មន្រ្តីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនពិធីបុណ្យទន្លេជុំទី៨ ទទួលបានការចាប់អារម្មណ៍គាំទ្រពីថ្នាក់ដឹកនាំ និងយុវជន យុវនារី

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

សៀមរាប៖ អរគុណសន្តិភាពប្រជាពលរដ្ឋពិតជាបានសប្បាយរីករាយចូលរួមបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប ឆ្លៀតឱកាសនេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) ក្រុមហ៊ុនទេសចរណ៍ធូរវែលដ៏ត្រាវែល ក្រុមហ៊ុនទេសចរណ៍វែលដ៏ផបនិង ក្រុមហ៊ុនទេសចរណ៍ឆាយភលបានបន្តរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនលើកកម្ពស់ចំណេះដឹង និងចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

ការធ្វើផ្សពព្វផ្សាយនៅធ្វើឡើងតាមរយៈការតាំងពិព៌រណ៍ រូបភាពសកម្មភាពថ្នាក់ដឹកនាំ រូបភាពផលវិបាក នៃគ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ច្បាប់ និងវត្ថុអនុស្សារីយ៍ផ្សេងៗមាន៖ មួក ប្រតិទិន  ឆ័ត្រ ផ្លិត កែវ កាបូប ចែកជូន និងបន្តផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ សំដៅចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត " សំអាតចកពីបឹង " ដោះស្រាយកង្វល់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។ 

លោក  ឡោ សុវិជ្ជា អគ្គនាយករង ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ គឺរាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ តែងតែទទួលបានការគាំទ្រចូលរួមទស្សនា សិក្សាស្វែងយល់ពីបញ្ហាគ្រឿងញៀនច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងបន្ថែមកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។ 

ថ្លែងក្នុងនាមជាដៃគូ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានថ្លែងថា  ការចូលរួមរបស់វិស័យឯកជនជួយសង្គមពិសេសការចូលរួមជួយដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការសំខាន់ចាំបាច់ណាស់ ព្រោះថាបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយជាដើមចមនាំឱ្យសហគមន៍គ្មានសុវត្ថិភាព មិនអាចអភិវឌ្ឍបានទេ ហើយគួររួមគ្នាជួយឧបត្ថម្ភបន្តទៀត។ 

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក  លឹម  តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែង ថា បុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ  «ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ » នៅខេត្តសៀមរាបដែលបានបើកជាផ្លូវការនារសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤ មានថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងសាធារណជនបានចូលរួមយ៉ាងច្រើនកុះករពិសេសក្រុមយុវជន យុវនារី បានចូលទស្សនាសិក្សាស្វែងយល់ ឆ្លើយសំណួរ សួរសំណួរ និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់ "សមាជិកផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន សហគមន៍នឹងគ្មានគ្រឿងញៀន "។ 

ឧត្តមសេនីយ៍ឯក  លឹម  តុងហួត បានបន្ត ថា សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួង  ស្ថាប័ន  ខេត្ត បានចូលមកទស្សនានូវស្តង់តាំងពិព័រណ៍នេះ  ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតស្របទៅនឹងតាមឆន្ទៈមុះមុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់នីតិកាលទី៧ ដែលបានសំណូមពរឱ្យគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និង បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចាត់ទុកបញ្ហាគ្រឿងញៀនគឺជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា ។ ចាប់ផ្តើមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ន ទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស រហូតដល់សមាជិកគ្រួសារ ធ្វើការអប់រំក្រើន រំលឹកពីផលប៉ះពាល់វិនាសកម្មនៃគ្រឿងញៀន និងមានវិធានម៉ឺងម៉ាត់ និងតឹងរឹងបំផុត ចំពោះការប្រើប្រាស់គ្រឿងញៀន ត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន ។ 

ជាមួយគ្នានេះឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន ថ្លែងអំណរគុណក្រសួងទេសចរណ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាដៃគូយ៉ាងជិតស្និទ្ធ និងក្រុមហ៊ុនទេសចរណ៍ធូរវែលដ៏ត្រាវែល ក្រុមហ៊ុនទេសចរណ៍វែលដ៏ផបនិង ក្រុមហ៊ុនទេសចរណ៍ឆាយភលដែលចូលរួមជួយឧបត្ថម្ភដល់ការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ ដែលជាការងារពហុវិស័យ ត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដើម្បីអនាគតកូនចៅយើង៕

photo_2024-03-16_22-38-54

photo_2024-03-16_22-39-01

photo_2024-03-16_22-39-11photo_2024-03-16_22-39-14

photo_2024-03-16_22-39-17

photo_2024-03-16_22-39-21photo_2024-03-16_22-39-25photo_2024-03-16_22-39-38

photo_2024-03-16_22-43-57photo_2024-03-16_22-44-00

photo_2024-03-16_22-39-56

Comments

Related posts