គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សាងសង់តួស្ពានសម្រេចបាន ៤៥% និងសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ១៥%ហើយ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៥ ៣ ២០២៤

IMG_4247

IMG_4248

IMG_4249

IMG_4254

IMG_4250

IMG_4253

ភ្នំពេញ ៖ គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ កំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ដោយការសាងសង់តួស្ពានសម្រេចបាន ៤៥% និងការសាង សង់ផ្លូវតភ្ជាប់សម្រេចបាន ១៥%ហើយ ដែលនឹងឈានទៅសម្រេចបានតាមផែនការដែលបានគ្រោងទុក។
ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដែលមាន ការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។
នៅក្នុងដំណើរចុះពិនិត្យនាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំទៅកាន់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តសាងសង់ (Construction Method Statement) ពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន និងត្រូវបំពាក់អំពូលបំភ្លឺពេលយប់ នៅគ្រប់សសរស្ពានផងដែរ។ 
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការនាយកគម្រោង ក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារឱ្យបានច្បាស់លាស់ ពីព្រោះជារដូវប្រាំង ដែលជាពេលវេលាល្អសម្រាប់ការធ្វើស្រទាប់គ្រឹះផ្លូវ ហើយរាល់ដំណាក់កាលការងារនីមួយៗ ត្រូវធ្វើតេស្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់។
រហូតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបាន ៤៥% គ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ខណៈ ដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ១៥%ហើយ។ ជារួម វឌ្ឍនភាពគម្រោងជារូបវ័ន្តទាំងមូល គឺសម្រេចបានប្រមាណជិត ៣០ %។ តួលេខខាងលើបានបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។
គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B។
សម្រាប់ស្ពានឆ្លងទន្លេមេគង្គមានប្រវែង ១៧៦១ម៉ែត្រ និងមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។
គម្រោងនេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕

Comments

Related posts