ការធ្វើឌីជីថលលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខក្នុងល្បឿនគួរឱ្យកត់សម្គាល់

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ៣ ២០២៤

a-203

a5-224

a2-228

a1-226

a4-231

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការធ្វើឌីជីថលលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខក្នុងល្បឿនគួរឱ្យកត់សម្គាល់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ថ្លែងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្តន៍ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់ជាអាទិភាព ចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ក្នុងនោះបច្ចេកវិទ្យាជាអាទិភាពថ្មីមួយដែលបានកំណត់ក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ។
សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល កម្ពុជា២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ព្រមទាំងបានបង្កើតគណៈកម្មាធិការបច្ចេកទេសចំនួន៣ជាសេនាធិការ ដឹកនាំសម្របសម្រួលតាមផែននីមួយៗ ដែលក្នុងនោះមាន គណៈកម្មការសេដ្ឋកិច្ចនិងធុរៈកិច្ចឌីជីថល គណៈកម្មការរដ្ឋបាលឌីជីថលនិងគណៈកម្មការសន្តិសុខឌីជីថល ។
 « ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខ ក្នុងល្បឿនគួរឱ្យកត់សម្គាល់។ វិបត្តិនៃជំងឺកូវីដ-១៩ បានជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំងនិងជ្រាលជ្រៅជាងពេលណាៗទាំងអស់។ ជាក់ស្ដែង ការទូទាត់សងប្រាក់ឌីជីថល បានកើនដល់ចំនួនប្រមាណ ៤៩២ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣ ដែលប្រហែលនឹង ១៦ដងនៃផលិតផលក្នុងស្រុកសរុប (GDP)។ ចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ីនធីណេតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង ១៩លាននាក់ ក្នុងឆ្នាំ ២០២៣។
សម្តេចធិបតី បានបន្តទៀតថា ក្របខ័ណ្ឌគោលនយោបាយជាផែនទីចង្អុលផ្លូវមួយ ជាមួយចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើកតាមរយៈមូលដ្ឋានគ្រឹះក្នុងការជំរុញទទួលយកនូវការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ ធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មីនិងលើកកម្ពស់សុខុមាលភាពសង្គម។
សម្ដេចធិបតី បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងទាញយកផលប្រយោជន៍អតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវិល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ៕

Comments

Related posts