អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ព្យាយាមជំរុញការហោះហើរក្នុងស្រុក និងក្រៅស្រុក

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៨ ០៣ ២០២៤

a22-12

a18-20

a19-14

a20-13

a21-13

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បាននិងកំពុងព្យាយាមធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន អាកាសចរណ៍ ក្នុងស្រុក និងក្រៅស្រុក ដើម្បីភ្ជាប់ការហោះហើរដោយត្រង់ បន្ទាប់ពីព្រលានយន្តហោះថ្មី នេះ ត្រូវបានសាងសង់នៅកន្លែងថ្មី លំដាប់ថ្នាក់4E ដែលអាចឱ្យយន្តហោះដឹកអ្នកដំណើរធុនមធ្យម ប្រភេទប៊ូអ៊ីង៧៣៧ និងអ៊ែរប៊ឺសA៣២០ ចុះចតបាន ជាមួយក្តីរំពឹងទទួលអ្នកដំណើរឆ្លងកាត់ពី៧ ទៅ១០លាននាក់ ក្នុង១ឆ្នាំ។
លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិមួយនេះ បាននិងកំពុងទាក់ទងទៅកាន់ ក្រុមហ៊ុន អាកាសចរណ៍ថ្មីៗ ដើម្បីពង្រីកការហោះហើរ ប្រកបដោយការប្រកួតប្រជែងទាំងច្រវាក់តម្លៃ។
ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ក្នុងខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ លោក ពេជ្រ សុប៉ុនតារា បានបញ្ជាក់ថា «យើងកំពុងព្យាយាមធ្វើទំនាក់ទំនង បន្ថែមទៀត ជាមួយក្រុមហ៊ុនទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃនៃជើងហោះហើរនីមួយៗ អាចទទួល យកបានពីអ្នកដំណើរ ព្រោះថា តម្លៃនៃជើងហោះហើរ គឺក្រុមហ៊ុនទេសចរណ៍ ជាអ្នកកំណត់តម្លៃ។
បុគ្គលិកនៃព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គររូបនេះ បានបន្តថា បច្ចុប្បន្ន មានជើងហោះហើរ ទាំងទៅ ទាំងមក ចំនួន៥០ជើង ទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន លើកលែងតែប្រទេសប្រ៊ុយណេ ភូមា ឥណ្ឌូនេស៊ី និងហ្វីលីពីន ហើយក្រៅពីប្រទេសអាស៊ាន ក៏មានប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ។ ក្នុងមួយថ្ងៃមានអ្នកដំណើរ(ទាំងភ្ញៀវជាតិ និងអន្តជាតិ) ឆ្លងកាត់ប្រមាណ៥ពាន់នាក់។ ចំនួននេះ មានការ កើនឡើង៥ភាគរយ បើធៀបនឹងព្រលានយន្តហោះចាស់។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់រួចរាល់ ក្នុងជំហានទី១ ក្រោមទុនវិនិយោគ ជាង១ពាន់លានដុល្លារអាមេរិក ដោយអាចឱ្យយន្តហោះដឹកអ្នកដំណើរធុនមធ្យមប្រភេទប៊ូអ៊ីង៧៣៧ និងអ៊ែរប៊ឺសA៣២០ចុះចតបាន ជាមួយក្តីរំពឹងទទួលអ្នកដំណើរឆ្លងកាត់ពី៧ទៅ១០លាននាក់ ក្នុង១ឆ្នាំ ហើយត្រូវរាជរដ្ឋាភិបាល រំពឹងថា នឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ មកទស្សនា ខេត្តសៀមរាប ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ ការសាងសាង់មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ចំណត។
អាកាសយានដ្ឋានអន្តរជាតិនេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមការវិនិយោគលក្ខណៈសាងសង់ ដំណើរការ និងផ្ទេរមកវិញ(BOT) ក្នុងរយៈពេល៥៥ឆ្នាំ។ អាកាសយានដ្ឋានថ្មីនេះ មានចម្ងាយពីប្រាសាទអង្គរវត្ត៤០គីទ្បូម៉ែត្រ និង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប៕

Comments

Related posts