លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា និងពិធីប្រកាសគម្រោងថ្មី

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

នារសៀលថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ និងមូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) និងពិធីប្រកាសគម្រោងថ្មី "EU Global Access and Trade Expertise (GATE)" ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប។

ឆ្លៀតនាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈទានមួយចំនួនទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការចូលរួមរបស់កម្ពុជាក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មទៅក្នុងតំបន់ និងពិភពលោក ដោយបានសង្កត់ធ្ងន់លើ ១) សមត្ថភាពក្នុងការផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យពាណិជ្ជកម្ម ២) សមត្ថភាពក្នុងការអនុវត្ត និងទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងប្រកបដោយប្រសិទ្ធភាព និង ៣) ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC graduation) ។

លោកជំទាវរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ពីតួនាទីដ៏មានសារៈសំខាន់របស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ (តាមរយៈ GIZ) ដែលបានរួមចំណែកដល់ការបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន និងវឌ្ឍនភាព។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា ចំពោះការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក ដែលនឹងជំរុញឱ្យមានសន្ទុះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផងដែរ។

លោកជំទាវរដ្ឋមន្ត្រី បន្តថា ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បេសកកម្មដ៏សំខាន់របស់កម្ពុជា គឺសម្រេចឱ្យបាននូវការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់ ឱ្យស្របតាមរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។

លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងជំរុញឱ្យដៃគូសំខាន់ៗ និងភាពីពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងដំណាក់កាលចាប់ផ្តើមនៃគម្រោង EU GATE ដើម្បីផ្តល់ជាធាតុចូលដែលជាតម្រូវការជាក់ស្តែងក្នុងការអនុវត្តគម្រោងនេះ។ លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថា កិច្ចសហការនេះនឹងត្រួសត្រាយសម្រាប់លើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងនិរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា ដោយធានានូវការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ដោះស្រាយនូវបញ្ហាប្រឈម និងឱកាស ក្រោយការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងការឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០៕ photo_2024-03-15_16-51-47-1

photo_2024-03-15_16-51-50-1

 

photo_2024-03-15_16-52-01photo_2024-03-15_16-52-04photo_2024-03-15_16-52-08photo_2024-03-15_16-52-11

 

photo_2024-03-15_16-52-14

 

Comments

Related posts