណ្យទន្លេនេះ ក៏ស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាពពេញលេញ ជាពិសេសខេត្តសៀមរាបកាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឱ្យសេដ្ឋកិច្ចអ្នកប្រកបរបរក្នុង              វិស័យទេសចរកាន់តែរីកចម្រើន។ 

សំឡេង៥« វាប្លែកម្យ៉ាងព្រោះអត់ដែលធ្វើពីមុនមក ម្យ៉ាងទៀតទាក់ ទាញភ្ញៀវទេសចរច្រើន មកលេងកម្សាន្តនៅហ្នឹង ឱ្យដឹងថានៅតំបន់សៀមរាបហ្នឹង មានតំបន់អង្គរវត្ត ដើម្បីឱ្យភ្ញៀវទេសចរ និងភ្ញៀវបរទេសមកលេងសប្បាយ មិនត្រឹមតែមកលេងត្រឹមដងស្ទឹងនេះទេ តែអាចទៅប្រាសាទអង្គរទៀត ដឹងពីប្រាសាទនីមួយៗចឹង។ ខ្ញុំគិតថាពួក គាត់ពិតជារំភើប ព្រោះអីពេលគេមានតាំងពិព័រណ៍អីចឹង ប្រជាពលរដ្ឋអាចរកស៊ីបាន ពេលគេមកច្រើនគាត់អាចលក់ដូរអីបាន។ អរគុណគាត់ដែលបានធ្វើឱ្យវិស័យយើងកាន់តែរីកចម្រើន កាលមុនសៀម រាបយើងអត់សូវរីកចម្រើនទេ អត់សូវមានគេស្គាល់ច្រើន តែឥឡូវៗមានគេស្គាល់ច្រើន ហើយរីកចម្រើនខ្លាំង»។8F3C5CCF-F776-4F5D-B0C2-B2E853475493

លោកអ្នកនាងស្តាប់ជាទីមេត្រី!

 

ដើម្បីពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែបពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្រសួងទេសចរណ៍ សូមណែនំាដល់មន្ទីរទេសចរណ៍ខេត្តសៀមរាប និងខេត្តជុំវិញត្រូវបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដូចជា៖ ផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងភាពស្អាត ។ជាពិសេសទៅទៀតនោះចំពោះសេវាកម្មមួយចំនួនដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពដូចជា៖ ការដឹកជញ្ជូន កីឡាទេសចរណ៍ និងសកម្មភាពទេសចរណ៍មានលក្ខណៈផ្សងព្រេងជាដើម។ ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរ ដែលមកទទួលយកសេវាកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវ អំពីទីតាំងដែលអាចប្រើប្រាស់ចំណតត្រឹមត្រូវ និងមិនត្រូវបណ្តែត បណ្តោយឱ្យមានការចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ និងបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។ ចំណែកផ្នែកខាងក្រៅអាជីវកម្ម ត្រូវមានរៀបចំតុបតែងភ្លើងលម្អ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ផ្នែកខាងក្នុងអាជីវកម្មវិញ ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៣ព្រះអង្គ ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង និងក្រសួងទេសចរណ៍។  ត្រូវតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្តខ្លួន ដោយមិនប្រាសចាកពីទំនៀម ទម្លាប់ប្រពៃណីខ្មែរ។ ត្រូវដាក់បង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួនជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ដែលចាំបាច់សម្រាប់ជាមូលដ្ឋានពិចារណាជ្រើសរើសដោយភ្ញៀវ។ ត្រូវរក្សាតម្លៃនៃអាជីវកម្ម ឬសេវាកម្មឱ្យបានសមរម្យ និងត្រូវរក្សាគុណ ភាព បរិមាណផលិត និងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អថែមទៀត។  ត្រូវក្រើនរំលឹក និងបណ្តុះបណ្តាលបុគ្គលិកអំពីបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ និងត្រូវរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹម ត្រូវតាមផ្នែកនីមួយៗ និងគួរជាឯកសណ្ឋានដែលបង្ហាញអំពីវប្បធម៌ខ្មែរ ឬលក្ខណៈពិសេសរបស់ខេត្តឬតំបន់។ - ត្រូវយកចិត្តទុក ដាក់ ចំពោះបន្ទប់ទឹកសាធារណៈ ដោយត្រូវលាងសម្អាតជាប្រចាំ និងឱ្យបានញឹកញាប់ដោយមានបែងចែករវាងបង្គន់អនាម័យប្រុស និងស្រី និងមានសាប៊ូលាងដៃ។ -និងត្រូវពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព  និងបដិសណ្ឋារកិច្ចល្អជូនភ្ញៀវទេសចរ គាំទ្រដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» កម្មវិធីផ្សេងៗ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន  និងប្រជាជនកម្ពុជា-ចិន ២០២៤» រួមជាមួយ«ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទីមួយ២០២៤»ជាដើម៕9C8DF134-4278-4DEF-A912-F2A726BB6EC9E0ECE8B6-5815-476A-91A8-FC0E69603B6EE0333909-29B9-4A42-9147-E7C6DDF86FFED17E4B12-93BC-4944-B1C0-99FC9DE27B4F8A1D35B1-4846-4412-84EC-9A269CFC1954DC11CA7A-9E86-4CC3-921D-E455F834F31A83ED1651-6424-43F3-90C2-5D60984C5CBC

Comments

Related posts