អនុប្រធានរដ្ឋសភា គាំទ្រការជំរុញសកម្មភាពវិនិយោគ និងពាណិជ្ជ កម្មទ្វេភាគីជាមួយថៃបន្ថែមទៀត

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៨ ០៣ ២០២៤

a6-220

a5-231

a8-206

a7-220

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យមានការជំរុញសកម្មភាពពាណិជ្ជកម្មទ្វេភាគី ព្រមទាំងការវិនិយោគបន្ថែមពីប្រទេសថៃ ដើម្បីជាជំហរក្នុងការពង្រីកទំហំពាណិជ្ជកម្មឱ្យមានសន្ទស្សន៍កាន់តែរឹងមាំ។
ជំហរគាំទ្រនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤  នាឱកាសទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ និងគណៈប្រតិភូ នៅវិមានរដ្ឋសភា។
ឯកឧត្តម ជាម យៀប ចាត់ទុកជំនួបនាពេលនេះ គឺនឹងជំរុញទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ឱ្យកាន់តែស៊ីជម្រៅ ស្អិតល្មួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិ បត្តិការរវាងសមាជិកសភានៃគណបក្សទាំងពីរ  ដើម្បីការពារ និងបង្កើនផលប្រយោជន៍សម្រាប់ប្រជាជននៃទាំងពីរប្រទេស។ ឯកឧត្តម បានគាំទ្រយ៉ាងពេញ ទំហឹង ចំពោះការផ្លាស់ប្តូរទស្សន កិច្ចរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានលើក កម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយនេះជាសក្ខីភាពបង្ហាញពីការរីកលូតលាស់នៃភាពសម្បូរបែបនៅក្នុងទំនាក់ទំនងទ្វេភាគី និងបន្តការរីកចម្រើនរួមក្នុងយុគសម័យថ្មី។ ឯកឧត្តមប្រធានរដ្ឋសភាស្ដីទី ស្នើឱ្យប្រទេសទាំងពីរ គួរបង្កឱ្យមានលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយធ្វើយ៉ាងណាឱ្យសន្ទុះនៃវិស័យទេសចរណ៍កើនឡើងទ្វេដង ដើម្បីជាផលប្រយោជន៍រួម។
លោកជំទាវ ប្រធានគណបក្សភឿថៃ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងថា ត្រូវធ្វើឱ្យទំនាក់ទំនងដ៏ល្អនេះមានជាបន្តយូរអង្វែងទៅមុខទៀត។   លោកជំទាវ ក៏បានថ្លែងគាំទ្រប្រសាសន៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលលើកឡើងអំពីការលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ  ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយផងដែរ៕

Comments

Related posts