ប្រទេស៤បញ្ជាទិញម្ទេសរាប់តោនពីសហគមន៍កសិករ

 

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ១៣/០៣/២០២៤

IMG_3873

ភ្នំពេញ៖ ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា កំពុងសិក្សាពីលទ្ធភាពនៃការផលិតបន្លែផ្លែម្ទេសនៅក្នុងស្រុក ដើម្បីបង្កើនបរិមាណផលិតផល ក្នុងការនាំចេញម្ទេសទៅកាន់ទីផ្សារក្រៅប្រទេស។ 
លោក ជួរ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា កំពុងចាប់យកឱកាសវិនិយោគជាមួយបណ្តាប្រទេសមួយចំនួន ដើម្បីសម្រេចបានការបញ្ជាទិញបន្លែម្ទេសរបស់កម្ពុជា។ 
មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាកាលពីពេលថ្មីៗនេះ លោក ជួរ មករា នៅតែបើកជំហទទួលយកសំណើនៃការបញ្ជាទិញផ្លែម្ទេសរបស់កម្ពុជា ពីបណ្តាប្រទេសចំនួន៤ ដែលមាន៖ ប្រទេសកូរ៉េខាងត្បូង អឺរ៉ុប បារាំង  ប្រទេសអាល្លឺម៉ង់ជាដើមនេះ បើទោះបីជា លទ្ធភាពនៃការផ្គត់ផ្គង់ម្ទេសកម្ពុជាពីសហគមន៍កសិករ នៅមិនទាន់អាចឆ្លើយតបតាមតម្រូវការនាំចេញទៅកាន់ក្រៅប្រទេសក៏ដោយ។ 
លោក ជួរ មករា មានប្រសាសន៍ថា ឥឡូវនេះកំពុងចរចាជាមួយអតិថិជនមួយចំនួន ដែលមានទីផ្សារនៅប្រទេសកូរ៉េខាងត្បូង អឺរ៉ុប បារាំង និងអាល្លឺម៉ង់។ លោកបន្តថា លោកបានចាប់ផ្តើមការចរចាលើ លក្ខខណ្ឌតម្លៃ និងបរិមាណនៃការនាំចេញ ដើម្បីរៀបចំផែនការធ្វើយ៉ាងណា អាចផ្គត់ផ្គង់បន្លែតាមតម្រូវការ និងឱ្យមានស្ថិរភាពយូរអង្វែងផងដែរ។
លោកថា ជាកាពិតប្រទេសខាងលើនេះ មានតម្រូវការម្ទេសច្រើនគឺរាប់តោនឯណោះ ប៉ុន្តែដោយសារសមត្ថភាពផលិតរបស់កសិករនៅមានកម្រិតតិចដែរ ហើយរោងផ្ទះសំណាញ់នាពេលបច្ចុប្បន្នមានត្រឹមតែ៤០០ទៅ៥០០រោងប៉ុណ្ណោះ ដូច្នេះនេះក៏ជាឧបសគ្គមិនទាន់អាចឆ្លើយតបតាមតម្រូវការអ្នកបញ្ជាទិញដែរ។ 
សម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុកគឺយើងផ្តោតលើផ្កាខាត់ណាលឿង មានស្វាយ និងប្រូខូលី បូករួមនឹងស្ពៃក្កោប អានេះធ្វើម៉េច យើងផលិតផ្គត់ផ្គង់ស្ថិរភាពទៅដល់ទីផ្សារនៅក្នុងស្រុក។ ដោយឡែកសម្រាប់កសិផលផ្សេងទៀត ដែលយើងគ្រោងនឹងផលិតនាំចេញទៅក្រៅប្រទេសនោះគឺយើងផ្តោតអាទិភាពសំខាន់ដំបូងគឺម្ទេសសិន នៅពេលយើងចាប់ផ្តើមទទួលបានការគាំទ្រហើយដំណើរការនៃការនាំចេញរលូនហើយទើបយើងជជែកជាមួយដៃគូរបស់យើងទៅលើប្រភេទបន្លែដទៃទៀតដែលយើងអាចធ្វើបាន។
ដើម្បីសម្រេចបានតាមផែនការនេះលោក ជួរ មករា គ្រោងនឹងពង្រីករោងផ្ទះសំណាញ់ដាំបន្លែឱ្យកាន់តែច្រើនថែមទៀត ដើម្បីអាចឆ្លើយតបទៅតាមការផ្គត់ផ្គង់ក្នុងស្រុកនិងក្រៅប្រទេសបានផងដែរ។ 
មិនត្រឹមតែប៉ុណ្ណោះ ប្រធានសហភាពសហគមន៍កសិកររូបនេះ ក៏បានលើកពីសំណើសុំចូលជាសមាជិកពីក្រុមកសិករបន្ថែមទៀត ដែលនេះបានបង្ហាញពីការបង្កើនកម្លាំងក្នុងការផលិត ដែលអាចឈានទៅរកការកើនឡើងនូវបរិមាណផលិតផលមួយដែលខ្ពស់ជាងមុន។
សូមបញ្ជាក់ថា ការវិនិយោគលើដំណាំបន្លែរបស់សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ គឺកាន់តែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។ គិតត្រឹមឆ្នាំ២០២២ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា មានរោងសំណាញ់បន្លែចំនួនប្រមាណ២០០ខ្នង បើធៀបនិងឆ្នាំ២០២៣កន្លងមកនេះ មានការកើនឡើង៣ដង ដែលសព្វថ្ងៃមានចំនួនប្រហែល៥០០ខ្នង។ ដោយឡែកបរិមាណបន្លែក្នុង១ថ្ងៃ កាលពីឆ្នាំ២០២២ មានប្រហែល១តោនប៉ុណ្ណោះ ប៉ុន្តែមកដល់ឥឡូវនេះទិន្នផលដែលទទួលបានគឺ២តោនក្នុង១ថ្ងៃ សម្រាប់បន្លែគ្រប់ប្រភេទ៕

Comments

Related posts