រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការធ្វើតេស្តទឹកម៉ូតរកសារធាតុញៀន ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តព្រះវិហារ

a2-235

a-210

a1-233

a3-242

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានរៀបចំបើកយុទ្ធនាការធ្វើតេស្តទឹកម៉ូតរកសារធាតុញៀនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃសាលា ខេត្តព្រះវិហារ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តជាន់ទី៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាជាច្រើនរូប។

ការធ្វើតេស្តរកសារធាតុញៀននេះ ដោយអនុវត្តតាមបទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿង ញៀនខុសច្បាប់។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានឱ្យដឹងថាការធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាពេលនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការ អនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់ រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័ន មន្ទីរ អង្គភាព ជុំវិញខេត្ត។  ឯកឧត្តមក៏បានណែនាំដល់មន្ត្រីទាំងអស់សូមកុំពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ព្រោះច្បាប់គ្មានការយោគយល់ ឬលើកលែងឡើយ។

សូមបញ្ជាក់ផងដែរថា ការធ្វើតេស្តទឹកម៉ូតដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា សាលាខេត្ត សរុបចំនួន ១២៥នាក់ ជាលទ្ធផលអវិជ្ជមានទាំង១២៥នាក់៕

Comments

Related posts