សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបកិច្ចប្រជុំប្រធានសភាជាស្រ្តីពិភពលោកថា កម្ពុជាមានវិធានការជាក់លាក់ឈានទៅលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ

 

វិទ្យុជាតិកម្ពុជា

IMG_3522

IMG_3523

IMG_3526

IMG_3525

IMG_3524

(ប៉ារីស) សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមវេទិកាតុមូលទី១ នៃកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីពិភពលោកលើកទី១ នាទីក្រុង ប៉ារីសប្រទេសបារំាង ក្រោមប្រធាន បទ ការអប់រំ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសុខភាព។ 

នៅក្នុងវេទិកានេះ សម្តេចប្រធានរដ្ឋសភា បានជម្រាបប្រតិភូប្រធានសភាជាស្រ្តី ដែលបានចូលរួមកិច្ចប្រជុំថា ប្រទេសកម្ពុជាបានចាត់វិធានការជាក់លាក់មួយចំនួនដើម្បីដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដូចជា ការដាក់ចេញនូវផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី (២០១៩-២០២៣) និងនារីរតនៈទី៥ (២០១៩-២០២៣) និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសមភាពយេនឌ័រ ជាដើម។

នៅក្នុងបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា កម្ពុជា បានប្តេជ្ញាចិត្តកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រដល់កម្រិតទាបបំផុតត្រឹមឆ្នាំ២០៣០ ដើម្បីឈានទៅសម្រេចបានលទ្ធផលសូន្យបី  លុបបំបាត់ឱ្យអស់(សូន្យ) នូវមរណភាពមាតាដែលអាចការពារបាន លុបបំបាត់ឱ្យអស់(សូន្យ)នូវផែនការគ្រួសារដែលមិនបានឆ្លើយតប លុបបំបាត់ឱ្យអស់(សូន្យ)នូវអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្រ្តីនិងក្មេងស្រី ត្រឹមឆ្នាំ២០៣០។

រដ្ឋសភាប្រទេសបារំាងបានធ្វើជាម្ចាស់ផ្ទះលើកទី១នៃជំនួបប្រធានសភាស្រ្តីពិភពលោក ដែលមានប្រធានសភាស្រ្តីចំនួន២៥ប្រទេសចូលរួម នៅក្នុងនោះមានសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្រ្តីទី១នៅកម្ពុជា បានទទួលតួនាទីជាប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមផងដែរ។ 

ប្រតិភូប្រធានសភាស្រ្តីដែលបានចូលរួមកិច្ចប្រជុំនេះ មានប្រធានរដ្ឋសភាបារំាង  លោកជំទាវ  Yaël Braun-Pivet ប្រធានរដ្ឋសភាប្រទេសឥណ្ឌូនេស៊ី ប្រធានរដ្ឋសភាប្រទេសអាល្លឺម៉ង់ ប្រធានសភាប្រទេសអេស្ប៉ាញ ប្រទេសអាបានី អាហ្រិ្វកខាងត្បូង ម៉ាដាហ្គាស្ការ ប្រទេសម៉ូណាកូ សាធារណរដ្ឋឆេក ប្រធានរដ្ឋសភាប្រទេសរវ៉ាន់ដា ប្រទេសស្លូវេនី ប្រធានរដ្ឋសភាមកពីប្រទេស លីទុយអានី ប្រធានរដ្ឋសភាប៊ែលហ្ស៊ីក និងប្រធានរដ្ឋសភាតង់ហ្សានី ជាដើម។ 

ជំនួបកំពូលប្រធានរដ្ឋសភាពិភពលោកលើកទី១នេះ បានប្រារព្ធធ្វើឡើងក្នុងគោលបំណង ចែករំលែកឧត្តមានុភាពនៃការអនុវត្តល្អ កៀរគរកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាសភាលើសកលលោក ក្នុងបេសកកម្មលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ សិទ្ធិស្រ្តីនៅទូទាំងពិភពលោក សុខុមាលភាពស្រ្តីនិងសង្គម ព្រមទាំងប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ ជាងនេះទៀត អ្វីដែលសំខាន់គឺសភាដើរតួនាទីនាំមុខ ក្នុងការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរស តាមរយៈការតាក់តែងនិងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។ 

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា អំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាសុខភាពសាធារណៈផងដែរ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាបន្ទាន់ និងកិច្ចអន្តរាគមន៍លើគោលនយោបាយប្រកបដោយប្រសិទ្ធភាព។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបជំនួបកំពូលប្រធានសភាជាស្រ្តីបន្តថា រដ្ឋសភាកម្ពុជាបានប្តេជ្ញាកាត់បន្ថយ និងលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈការបង្កើតនិងការពង្រឹងច្បាប់និងបទប្បញ្ញត្តិ ក៏ដូចជាការលើកកម្ពស់ការកៀគរមតិ និងយុទ្ធនាការផ្សព្វផ្សាយនានា។ ជាក់ស្តែង នាពេលថ្មីៗនេះ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការ «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង Healthy Lives, Healthy Cambodia» ដោយផ្តោតលើការយល់ដឹងទូទៅ, ការលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ, និងការកៀរគរមតិសម្រាប់គោលនយោបាយសុខភាពសាធារណៈឆ្លើយតបទៅនឹងយេនឌ័រ។ 

“យើងក៏មានគោលបំណងកាត់បន្ថយគម្លាតយេនឌ័រចំពោះការប្រយុទ្ធប្រឆាំងទៅនឹងជំងឺមិនឆ្លងផងដែរ។ យើងដឹងថា ស្ថានភាពនេះជាផ្លូវដ៏វែងឆ្ងាយ ហើយយើងនឹងជួបប្រឈមនឹងបញ្ហាដែលនឹងកើតមានឡើងនៅពេលខាងមុខ។ទោះជា យ៉ាងណាក្តី ដោយមានការវិនិយោគច្រើនជាងមុនលើវិស័យអប់រំ និងសុខាភិបាល, កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ, និងការប្រឹងប្រែងឥតឈប់ឈរដើម្បីសមភាពយេនឌ័រ យើងប្រាកដថា យើងនឹងអាចបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័របាន” នេះជាការបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី នៅក្នុងវេទិកាតុមូលនៃជំនួបកំពូលប្រធានសភាស្រ្តីសកលលោកលើកទី១ នៅទីក្រុងបារីស ប្រទេសបារំាង៕

Comments

Related posts