កម្ពុជានឹងក្លាយទៅជាទីតាំងដែល មានភាពអំណោយផលសម្រាប់គាំទ្រដល់ការរីកលូតលាស់នៃគម្រោងវិនិយោគលើគ្រប់វិស័យ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៤ ៣ ២០២៤

IMG_4068

IMG_4069

IMG_4070

ភ្នំពេញ ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា មានសុទិដ្ឋិនិយមថា កម្ពុជានឹងក្លាយទៅជាទីតាំងដែលមានភាពអំណោយផលសម្រាប់គាំទ្រដល់ការរីកលូតលាស់នៃគម្រោងវិនិយោគលើគ្រប់វិស័យ។
ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ឥណ្ឌាដែលសហការរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា, សមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា, និង Basic Chemicals, Cosmetics & Dyes Export Promotion Council កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។ 
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើសន្ធានកម្មរវាងធុរជន និងវិនិយោគិនក្នុងស្រុកជាមួយសហគ្រាសដែលអញ្ជើញមកពីប្រទេសឥណ្ឌា សំដៅពង្រឹង និងពង្រីកការផ្សារភ្ជាប់បណ្តាញលើប្រតិបត្តិការធុរកិច្ច។ 
មានមតិក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបានបង្ហាញពីសេចក្តីសោមន្សសម្រាប់ការរៀបចំកម្មវិធីដ៏មានសារៈសំខាន់ជាពិសេសការជ្រើសរើសកម្ពុជាជាគោលដៅនៃទស្សនកិច្ចការងាររបស់គណៈប្រតិភូដែលប្រកបរបរលើសារធាតុគីមីដែលបម្រើដល់ខ្សែច្រវាក់ផលិតកម្មនៃរោងចក្រ និងកម្មន្តសាល។ ការណ៍នេះបានឆ្លុះបញ្ចាំងអំពីកំណើននៃការចាប់អារម្មណ៍របស់សហគមន៍ធុរកិច្ចឥណ្ឌាក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា ហើយឯកឧត្តមមានសុទិដ្ឋិនិយមថាកម្ពុជានឹងក្លាយទៅជាទីតាំងដែលមានភាពអំណោយផលសម្រាប់គាំទ្រដល់ការរីកលូតលាស់នៃគម្រោងវិនិយោគលើគ្រប់វិស័យ។ 
ឯកឧត្តមក៏បានគូសរំលេចអំពីឧត្តមភាពប្រៀបធៀបរបស់កម្ពុជា និងវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាដែលរំពឹងថានឹងមានកំណើនរហូត ដល់ ៦,៦% ក្នុងឆ្នាំ ២០២៤។ លើសពីនេះឯកឧត្តមក៏បានពិពណ៌នាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីដាក់ពាក្យស្នើសុំ, ការពង្រឹងយន្តការផ្តល់កិច្ចសម្រួលវិនិយោគ, ការបន្សាំការអនុវត្តជាមួយនឹងនិន្នាការនៃឧត្តមានុវត្តន៍អន្តរជាតិ, ការផ្តល់កញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃ, និងសេវាថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។  គួរ បញ្ជាក់ជូនផងដែរថា កម្មវិធីដ៏មានតម្លៃនាឱកាសនេះមានការអញ្ជើញចូលរួមផ្តល់កិត្តិយសពីសំណាក់ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងវិស័យឯកជនកម្ពុជា-ឥណ្ឌា សរុបប្រមាណ ៨០រូប៕

Comments

Related posts