បទយកការណ៍៖ ប.ស.ស បានពង្រីកវិសាលភាពទៅដល់អ្នក នៅក្នុងបន្ទុករបស់សមាជិក

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ដោយលោកស្រី សន សាវិន 
លោកអ្នកនាងស្ដាប់ជាទីមេត្រី !
រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឱ្យអនុវត្តបេឡាជាតិរបបសន្តិសុខសង្គមហៅថា ប.ស.ស ជាតំណាក់កាលៗទៅតាមការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងនោះដែរ ប.ស.ស បានអនុវត្តន៍របបសន្តិសុខសង្គមចំនួន៣ផ្នែកហើយក្នុងចំណោម៤ ដែលមាននៅក្នុងច្បាប់ និងគោលនយោបាយជាតិ។ ការវិវឌ្ឍន៍ថ្មីនេះ គឺរាជរដ្ឋាភិបាលអាណត្តទី៧ ក៏បានដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត របស់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ។
តើនរណាខ្លះត្រូវបានចាត់ទុកជាអ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ? ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងនិងប្រិយមិត្តតាមដានស្ដាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាដូចតទៅ៖
របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តគឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្ដីឬប្រពន្ធនិងកូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗសំដៅ រក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារនិងបង្កើនផលិតភាពការងារ។បច្ចុប្បន្នរបបសន្តិសុខសង្គមបានពង្រីកវិសាលភាពរបស់ខ្លួន ទៅដល់អ្នកនៅក្នុងបន្ទុក របស់សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ ជីវិតយើងសង្គមថា៖សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈអាចយកអ្នកនៅក្នុងបន្ទុក មានដូចជាកូន ប្រពន្ធ ប្ដី មកបញ្ចូលជាសមាជិក ដើម្បីទទួលបាននូវអត្ថប្រយោជន៍ក្នុងការថែទាំសុខភាព ដោយគ្រាន់តែបំពេញតាមលក្ខខណ្ឌដូចជា៖
សំឡេងទី១«សម្រាប់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស គឺមានប្ដី ឬក៏ប្រពន្ធ គាត់អាចយកអត្តសញ្ញាណ    បណ្ណខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ មួយទៀតសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍។ ទាក់ទងជាមួយកូននៅក្នុងបន្ទប់ គឺត្រូវការអត្តសញ្ញាណបណ្ណដូចគ្នា សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ព្រោះថាបច្ចុប្បន្នតាមច្បាប់របស់កម្ពុជា ក្មេងមានអាយុ១៥ឆ្នាំ គឺអាចធ្វើអត្តសញ្ញាណបណ្ណខ្មែរបាន ប៉ុន្តែគាត់មិនទាន់មានការងារធ្វើ គឺអាចចុះឈ្មោះនៅក្នុងបន្ទុកឪពុកម្ដាយ ។ រីឯ កូនក្មេងមិនទាន់គ្រប់អាយុ គឺត្រូវមានសេចក្ដីចម្លងសំបុត្រកំណើតដូចគ្នា ប្រសិនបើគ្រប់លក្ខខណ្ឌហើយ កូនទាំងប៉ុន្មានដែលនៅក្នុងបន្ទុក គឺពួកគាត់ត្រូវចុះបញ្ជីជាមួយ ប.ស.ស  ដោយបង់ វិភាគទានក្នុង១នាក់ចំនួន១៥៦០០៛ក្នុងមួយខែ»។
ដើម្បីចុះឈ្មោះអ្នកនៅក្នុងបន្ទុក របស់សមាជិក ប.ស.ស គឺតម្រូវឱ្យពួកគាត់អញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធបានបន្ថែមដូច្នេះថា៖
សំឡេងទី២«ពេលដែលគាត់មកចុះបញ្ជីដំបូង គឺពួកគាត់ត្រូវមកកាន់ ប.ស.ស ផ្ទាល់ គឺយកទាំងក្មេងៗមក ប.ស.ស ដើម្បីយើងកំណត់អត្តសញ្ញាណរបស់គាត់ ថាពិតជាកូនរបស់សមាជិក ប.ស.ស ពិតប្រាកដមែន  មុននឹងយើងចាប់ផ្ដើមចុះឈ្មោះរបស់គាត់គឺក្រុមការងារ របស់ ប.ស.ស ត្រូវការពន្យល់គាត់សិន។ ពន្យល់ពីនីតិវិធីនៃការចុះបញ្ជីមានអ្វីខ្លះ  ហើយអត្ថប្រយោជន៍វិញ គាត់ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? ទី២ ក្រោយពីគាត់បានចុះឈ្មោះរួចរាល់  គាត់អាចបង់ភាគទាន គឺគាត់បង់តាមរយៈធនាគារ ដែលបានសហការជាមួយបេឡាជាតិរបប សន្តិសុខសង្គម មានដូចជា ធនាគារកាណាឌីយា អេស៊ីលីដា ABA និង FTB »។photo_2024-03-18_10-29-53


ក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៅទីស្នាក់ការកណ្ដាលសហព័ន្ធសហជីពកម្ពុជា-អាស៊ាន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានឱ្យដឹងថា៖ ការដែលមានបណ្ណ ប.ស.ស. គឺមានសារៈសំខាន់ណាស់សម្រាប់ខ្លួនឯង និងគ្រួសារ ពិសេសអាចធានានូវការចំណាយថវិកាផ្ទាល់ខ្លួននៅពេលមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ ព្រមទាំងជាការរួមចំណែកធានានូវនិរន្ដរភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត  និងដើម្បីសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ លោកបានបញ្ជាក់ថា៖ មន្រ្តីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលកំពុងបម្រើការងារ សូមនាំភរិយានិងកូនក្នុងបន្ទុកទៅចុះឈ្មោះធ្វើបណ្ណប.ស.ស ថែទាំសុខភាពឱ្យបានគ្រប់ៗគ្នាដោយ មិនមានបង់ប្រាក់ទេ ព្រោះវាជាបន្ទុករបស់រាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះថែមទាំងទទួលបាននូវសេវាថែទាំដោយយកចិត្តទុកដាក់ផងដែរ។
សំឡេងទី៣«ដល់កូនមន្ត្រីរាជការ១,៤% នៃប្រាក់ចំណូល៨៧ ម៉ឺន បើបូកទៅ១ខែចេញ១២០០០៛ ចឹងលុយនេះរដ្ឋាភិបាលបង់ឱ្យដដែល។មន្ត្រីរាជការនាំកូនចុះកាន់តែលឿន ប.ស.ស រៀបចំបញ្ជីទារពីរាជរដ្ឋាភិបាល កាន់តែបានលឿន  តែរាជរដ្ឋាភិបាលជឿជាក់លើក្រសួងការងារ  គឺឱ្យនៅតែបន្តនិរន្តរភាព ទោះបីយើងចេញលទ្ធផលដក ក៏ដោយ រាល់កាតព្វកិច្ចរបស់ ប.ស.ស ដែលជាសេនាធិការឱ្យក្រសួងការងារគឺនៅតែអនុវត្តដដែល»។


លោក សុខ បូរ៉ាបានលើកឡើងទៀតថា៖ ចំពោះមន្ត្រីសាធារណៈពេលដែលចូលប្រើសេវា ប.ស.ស ត្រូវភ្ជាប់ជាមួយបណ្ណ ប.ស.ស និងអត្តសញ្ញាណបណ្ណច្បាប់ដើមដែលមានសុពលភាព ។
សំឡេងទី៤«សម្រាប់សហព័ទ្ធប្ដីឬ ប្រពន្ធ មន្ត្រីរាជការនិងកូននៅក្នុងបន្ទុក មិនចាំបាច់បង្ហាញ អត្តសញ្ញាណបណ្ណទេ គឺបង្ហាញតែបណ្ណ ប.ស.ស គឺអាចប្រើបានព្រោះដោយសារបណ្ណហ្នឹងមានរូបថតនៅជាមួយ។ សម្រាប់កន្លែងធ្វើបណ្ណ ប.ស.ស គឺរៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ក្នុងករណី ដែលលោកអ្នកមានកូនអាយុ១៥ឆ្នាំមិនទាន់មានអត្តសញ្ញាណបណ្ណ អាចយកកូនទៅធ្វើប.ស.ស ហើយ អាចធ្វើអត្តសញ្ញាណបណ្ណនៅទីនោះតែម្ដង មានសេវាធ្វើអត្តសញ្ញាណបណ្ណFreeមួយទៀត។
លោក សុខ បូរ៉ាបានសង្កត់ធ្ងន់ថា៖ សមាជិក ប.ស.ស ទាំងអស់មិនថាមន្ត្រីរាជការ កម្មករនិយោជិក និងបុគ្គលិកស្វ័យនិយោជន៍ ព្រមទាំងអ្នកនៅក្នុងបន្ទុករបស់សមាជិកប.ស.ស គឺទទួលបានសេវាព្យាបាលស្មើៗគ្នា នៅក្នុងមន្ទីរពេទ្យ។
សំឡេងទី៥«នៅក្នុងរបបថែទាំសុខភាព គឺយើងសំដៅទៅលើការពារជំងឺ និងគ្រោះថ្នាក់ផ្ទាល់ខ្លួន ២៤ម៉ោងលើ២៤ម៉ោង។  ការព្យាបាលនៅក្នុងមន្ទីរពេទ្យ ទាំងមន្ត្រីរាជការ ទាំងកូន ប្រពន្ធ និវត្តន៍ជន បងប្អូនកម្មករនិយោជិតឱ្យតែអ្នកមានបណ្ណសមាជិកប្រើប្រាស់បណ្ណសមាជិក ប.ស.ស ចូលទៅក្នុងមន្ទីរពេទ្យស្មើគ្នាទាំងអស់ ហើយអត់មានសួរតំណែងមុខងារ ឬប្រាក់ខែទេ  គឺកញ្ចប់ហ្នឹងអត់មានបែងចែកឋានៈទាប ឋានៈខ្ពស់ទេ»។

photo_2024-03-18_10-31-03
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍របបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាពក្នុងកិច្ចគាំពារ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនដល់សមាជិកកាន់តែល្អប្រសើរឡើង។ ដូច្នេះហើយសូមលើកទឹកចិត្តមន្រ្ដីរាជការក្រសួងព័ត៌មាន សូមនាំក្រុមគ្រួសារ ដូចជា ប្រពន្ធឬប្ដី កូន ក្នុងបន្ទុកទៅធ្វើបណ្ណ ប.ស.ស ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាថែទាំជំងឺ និងអត្ថប្រយោជន៍ផ្សេងទៀតជាច្រើន ដែលអាចជួយ សម្រាល បន្ទុកចំណាយបានច្រើន ពិសេសពេលសម្រាលកូនមិនអស់ថ្លៃសម្រាល ហើយថែមទាំងបានប្រាក់ឧបត្ថម្ភពីបេឡាជាតិសន្តិសុខសង្គមទៀតផង ។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ពង្រីកវិសាលភាពកិច្ចគាំពារជូនប្រជាពលរដ្ឋនិងមន្រ្តីរាជការ និង សូមអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកគ្រូអ្នកគ្រូពេទ្យ ដែលបានផ្ដល់សេវាបានយ៉ាងល្អជូនប្រជាពលរដ្ឋ។
សំឡេង៦ "ហើយខ្ញុំសូមអរគុណចំពោះរាជរដ្ឋាភិបាល អរគុណចំពោះក្រសួងការងារ អរគុណចំពោះអគ្គនាយកដ្ឋានបេទ្បាជាតិសន្តិសុខសង្គមដែលបានបង្កភាពងាយស្រួល ហើយជំរុញឱ្យមានការធ្វើបណ្ណប.ស.ស ឱ្យបានគ្រប់គ្នា។ ហើយជាពិសេសមន្រ្តីរាជការរបស់ក្រសួងយើងក៏មានមន្រ្តីរាជការថ្មីដែរ។ ចឹងគឺសូមឱ្យអគ្គនាយកដ្ឋានរដ្ឋបាលធ្វើកិច្ចការងារនេះសម្របសម្រួលជាមួយនឹងខាងបេទ្បាជាតិសន្តិសុខសង្គមដើម្បីរៀបចំឱ្យពួកគាត់។ ហើយខ្ញុំសូមលើកទឹកចិត្តដល់គ្រួសារមន្ត្រីរាជការទាំងអស់នៅក្នុងក្រសួងព័ត៌មាននេះ សូមបំពេញបែបបទនីតិវិធី ហើយសាកសួរព័ត៌មានបន្ថែមផ្សព្វផ្សាយបន្តដល់មន្រ្តីរបស់យើង ដើម្បីឱ្យពួកគាត់បានយល់ជ្រួតជ្រាបនឹងចូលរួមសហការជាមួយនឹងបេទ្បាជាតិសន្តិសុខសង្គម ដើម្បីអនុវត្តន៍នូវគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនេះឱ្យបានជោគជ័យ"។ photo_2024-03-18_10-31-25
លោកអ្នកនាងជាទីមេត្រី !
ដើម្បីសម្រួលដល់សមាជិក ប.ស.ស ទាំងអស់ក្នុងការនាំសមាជិករបស់ខ្លួនទៅចុះបញ្ចីចូលជាសមាជិក ប.ស.ស បេឡាជាតិសន្តិសុខសង្គមគ្រប់សាខាទាំងអស់បើកបម្រើសេវាជូនចំនួន៧ថ្ងៃក្នុង១សប្ដាហ៍ ដោយចាប់ដំណើរការពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤តទៅ។
សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៅរៀងរាល់ខែក្នុងម្នាក់ ចំនួន ១៥.៦០០៛ ក្នុង១ខែ។ការចុះបញ្ជីសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ត្រូវមកកាន់ទីស្នាក់ការ ប.ស.ស ដែលនៅជិតដើម្បីធ្វើដោយផ្ទាល់និងអនុវត្តតាមនីតិវិធីដូចដែលបានកំណត់។សម្រាប់បុគ្គលស្វ័យនិយោជន៍ មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួនមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួលធ្វើការម្នាក់ឯងមិនមានប្រើប្រាស់បុគ្គលិកនិងមានអាយុមិនលើសពី៦០ ឆ្នាំគិតត្រឹមកាលបរិច្ឆេទចុះបញ្ជី មានអត្តសញ្ញាណបណ្ណច្បាប់ដើមដែលមានសុពលភាព។ចំពោះសហព័ន្ធប្ដីឬប្រពន្ធរបស់សមាជិកត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ឬសេចក្ដីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍។អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ។ កូនក្នុងបន្ទុកដែលមានអាយុក្រោម ១៨ ឆ្នាំព្រមទាំងពុំមានប្រកបមុខរបរឬការងារដែលមានប្រាក់ចំណូល លើកលែងតែកូនដែលមានពិការភាពឬមានជំងឺរ៉ាំរ៉ៃត្រូវភ្ជាប់ឯកសារដូចជាសេចក្ដីចម្លងសំបុត្រកំណើតឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតឬក៏អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ។ ចំពោះអ្នកនៅក្នុងបន្ទុកមានចំនួនចាប់ពី២នាក់ឡើងទៅ ត្រូវស្នើសុំចុះបញ្ជីទាំងអស់គ្នា ហើយការបង់វិភាគទានអាចបង់ប្រចាំខែ ឬក៏ប្រចាំឆ្នាំ ទៅតាមការស្នើសុំរបស់សាមីខ្លួន។ សម្រាប់ព័ត៌មានបន្ថែមក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋលោកមានចម្ងល់និងមានបញ្ហាផ្សេងៗពាក់ព័ន្ធទៅនឹងប្រធានបទ ខាងលើឬក៏មានបញ្ហាទាក់ទងទៅនឹងការផ្តល់សេវានានានោះ លោកអ្នកនាងអាចទូរសព្ទទំនាក់ទំនង មកកាន់លេខ១២៨៦នោះនឹងទទួលបានការឆ្លើយតបប្រកបដោយការពេញចិត្ត៕photo_2024-03-18_10-31-36photo_2024-03-18_10-31-37 (2)photo_2024-03-18_10-31-37 (3)photo_2024-03-18_10-31-37 (4)photo_2024-03-18_10-31-37photo_2024-03-18_10-31-38

Comments

Related posts