សេតវិមានបានប្រាប់អ៊ុយក្រែនថា មិនអាចនិយាយបានទេ ថាតើពេលណា ទើបកញ្ចប់ជំនួយយោធាថ្មីត្រូវបានអនុម័ត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a14-145

a13-153
 
អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនអាចព្យាករបាននោះទេថាតើនៅពេលណាទើបកញ្ចប់ជំនួយយោធាថ្មី ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នឹងត្រូវបានសភាអាមេរិកទាំង ២ អនុម័ត ខណៈលោកប្រធានាធិបតី ហ្សេលេនស្គី ទទូចសុំប្រព័ន្ធការពារដែនអាកាសលោកខាងលិចបន្ថែមបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរុស្ស៉ីមួយគ្រាប់សម្លាប់មនុស្ស ៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កងកម្លាំងអ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតទាំងកងទ័ព និងគ្រាប់រំសេវ ខណៈការអនុម័តកញ្ចប់ជំនួយយោធាថ្មីកំពុងជាប់គាំងនៅក្នុងរដ្ឋសភាអាមេរិក ជាទីដែលក្រុមអ្នកសាធារណរដ្ឋជិតដិតជាមួយលោក ដូណាល់ ត្រាំ បន្តប្រឆាំងជំទាស់នឹងការផ្ដល់ជំនួយយោធាថ្មីសម្រាប់ទីក្រុងកៀវ។ ជាការឆ្លើយតបទៅនឹងការជាប់គាំង ជំនួយយោធានេះដែរ អំឡុងបំពេញទស្សនកិច្ចក្នុងទីក្រុងកៀវ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានលើកឡើងថា "វាបានចំណាយពេលយូររួចទៅហើយ។ ខ្ញុំក៏ដឹង ហើយអ្នកក៏ដឹង។ ខ្ញុំនឹងមិនព្យាករនោះទេពីពេលវេលាពិតប្រាកដដែលជំនួយថ្មីនឹងត្រូវបានអនុម័ត ប៉ុន្តែយើងកំពុងប្រឹងប្រែងដើម្បីអាចឱ្យជំនួយនេះត្រូវបានអនុម័តឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន"៕

Comments

Related posts