កត្តា៧យ៉ាងបង្កហានិភ័យនាំឱ្យចំនួនជនមានពិការភាពកើនឡើង

 

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ១៤/០៣/២០២៤

IMG_0257

IMG_4145

IMG_4146-1

IMG_4150

IMG_4153

អ្នកជំនាញបានបង្ហាញថា
មានមូលហេតុ៧យ៉ាងបង្កហានិភ័យនាំឱ្យចំនួនជនមានពិការភាពកើនឡើង
ដែលក្នុងនោះរួមមាន៖ ជំងឺខ្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា ជាដើម។



  ផ្អែកតាមរបាយការណ៍ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបង្ហាញថា អត្រាជនមានពិការភាពនៅកម្ពុជា ដោយគិតត្រឹមអាយុ៥ឆ្នាំឡើងសរុប ៦៨៩,៤៥៧នាក់ ស្មើនឹង៤.៩% នៃប្រជាជនសរុប។ អត្រានេះមាន ការកើនឡើង បើប្រៀបធៀបទៅនឹងការអង្កេតសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ ដែលមានអត្រាជនមានពិការភាព ចំនួន៥២៤.០០០ នាក់ ស្មើ នឹង៤%។ បញ្ហានេះគឺជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដោះស្រាយជាបន្តបន្ទាប់ ក្នុងការធានាការរស់នៅរបស់ជនមានពិការភាព ប្រកបដោយបរិយាបន្ន ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ។
ប្រភពដដែលបានបន្តថា មូលហេតុចម្បងៗ ដែលនាំឱ្យជនមានពិការនៅកម្ពុជាមានការកើនឡើងគឺបណ្តាលមកពីជំងឺខ្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះ មហន្តរាយ ចាស់ជរា និងមូលហេតុផ្សេងៗទៀតជាដើម។ 
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤   របស់មូលនិធិជនពិការ នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី ១៤   ខែ មីនា   ឆ្នាំ២០២៤  ឯកឧត្តម  ប្រាក់ សុខយូ    រដ្ឋលេខាធិការប្រចាំការ  ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនមានពិការភាព ជាក់ស្តែងកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់វិស័យពិការភាព ជាការងារអាទិភាព ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិជនមានពិការភាព និងលិខិតូបករណ៍អន្តរជាតិផ្សេងៗ បានកសាង និងដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ  និងលិខិតបទដ្ឋានគតិយុត្តជាតិ  ដើម្បីពង្រឹងការផ្តល់សេវាផ្សេងៗជូនដល់ជនមានពិការភាព ដូចមានចែងក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ សំដៅកែលម្អគុណភាពជីវិត ជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជនមានពិការភាព តាមរយៈការលើកកម្ពស់ការងារ និងការផ្តល់មុខរបរសមរម្យ។
  ក្នុងបរិការណ៍ ដែលកម្ពុជាកំពុងទទួលផលសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស សេដ្ឋកិច្ចកម្ពុជាត្រូវបានងើប និងត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩បានថមថយ។ ទន្ទឹមនឹងសមិទ្ធផលដូចបានជម្រាបជូនខាងលើ  កម្ពុជាក៏ទទួលរងនូវបញ្ហាប្រឈមមួយចំនួនទៀត ដូចជាប្រទេសដ៏ទៃទៀតក្នុងពិភពលោកផងដែរ ដែលកំពុងត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ ពីកត្តាខាងក្រៅរួមមាន៖ ការប្រែប្រួលអាកាស់ធាតុ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ បណ្តាលឱ្យមានសង្រ្គាមពាណិជ្ជកម្ម សម្ពាធអតិផរណា ការអូសបន្លាយនៃសង្គ្រាម    រុស្ស៊ី-អ៊ុយក្រែន និងបញ្ហាសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ ដែលជាវិបត្តិសកលលោក។ 
បញ្ហាទាំងនេះ នាំឱ្យរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងប៉ះទង្គិចដល់គន្លងនៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ឆ្ពោះទៅរកប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ។ 
   បើយោងតាមឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកនៃមូលនិធិជនពិការបានឱ្យដឹងថា មូលនិធិជនពិការ បានអនុវត្តសូចនាករមួយចំនួន សម្រេចបានលើសផែនការ ដែលបានគ្រោងទុក និងសូចនាករមួយចំនួនទៀត អនុវត្តមិនទាន់បានសម្រេចទៅតាមផែនការ១០០% នៅឡើយ។ ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក៏យើងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ បើប្រៀបធៀបទៅនឹង លទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ។
សូមបញ្ជាក់ថា ដើម្បីដោះស្រាយនូវបញ្ហានេះ កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភរបបគោលនយោបាយ ការផ្តល់ផ្ទះ និងផ្តល់កញ្ចប់អំណោយផ្សេងៗទៀត តាមរយៈមូលនិធិជនពិការ  និងឧបត្ថម្ភសាច់ប្រាក់តាមរយៈមូលនិធិជាតិជំនួយសង្គម ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ក្រៅពីនេះ សប្បុរសជន និងសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក៏បានរួមចំណែកទាំងធនធានថវិកា និងធនធានមនុស្ស ដើម្បីសម្រេចបាននូវ ឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជាផងដែរ៕

Comments

Related posts