កម្ពុជា-សាធារណរដ្ឋរវ៉ាន់ដា ប្តេជ្ញាក្នុងការលើកកម្ពស់បន្ថែមទៀត នូវភាពជាដៃគូនិងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៤ ៣ ២០២៤

IMG_4060

IMG_4061

IMG_4067

IMG_4065

ភ្នំពេញ ៖ កម្ពុជា-សាធារណរដ្ឋរវ៉ាន់ដា ប្តេជ្ញាក្នុងការលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូនិងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម NKUBITO Manzi Bakuramutsa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូតបានកត់សម្គាល់ ដោយការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អរវាងកម្ពុជា និងរវ៉ាន់ដា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើត ទំនាក់ទំនងការទូត នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០០៥មក។ ក្នុងឱកាស នៃកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានសំដែងនូវការជឿជាក់ ផងដែរថា ក្នុងអំឡុងពេលលោក Nkubito Manzi Bakuramutsa ជាឯកអគ្គរដ្ឋទូត រវ៉ាន់ដាប្រចាំកម្ពុជា ឯកឧត្តមនឹងបន្តលើកកម្ពស់ និងជំរុញថែមទៀតក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពិចារណាផងដែរក្នុងការបង្កើតយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងជាវេទិកាមួយក្នុងការស្វែងរកមធ្យោបាយ និងវិធីសាស្រ្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

Comments

Related posts