ឯកឧត្តម ហេង សួរ អំពាវនាវឱ្យដៃគូអភិវឌ្ឍ សម្រួចលើការពង្រឹងសមត្ថភាពជនមានពិការភាព

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

a13-145

a11-164

a8-202

a10-160

a10-160

a12-160

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យដៃគូអន្តរជាតិ ផ្តោតលើការពង្រឹងការបណ្តុះបណ្តាលសមត្ថភាពដល់ជនមានពិការភាពនៅកម្ពុជាដើម្បីផ្តល់ឱកាសការងារឱ្យកាន់តែទូលំទូលាយ និងមានជម្រើសកាន់តែច្រើន។
 
 ការអំពាវនាវបែបនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤
ក្នុងពេលដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូល រួមក្នុងវេទិកាជាតិស្ដីពី «បរិយាបន្នពិការភាព និងការងារសមរម្យនៅប្រទេសកម្ពុជា» ដែលមានដៃគូអភិវឌ្ឍអន្តរជាតិនានា បានចូលរួម។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាព នឹងក្លាយជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើតឱកាសដល់ជនមានពិការភាពឱ្យទទួលបានការអភិវឌ្ឍខ្លួនឱ្យស្របទៅតាមតម្រូវការទីផ្សារការងារដែលមានភាពបត់បែននិងសម្របសម្រួលខ្ពស់។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ការផ្តោតលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាព រួមទាំងការបង្កលទ្ធភាពជូនជនមានពិការភាព គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវចក្ខុវិស័យទទួលយកកម្លាំងពលកម្មជនមានពិការភាពចំនួនមួយភាគរយសម្រាប់វិស័យឯកជន និងពីរភាគរយសម្រាប់វិស័យរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញឱ្យវិស័យឯកជនដូចជារោងចក្រ សហគ្រាស បន្តខិតខំទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារ និងបង្កលទ្ធភាពងាយស្រួលបន្ថែមទៀតដល់ជនមានពិការភាពអាចធ្វើការងារដោយរលូន។

     ដើម្បីបន្តលើកកម្ពស់ និងជំរុញការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសង្គម និងទទួលបាន ការបណ្តុះបណ្តាលសមត្ថភាពជំនាញបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសក្រោមឱវាទរបស់ក្រសួងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់ជម្រាលធ្វើដំណើរ និងថ្នាក់រៀនដែលអាចផ្តល់ភាពងាយស្រួលដល់ជនមានពិការភាពដើម្បីអាចទទួលបានជំនាញបច្ចេកទេសវិជ្ជាជីវៈក្នុងការត្រៀមខ្លួនសម្រាប់ឱកាសការងារដ៏សម្បូរបែបនាពេលបច្ចុប្បន្ន។
យ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជាប្រមុខ ឯកឧត្តមហេង សួរ បានប្តេជ្ញា និងបានដាក់ចេញជាសកម្មភាពអាទិភាពក្នុងការជំរុញឱ្យជនមានពិការភាពអាចទទួលបានការអភិវឌ្ឍសមត្ថ ភាព និងជំនាញបន្ថែមទៀតដើម្បីបន្តលើកកម្ពស់ដល់ការចូលរួមក្នុងសង្គមដែលសុទ្ធសឹងតែជាកោសិកាសង្គមដែលមិនអាចខ្វះបាន៕

Comments

Related posts