បេសកកម្មទាក់ទាញនិងគោះទ្វារ វិនិយោគិនទៅកាន់តំបន់អាហ្វ្រិកខាងត្បូងនាឆ្នាំនេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ជំរុញវិនិយោគជាប្រវត្តិសាស្ត្ររបស់កម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៥ ៣ ២០២៤

IMG_4240

IMG_4245

IMG_4243-1

IMG_4244

ភ្នំពេញ ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញជំនឿចិត្តថា បេសកកម្មទាក់ទាញនិងគោះទ្វារវិនិយោគិនទៅកាន់តំបន់អាហ្វ្រិកខាងត្បូងនាឆ្នាំនេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ជំរុញវិនិយោគជាប្រវត្តិសាស្ត្ររបស់កម្ពុជា។
ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារទទួលជួប ពិភាក្សាការងារជាមួយ ឯកឧត្តម Darkey Africa ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាហ្វ្រិកខាងត្បូងដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក អមដោយ លោកស្រី Thobeka Dlamini ទីប្រឹក្សាទទួលបន្ទុកកិច្ចការនយោ បាយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គោលបំណងនៃជំនួបនេះដើម្បីពិភាក្សាអំពីគម្រោងរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង។ 
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកពិភាក្សាការងារជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីចាប់ផ្តើមគូសវាសនូវឯកសារទស្សនទានសំដៅរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគិនមកពីប្រទេសអាហ្វ្រិកខាងត្បូងឱ្យមកស្វែងរកកាលានុវត្តភាពវិនិ យោគនៅកម្ពុជាលើវិស័យ និងសកម្មភាពវិនិយោគដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍វិស័យកសិ-ចំណីអាហារ, ឧស្សាហកម្ម, ឡូជីស្ទីក, យានយន្ត និងអេឡិចត្រូនិក។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តថា បេសកកម្មទាក់ទាញនិងគោះទ្វារវិនិយោគិនទៅកាន់តំបន់អាហ្វ្រិកខាងត្បូងនាឆ្នាំនេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ជំរុញវិនិយោគជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាថ្នាលទាក់ម៉ូយបន្ថែមឱ្យមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងបណ្តាក់ ទុនវិនិយោគនៅតាមបណ្តារាជធានី ខេត្តដែលជារបៀងសេដ្ឋកិច្ចជាតិ, អនុតំបន់ និងតំបន់។
ជាការឆ្លើយតបសមភាគីបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងលើសំណើរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានប្តេជ្ញាជំរុញស្មារតីនៃកិច្ចពិភាក្សានេះឱ្យក្លាយទៅជាសកម្មភាពពិតប្រាកដ ដើម្បីឆ្លុះបញ្ចាំងនូវផ្លែផ្កានៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពជាក់ស្តែងនិយម រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអាហ្វ្រិកខាងត្បូង៕

Comments

Related posts