មន្រ្ដីជាន់ខ្ពស់កម្ពុជារួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៣ ០៣ ២៤

IMG_4101

IMG_4103

IMG_4102

IMG_4104-1

IMG_4105-1

IMG_4106

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់កម្ពុជា រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រដើម្បីចូលរួមទប់ស្កាត់បង្ការបន្សាបនិងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា សម្រាប់ឆ្លើយតបទៅនឹងការគំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ សន្តិសុខនយោបាយ សន្តិសុខគិតិយុត្ត ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ជាពិសេសការប្រើបច្ចេកវិទ្យា AI ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ។ 

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ» កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមរួមរបស់ពិភពលោក ដែលទាមទារឱ្យក្រុមការងារទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងឆ្លើយតបឱ្យបានលឿនរហ័ស ដើម្បីបន្សាបឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយទាំងនោះ។ 
ឯកឧត្តម វង្សី វិស្សុត បានបន្តថា ប្រមុខដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តថ្មីៗនៃបច្ចេកវិទ្យា ជាពិសេសព័ត៌មានក្លែងក្លាយដែលចូលមកបំពុលសង្គមនិងធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ។ 
ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះ បច្ចេកវិទ្យាគឺជាមុំសំខាន់ទី៥។ ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលមានសសរស្ដម្ភសំខាន់ចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា រដ្ឋាភិបាលឌីជីថលត្រូវចេញដំណើរមុនគេ ដើម្បីជំរុញការប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល។ 
ឯកឧត្តម វង្សី វិស្សុត រំពឹងទុកថា ក្រុមការងារនឹងពង្រឹងកិច្ចសហការគ្នាដោយប្រទាក់ក្រឡា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម និងប្រតិកម្ម ហើយត្រូវតាមដានព័ត៌មាននិងចូលរួមទប់ស្កាត់ បង្ការបន្សាបនិងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា និងត្រូវចាត់ទុកថា ជាបេសកកម្មអាទិភាពដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ សន្តិសុខនយោបាយ សន្តិសុខគិតិយុត្ត ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ជាពិសេសការប្រើបច្ចេកវិទ្យា AI ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ។ ឯឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមការងារត្រូវពង្រឹងការតាមដានព័ត៌មានដែលទទួលបានឱ្យមានប្រសិទ្ធភាពខ្ពស់ និងចែកចាយព័ត៌មានឱ្យចំទិសដៅ និងឱ្យបានជាប្រយោជន៍ដើម្បីការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការគ្រប់គ្រងព័ត៌មានមានសារៈសំខាន់នៅគ្រប់យុគ្គសម័យទាំងអស់ ហើយកាន់តែសំខាន់ក្នុងយុគ្គសម័យបរិវត្តកម្មឌីជីថល។
 ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ផលវិបាកនៃព័ត៌មានក្លែងក្លាយ គឺអាចបង្កចលាចល អាចឱ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា និងថវិកា ការបង្ខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ឯកជនភាព បង្កឱ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដើម។ ជាមួយគ្នានេះដែរ  ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយបានយើងត្រូវតាមដាន វិភាគ វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលវេលា តាមបែបបុរេសកម្ម ប្រើប្រាស់សំឡេងតែមួយ រួមគ្នាឆ្លើយតបជាប្រព័ន្ធតួអង្គតែមួយ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹងពីបច្ចេកវិទ្យាទំនើប និងជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។
សូមបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះក្រុមការងារនឹងបានយល់ដឹងច្បាស់អំពីវិធីសាស្ត្រការពារសុវត្ថិភាពគណនី នៅក្នុងបណ្តាញសង្គមផ្សេងៗ ដើម្បីបញ្ចៀសពីការលួចចូលមកកាន់កាប់ពីសំណាក់ក្រុមជនទុច្ចរិត ជាពិសេស បានដឹងកាន់តែច្បាស់នូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការងារឆ្លើយតប បន្សាប និងបំភ្លឺនូវការពិតជូនសាធារណជនបានលឿនរហ័ស និងមានប្រសិទ្ធភាព ក្រោមកិច្ចសហការ ចង្អុលបង្ហាញ និងការសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការងារព័ត៌មាន និងសាធារណមតិ៕

Comments

Related posts