រដ្ឋសភាកម្ពុជាស្នើភាគីបារាំងបង្កើនចំនួនអាហារូបករណ៍ផ្នែកសុខាភិបាល និងបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១ ០៣ ២០២៤

IMG_0225

a23-61

a24-59

a28-38

a20-74

a21-76

a27-41

    រដ្ឋសភាកម្ពុជា បានស្នើដល់ភាគីបារាំងឱ្យបង្កើនចំនួនអាហារូបករណ៍ផ្នែកសុខាភិបាលដល់និស្សិតកម្ពុជា ព្រមទាំងជួយផ្ដល់ការបណ្តុះ បណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជន ខណៈរាជរដ្ឋាភិបាលបានជំរុញការយកចិត្តទុកដាក់លើវិស័យសុខាភិបាល និងមូលធនមនុស្ស ដែលក្នុងនោះបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន១,៥លាននាក់ ដើម្បីឆ្លើយតបកម្លាំងពលកម្មក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
  នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកជំទាវ ឡោក ខេង សមាជិក រដ្ឋសភា ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅប្រទេសបារំាង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមីនា។
  ថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមីនានេះ លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជួបសន្ទនារយៈពេលខ្លីជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដោយក្នុងជំនួបនេះ ភាគីទាំងពីរបានកត់សម្គាល់នូវសន្ទុះនៃការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបារាំង-កម្ពុជា។ ជារួម ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចរដ្ឋសភាធិបតី គឺទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិ បត្តិការលើគ្រប់កម្រិត និងទំនាក់ ទំនងរវាងប្រជាជន និងប្រជាជន ជាមួយនឹងក្តីរំពឹងទុកអំពីវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-បារាំង នឹងឈានដល់កម្រិត«ភាពជាដៃគូយុទ្ធសាស្ត្រ» នាពេលខាងមុខ។
   លោកជំទាវ បន្តថា ក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្ត្រី ដែលចាប់ផ្ដើមបើកជាផ្លូវការនៅល្ងាចថ្ងៃទី៦ ខែមីនា ដោយមានការចូល រួមពីប្រធានសភាជាស្ត្រី២៥រូបនៅលើពិភពលោក ព្រមទាំងអង្គទូតនៃប្រទេសតំណាងទាំង២៥នៅប្រទេសបារាំង គឺសម្តេចរដ្ឋសភាធិបតី បានអញ្ជើញថ្លែងបទអន្តរាគមន៍ ដោយបានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្ត និងបានចាត់វិធានការយ៉ាងមុះមុត ក្នុងការពង្រឹងសមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ។ រដ្ឋសភាកម្ពុជា បានប្ដេជ្ញាចិត្តក្នុងបេសកកម្មលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការងារជាតំណាង ការងារនីតិកម្ម និងការងារតាមដានការអនុវត្តច្បាប់។
ក្នុងវេទិកានោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា «នៅពេលយើងអាចលើកកម្ពស់កម្រិតនៃសមភាពយេនឌ័របាន យើងមិនត្រឹមតែអាចកៀរគរមតិដើម្បីសម្រេចបាននូវសិទ្ធិសម្រាប់ស្ត្រីនោះទេ យើងក៏អាចជួយជំរុញឱ្យសង្គមមួយមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា»។ «សម្តេចរដ្ឋសភា ធិបតី បានបញ្ជាក់ជូនទៅកាន់វេទិកាអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រដល់កម្រិតទាបបំផុតត្រឹមឆ្នាំ២០៣០ ដើម្បីឈានទៅសម្រេចបានលទ្ធផលសូន្យបី គឺលុបបំបាត់ឱ្យអស់(សូន្យ)នូវមរណភាពមាតាដែលអាចការពារបាន, លុបបំបាត់ឱ្យអស់(សូន្យ)នូវផែនការគ្រួសារដែលមិនបានឆ្លើយតប, លុបបំបាត់ឱ្យអស់(សូន្យ)នូវអំពើហិង្សាទាក់ទងនឹង យេនឌ័រនិងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្ត្រីនិងក្មេងស្រីត្រឹមឆ្នាំ២០៣០»។    លោកជំទាវ ឡោក ខេង បញ្ជាក់បន្ថែម។
   បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឱ្យដឹងថា កិច្ច ប្រជុំកំពូលប្រធានសភាស្ត្រី ទទួលបានការអនុម័តជាឯកច្ឆន្ទលើសេចក្តីថ្លែងការណ៍រួម ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា និងការខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងបេសកកម្មបន្តគាំទ្រដល់ការពង្រឹងនិងលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅក្នុងសកល លោក តាមរយៈការលើកកម្ពស់តួនាទីសភា ជាពិសេសការតាក់តែងច្បាប់ ដើម្បីការពារផលប្រយោជន៍ស្ត្រី៕

Comments

Related posts